ព័ត៍មានទាន់​ហេតុការណ៏
Search

ទីតាំង​ផលិត​ស្ករត្នោត​ក្លែងក្លាយ​នៅ​ស្រុក​បាទី ​ត្រូវ​អាជ្ញាធរ​ចុះ​បង្ក្រាប​សាជាថ្មី ក្រោយ​មាន​ការ​បែក​ធ្លាយ

តាកែវ ៖ ទីតាំង​លួច​ផលិត​ស្ករត្នោត​ក្លែងក្លាយ​ចំនួន​០៤​ទីកន្លែង​ នៅ​ស្រុក​បាទី ត្រូវ​បាន​កម្លាំង​ចម្រុះ​ដែល​មាន​មន្ត្រី​កាំកុងត្រូល មន្ត្រី​ នៃ​មន្ទីរ​ឧស្សាហកម្ម​ និង​សិប្បកម្ម​ខេត្ត រួម​ជាមួយ​សមត្ថកិច្ច​ និង​អាជ្ញាធរ​ស្រុក​បាទី​ បាន​ធ្វើការ​ចុះ​បង្ក្រាប​សាជាថ្មី ក្រោយ​បែក​ធ្លាយ​ព័ត៌មាន និង​មានការ​រិះគន់​ចំៗ​ថា អាជ្ញាធរ​ពាក់ព័ន្ធ​បិទ​ភ្នែក​បើកដៃ​ឲ្យ​ឈ្មួញ​លួច​ផលិត បើ​ទោះបី​ជា​មាន​ការ​ហាម​ឃាត់​យ៉ាង​ដាច់ខាត​ពី​ថ្នាក់លើ​នា​ពេល​កន្លងមក​ក៏ដោយ។

ការ​ភ្ញាក់ខ្លួន​សាជាថ្មី​ ក្រោយ​បែកធ្លាយ​នូវ​ទីតាំង​ផលិត​ស្ករត្នោត​ក្លែងក្លាយ រហូត​ធ្វើ​ឲ្យ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ខេត្ត​តាកែវ ញាប់​ដៃ​ញាប់​ជើង សហការ​គ្នា​ចុះទៅ​បង្ក្រាប​ទីតាំង​០៤​កន្លែង ស្ថិត​ក្នុងភូមិ​ព្រៃខ្លា ឃុំ​កុមា​រាជា ស្រុក​បាទី ខេត្ត​តាកែវ ដើម្បី​ស្រាយ​មន្ទិល​ពី​មហាជន បិទបាំង​នូវ​ភាព​អសកម្ម​របស់​ខ្លួន​នា​ពេល​កន្លងមក។

ករណី​ស្ករត្នោត​ក្លែងក្លាយ​នេះ លោក ភួ​ន ឈី​ម អភិបាលស្រុក​បាទី បាន​និយាយ​លាងខ្លួន​ថា ការ​លួច​ផលិត​ស្ករត្នោត​ក្លែងក្លាយ​នេះ កន្លងមក​អាជ្ញាធរ​ស្រុក​បាទី បាន​កោះហៅ​ម្ចាស់​ទីតាំង​ផលិត​មក​អប់រំ ​និង​បាន​ចុះបង្ក្រាប​ជា​ច្រើនលើកច្រើនសា​មក​ហើយ ក៏ប៉ុន្តែ​បងប្អូន​ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​តែ​បន្ត​លួច​ផលិត បើទោះបីជា​ដឹងថា នេះ​ជា​ទង្វើ​ខុសច្បាប់​យ៉ាងណាក៏ដោយ ដោយ​ពួកគាត់​លើក​ឡើង​ថា គ្មាន​មុខរបរ​ធ្វើ​ក្រៅពី​របរ​នេះ​ទេ។

លោក​អភិបាលស្រុក​បាន​បន្ត​ថា ការ​យក​ស្ករ​ស​មក​កែច្នៃ​ជា​ស្ករត្នោត​ដាក់លក់​នៅលើ​ទីផ្សារ​នេះ​វា​ជា​ទង្វើ​ខុសច្បាប់ ដូច្នេះ​អាជ្ញាធរ​ស្រុក ​និង​អាជ្ញាធរ​ពាក់ព័ន្ធ​ នឹង​បន្ត​បង្ក្រាប ដោយ​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​កែច្នៃ​ដោយ​ខុសច្បាប់​នេះ​កើតឡើង​ទៀត​នោះ​ទេ ហើយ​អ្នក​ដែល​បន្ត​លួច​ផលិត បើ​អាជ្ញាធរ​ចាប់​ខ្លួន​បាន​ នឹង​ត្រូវ​បញ្ជូន​ទៅ​តុលាការ​​ចាត់ការ​ទៅតាម​ច្បាប់​ដោយ​គ្មាន​ការយោគយល់​ទៀត​ឡើយ​។

ដោយឡែក​ ប្រភពពី​មន្ត្រី​សាលាស្រុក​បាទី​បាន​បង្ហើប​ថា ការ​ចុះ​បង្ក្រាប​នេះ កម្លាំង​ចម្រុះ​ធ្វើ​តែមួយ​ឃុំ​ទេ គឺ​ឃុំ​កុមា​រាជា ចំណែក​ឃុំ​ដទៃ​ដែល​កំពុង​លួច​ផលិត​ គឺ​មិនបាន​ចុះ​បង្ក្រាប​ឡើយ ហើយ​ការ​ចុះ​បង្ក្រាប​នេះ​សោត គឺ​បានតែ​០៤​កន្លែង​ប៉ុណ្ណោះ នៅសល់​ជាង​៤០​កន្លែង​ទៀត​។​

​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៩ អាជ្ញាធរ​ពាក់ព័ន្ធ​បាន​ចុះបង្ក្រាប់​ទីតាំង​លួច​ផលិត​ស្ករត្នោត​ក្លែងក្លាយ​០៤​កន្លែង និង​បាន​រឹបអូស​វត្ថុតាង​មាន​ ៖ ម៉ូ​ទ័​រ​១១​គ្រឿង ស្ករត្នោត​កែច្នៃ​សម្រេច​១០៩​ធុងស្ពេត្រូ ខ្ទះ​កូរ​ស្ករ​២០ ជញ្ជីង​០៤ កាក​ស្ករ​១៣៧​បាវ រថយន្ត​សាំ​យ៉ុង​០២​គ្រឿង រថយន្ត​កូរ៉េ​០១​គ្រឿង​ និង​សម្ភារៈ​មួយចំនួនទៀត​ផង​ដែរ​៕


អត្ថបទ ៖ វីរៈ​​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114