BREAKING NEWS
Search

ចិញ្ចឹម​ត្រី​អណ្ដែង​​លក្ខណៈ​គ្រួសារ​បែប​ធម្មជាតិ តែ​២​កូន​ស្រះ​តូចៗ​ អាច​ផ្គត់ផ្គង់​ជីវភាព ស្ទើរ​មិន​គួរ​ឲ្យ​ជឿ ​

​កំពង់ឆ្នាំង ​៖ លោក ចក់ ធឿន អាយុ​៤៧​ឆ្នាំ ជា​កសិករ​រស់នៅ​ភូមិ​បឹង​លាជ ឃុំ​សេដ្ឋី ស្រុក​សាមគ្គី​មាន​ជ័យ កាលពី​រសៀល​ថ្ងៃទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០២០ នេះ ​បាន​និយាយ​ឲ្យ​អ្នកយកព័ត៌មាន​យើង​ដឹង​ថា​ ក្នុង​រយៈពេល​៤​ឆ្នាំ​កន្លងមកនេះ គាត់​បាន​ចាប់យក​មុខរបរ​ចិញ្ចឹម​ត្រី​អណ្ដែង​ជា​លក្ខណៈ​គ្រួសារ​ក្នុង​ស្រះ​ប្លាស្ទិក​តែ​២​កូន​ស្រះ​តូចៗ​តែប៉ុណ្ណោះ​ អាច​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​បាន​ពេញ​មួយ​ឆ្នាំ គួបផ្សំ​នឹង​ការ​ដាំដុះ​បន្លែ និង​ចិញ្ចឹម​មាន់​ក្នុង​លំនៅឋាន​ខ្លះៗ​ទៀត គឺ​គាត់​មិនបាច់​ទៅ​ទិញ​ត្រី​សាច់​នៅ​ទីផ្សារ​ឡើយ។

កសិករ​រូបនេះ ​បានបញ្ជាក់​ឲ្យ​ដឹង​ទៀតថា ជាក់ស្ដែង​គាត់​បាន​ចិញ្ចឹម​ត្រី​អណ្ដែង​ក្នុង​ស្រះ​ប្លាស្ទិក​ចំនួន​២​ស្រះ ដែល​ស្រះ​មួយៗ​មាន​ទំហំ​២០ ទៅ​៣០​ម៉ែត្រការ៉េ មាន​ជម្រៅ​១​ម៉ែត្រ និង​បាន​ទិញ​កូន​ត្រី​អណ្ដែង​ចំនួន​៥​ពាន់​កូន​ អស់​ប្រាក់​៤០​ម៉ឺន​រៀល ដោយ​បាន​ឲ្យ​ចំណី​ធម្មជាតិ មាន​បាយ​លាយ​ជាមួយ​កន្ទក់ និង​កាកសំណល់​ផ្ទះបាយ​ប្រចាំថ្ងៃ គិត​មកដល់ពេលនេះ​មាន​រយៈពេល​៣​ខែ​ហើយ គឺ​ ត្រី​ក្នុង​ស្រះ​គាត់​បាន​ធំធាត់ ដែល​ក្នុង​១​គីឡូ​មាន​ចំនួន​ពី​៥​ក្បាល ទៅ​៧​ក្បាល គឺ​អាច​ចាប់​ហូប​បាន​ហើយ។

មិនតែប៉ុណ្ណោះ ​ក៏​អាច​ចាប់​ត្រី​លក់ដូរ​ខ្លះៗ ឲ្យ​អ្នកស្រុក​ក្នុងភូមិ គឺ​បាន​ថ្លៃ​ក្នុង​១​គីឡូ ពី​៨​ពាន់ ទៅ​១​ម៉ឺន​រៀល​ផងដែរ និង​ក៏​អាច​យកប្រាក់​នោះ​ទៅ​ដោះដូរ​ទិញ​គ្រឿងផ្សំ​ផ្សេងៗ​បាន​ទៀត សម្រាប់​អាហារ​ប្រចាំថ្ងៃ។ ដោយឡែក​ការចិញ្ចឹម​ត្រី ទិញ​ចំណី​ការុង​នៅ​ទីផ្សារ​វិញ គឺ​ត្រី​ពិតជា​ឆាប់​ធំធាត់​ជាង​ការ​ឲ្យ​ចំណី​ធម្មជាតិ​ក៏ពិតមែន តែ​សាច់​ត្រី​នោះ​ផុយៗ​មិនសូវមាន​រសជាតិ​ទេ ចំពោះ​ការហូបចុក​វិញ​ ក៏​មិន​មាន​សុវត្ថិភាព​ដល់​សុខភាព ដូច​ត្រី​ឲ្យ​ចំណី​ធម្មជាតិ​នោះឡើយ។

លោក ចក់ ធឿន បានបញ្ជាក់​ឲ្យ​ដឹង​ទៀតថា បច្ចេកទេស​ធ្វើ​ស្រះ​កៅស៊ូ​ប្លាស្ទិក​នេះ គឺ​គាត់​បាន​ដាក់​ថង់កៅស៊ូ​ប្លា​ស្ទិ​ក​ជុំវិញ ដោយនៅ​ផ្នែក​ខាងលើ​មាត់​ស្រះ​ត្រូវ​គ្រប​ក្រណាត់​សើម​ពីលើ​កៅស៊ូ​ប្លា​ស្ទិ​ក​ដើម្បី​កុំ​ឲ្យ​កៅស៊ូ​ប្លា​ស្ទិ​ក​នោះ​ត្រូវ​ពន្លឺ​ថ្ងៃ​រាល់ វានឹង​ផុយស្រួយ​ឆាប់​ខូច ជាក់ស្តែង​ស្រះ​កៅស៊ូ​ប្លាស្ទិក​រប​ស់គាត់​នេះ​វិញ គឺមាន​អាយុ​៤​ឆ្នាំ​ហើយ កៅស៊ូ​ប្លា​ស្ទិ​ក​មិនទាន់​ពុកផុយ​ទេ។

លោក ចក់ ធឿន ក៏បាន​អំពាវនាវ​ផងដែរ​ដល់​ប្រជាកសិករ​យើង សូមកុំ​ទុក​ដី​ឲ្យ​នៅ​ទំនេរ ​សូម​សាកល្បង​ចិញ្ចឹម​ត្រី​អណ្តែង​ក្នុង​ស្រះ​ប្លាស្ទិក​ដូច​គាត់ ​ពិត​មិន​លំបាក​ឡើយ ដែល​អាច​ផ្គត់ផ្គង់​ជីវភាព​ប្រចាំ​ថ្ងៃ​បានល្អ​ផងដែរ ដោយ​មិនបាច់​ទិញ​ត្រី​សាច់​នៅ​ទីផ្សារ ជាពិសេស​ការ​បរិភោគ​ត្រី​ឲ្យ​ចំណី​ធម្មជាតិ និង​បន្លែ​សុវត្ថិភាព គឺ​ពិតជា​ផ្តល់​សុខភាព​ល្អ​ដល់​ក្រុម​គ្រួសារ​របស់​យើង​យ៉ាង​ពិត​ប្រាកដ៕


​អត្ថបទ ៖ ឈៀង ថា​រិ​ទ្ធ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114