កសិករ​ដាំ​ស្ពៃ​សង្កាត់​ផ្សារឆ្នាំង បាន​ធូរចិត្ត​បន្តិច​ ព្រោះ​តម្លៃ​ស្ពៃ​ហក់​ឡើង​១​គីឡូ​ថ្លៃ​១២០០​រៀល

កំពង់ឆ្នាំង ​៖ ​កសិករ​ដាំ​ចម្ការ​ស្ពៃ​ប្រមាណ​ជាង​៥០​គ្រួសារ ​នៅ​ក្នុង​ភូមិ​កោះក្របី និង​ភូមិ​ផ្សារឆ្នាំង សង្កាត់​ផ្សារឆ្នាំង​ ក្រុង​កំពង់ឆ្នាំង ​កាលពី​រសៀល​ថ្ងៃទី​០១ ខែ​មករា ឆ្នាំ​២០២០​នេះ បាន​សម្ដែង​នូវ​ការ​ធូរស្រាល​ក្នុង​ចិត្ត ព្រោះតែ​តម្លៃ​ស្ពៃ​នៅ​លើ​ទីផ្សារ​កាលពី​ខែ​មុន​ បាន​ធ្លាក់​ចុះ​នៅ​១​គីឡូ​តែ​៤០០​រៀល តែម​ក​ដល់​ពេលនេះ បាន​ឡើង​តម្លៃ​បាន​១​គីឡូ ថ្លៃ​ ១ ២០០​ រៀល​ហើយ ដែល​អាច​ទប់ទល់​បាន​មិន​ខាត​ច្រើន។

បុរស​ម្នាក់ ​ឈ្មោះ ផល្លា ជា​កសិករ​កំពុង​បាញ់​ស្រោច នៅ​ក្នុង​ភូមិ​កោះក្របី កាលពី​ព្រឹក​ថ្ងៃ​ទី​០១​មករា​បាន​ឲ្យ​ដឹងថា ដំណាំ​ស្ពៃ​ក្រញាញ់​នេះ ស្រួល​ដាំ ​ស្រួល​ថែទាំ និង​ឆាប់​ឲ្យ​ផល​ជាង​ដំណាំ​ផ្សេងទៀត គឺ​ដាំដុះ​តែ​ពី​២០​ថ្ងៃ​ ទៅ​២៥​ថ្ងៃ វា​នឹង​អាច​កាត់​លក់​បាន​ហើយ។ ប៉ុន្តែ​រឿង​ដែល​ធ្វើ​ឲ្យ​កសិករ​ខូចចិត្ត​នោះ កាលពី​ដើមខែ​១២​កន្លងមក គឺ​ការ​លក់​ស្ពៃ​បោះឲ្យ​ម៉ូយ​នៅ​លើ​ទីផ្សារ​ គឺ​ក្នុង​១​គីឡូ​ បានតែ​៤០០​រៀល​តែ​ប៉ុណ្ណោះ ធ្វើ​ឲ្យ​ពួកគាត់​យំ​មិន​ចេញ​ទេ ​បើ​តម្លៃ​ស្ពៃ​ធ្លាក់​ចុះ​បែបនេះ​រហូត​នោះ កសិករ​ក្នុងភូមិ​ពិតជា​ជំពាក់​គេ​ដោះ​មិន​រួច​ឡើយ ព្រោះ​ភាគច្រើន ​គឺ​សុទ្ធតែ​ខ្ចី​លុយ​គេ​មក​ដាំ។​ ប៉ុន្តែ​ប្រមាណ​ជាង​១០​ថ្ងៃនេះ ​ស្ពៃ​នៅ​ទីផ្សារ​បាន​ឡើងថ្លៃ​វិញ​ហើយ គឺ​លក់​បោះ​ម៉ូយ​បាន​១​គីឡូ​ពី​ ១ ០០០ ​រៀល ទៅ​១ ២០០ ​រៀល តាម​ដើម​តូច​ ឬ​ដើម​ធំៗ​ល្អ។

ដោយឡែក ស្ត្រី ឈ្មោះ សុខុម ជា​កសិករ​ដាំ​ស្ពៃ​ម្នាក់​ដែរ​បាន​និយាយ​ឲ្យ​ដឹង​ថា អ្នក​ដាំ​ស្ពៃ​នៅ​ក្នុង​ភូមិ​កោះក្របី មាន​ប្រមាណ​ជាង​២០​គ្រួសារ និង​នៅ​ក្នុង​ភូមិ​ផ្សារ​ឆ្នាំង​ជាប់​ភូមិ​កោះក្របី មាន​ប្រមាណ​៣០​គ្រួសារ ដែល​ប្រកបមុខរបរ​ដាំ​ស្ពៃ​លក់​ដូច​ពួកគាត់។ ជាធម្មតា នៅទីនេះ ​ក្នុង​រដូវរំហើយ គឺ​ អាច​ដាំ​ដុះ​បាន​៣​សារ គឺ​នៅក្នុង ខែ​១១ ខែ​១២ និង​ខែ​០១ ដែល​មាន​ធាតុអាកាស​ល្អ​មិនសូវ​ក្តៅ​ទើប​ដំណាំ​ស្ពៃ​លូតលាស់​ល្អ។ ចំណែក​ការ​ដាំ​ដុះ​ស្ពៃ​នេះ ក្នុង​១​គ្រួសារៗ អាច​ចំណាយ​ដើម​ទន់​ពី​៣​លាន ទៅ​៤​លាន​រៀល បើ​តម្លៃ​ស្ពៃ ថ្លៃ​ ១ ៥០០​ រៀល​ ក្នុង​១​គីឡូ ទើប​អាច​ចំណេញ​សល់​ប្រាក់​ខ្លះៗ ផ្គត់ផ្គង់​គ្រួសារ។ ប៉ុន្តែ​បើ​តម្លៃ​ស្ពៃ ត្រឹម ​១ ២០០​ រៀល ក្នុង​១​គីឡូ​ដូច​ពេលនេះ គឺ​មិន​ចំណេញ​ទេ ​គ្រាន់​តែ​បាន​ទប់ទល់​មិន​ខាត​ច្រើនតែ​ប៉ុណ្ណោះ។

ចំណែក​ស្រី​ម្នាក់ទៀត​ជា​អ្នក មក​ទិញ​ស្ពៃ​ក្នុង​ភូមិ​កោះក្របី យក​ទៅ​លក់​នៅ​ភ្នំពេញ បានឲ្យ​ដឹង​ថា ប៉ុន្មាន​ថ្ងៃនេះ គាត់​ទិញ​ស្ពៃ​ចូល​តម្លៃ ​១ ២០០ ​រៀល​ក្នុង​១​គីឡូ ពេល​យកទៅលក់​បោះ​ដុំ នៅ​ទីផ្សារ​ក្នុង​ក្រុងភ្នំពេញ គឺ​១​គីឡូ​បានតែ ​១ ៤០០ ទៅ​ ១ ៥០០​ រៀល ផាត់​ថ្លៃ​ឡាន​ទៅ ​គឺ​ក្នុង​១​គីឡូ​ចំណេញ​បានតែ ១០០ ​ទៅ​២០០​រៀល​តែប៉ុណ្ណោះ៕

អត្ថបទ ៖ ឈៀង ថា​រិ​ទ្ធ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114