ព័ត៍មានទាន់​ហេតុការណ៏
Search

សិស្ស​ដួល​សន្លប់​២៥​នាក់ នៅ​ស្រុក​សំពៅ​លូន ដោយសារ​កង្វះ​ជាតិ​ស្ករ

បាត់ដំបង ៖ យ៉ាងតិចណាស់​ក៏មាន​សិស្សសាលា​នៅក្នុង​វិទ្យាល័យ សំពៅ​លូន ចំនួន២៥​នាក់​​​ បាន​ដួលសន្លប់​ជា​បន្តបន្ទាប់ ដោយ​ដំបូង ​គឺ​នៅ​មិនទាន់​ដឹង​អំពី​មូលហេតុ​នៅឡើយ គឺ​គ្រាន់តែ​ចាត់​បញ្ជូន​យ៉ាង​បន្ទាន់​ទៅកាន់​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​បឋម។

ហេតុការណ៍ ​ដែល​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​នេះ បានកើត​ឡើង​កាលពី​ថ្ងៃ​ទី​២ ខែធ្នូ ឆ្នាំ​២០១៩ វេលា​ម៉ោង​៧ព្រឹក នៅ​ចំណុច​ក្នុង​បរិវេណ​វិទ្យាល័យ​សំពៅ​លូន ស្ថិត​ក្នុងភូមិ​ត្រពាំង​ព្រលឹត ឃុំ​សន្តិភាព ស្រុក សំពៅ​លូន ខេត្តបាត់ដំបង ក្រោយពី​មាន​សិស្សានុសិស្ស​ចំនួន២៥​នាក់ ក្នុងនោះ​ស្រី​២៤​នាក់ បាន​ដួល​សន្លប់​ជា​បន្តបន្ទាប់​នៅក្នុង​សាលា​រួចមក ដោយ​គេ​នៅ​មិនទាន់​ដឹង​អំពី​មូលហេតុ​នៅឡើយ។​

យោង​តាម​សភាព​ជាក់ស្តែង ដែល​លោកគ្រូ អ្នកគ្រូ​បា​ន​សង្កេត​ឃើញ​ គឺ ដំបូង​មាន​សិស្ស​ខ្លះ​ចាប់​ផ្តើម​មាន​អាការៈ​វិល​មុខ ថប់ៗ​ផ្លូវ​ដង្ហើម ហើយក៏​ចាប់ផ្ដើម​ទន់​ដៃ ទន់​ជើង ដួលសន្លប់​ជា​បន្តបន្ទាប់ តាម​គ្នា រហូត​មាន​ចំនួន​២៥​នាក់ ក្នុងនោះ មាន​ប្រុស​តែ​ម្នាក់​ប៉ុណ្ណោះ ទើប​នាយក​សាលា បាន​ចាត់​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យបង្អែក​ស្រុក​សំពៅ​លូន ដើម្បី​សង្គ្រោះ​បឋម​សិន។

ភ្លាមៗ​នោះដែរ ក្រោយពី​បាន​បញ្ជូន​ទៅដល់​មន្ទីរ​ពេទ្យ និង​ដោយមាន​ការយកចិត្តទុកដាក់​ពី​ក្រុម​គ្រូពេទ្យ​ផង​នោះ សិស្សស្រី​ចំនួន៤​នាក់ បាន​ធូរស្រាល ព្រមទាំង​បាន​វិលត្រឡប់​ទៅកាន់​លំនៅឋាន​វិញ ដោយឡែក​សិស្ស​ចំនួន២១នាក់​ទៀត កំពុង​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​នៅឡើយ ដោយសារ​តែ​អាការៈ​នៅ​មិនទាន់​ធូរស្រាល។

ជុំវិញ​បញ្ហា​ខាងលើនេះ នៅ​ល្ងាច​ថ្ងៃ​ដដែល យើង​បានទទួល​ព័ត៌មាន​មក​ថា គឺ​បណ្តាលមកពី​កង្វះ​ជាតិ​ស្ករ​ក្នុង​ខ្លួន គួបផ្សំ​នឹង​ការ​សម្រាក​បាន​តិច​ទៀត ​ទើប​ធ្វើឲ្យ​សិស្ស​មួយចំនួន​មាន​អាការៈ​បែបនេះ ម្យ៉ាងទៀត​សម្រាប់​សិស្ស​ដែលមាន​សុខភាព​ខ្សោយ គឺ​ច្រើនតែ​ទន់​ដៃ ជើង តាម​គ្នា នៅពេលដែល​ឃើញ​ហេតុការណ៍​បែបនេះ​កើតឡើង​នៅ​ចំពោះមុខ៕

អត្ថបទ ៖ សោ និយម​រ័ត្ន​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114