BREAKING NEWS
Search

កសិករ​មួយ​រូបនៅបាត់់ដំបង ​ត្អូញត្អែរ​ដំណាំ​ត្រសក់​ស្រូវ​ចុះថោក​បាន​មួយ​គីឡូ ១០០រៀល​ ​ដាក់​ឲ្យ​គោ​ស៊ី​ទាំង​កញ្ឆេរៗ

ភ្នំពេញ៖​  មាន​ទី​លំនៅ​ស្ថិត​ក្នុង​ភូមិ ព្រែក​ត្រប់ ឃុំ ព្រែកនរិន្ទ ស្រុក ឯកភ្នំ ខេត្ត បាត់ដំបង លោក​ ដារ៉ា សុយិន  ដែល​មាន​គណនី​ហ្វេសបុក​ឈ្មោះ Master King Man​ បាន​ផ្ដល់​បទ​សម្ភាស​មកកាន់​គេហទំព័រ​​កម្ពុជា​ថ្មី​ថា ​ឪពុកម្ដាយ​គាត់​បាន​បង្ខំចិត្ត​ប្រមូល​ត្រសក់​ស្រូវ ​ដែល​ខិតខំ​ដាំ​​​ឲ្យ​គោ​ស៊ី​ជំនួស​​ឱ្យការលក់​នៅ​ទីផ្សារ ដោយ​សារ​​ត្រសក់ស្រូវ​មាន​តម្លៃ​ទាប​ពេក។  លោក ​ដារ៉ា សុយិន​ បាន​បន្ថែម​ថា ​ដំណាំ​ត្រសក់​ស្រូវ​បាន​ផល​ល្អ​គួរ​ជា​ទីគាប់ចិត្ត​ តែ​អ្នក​ទទួល​ទិញ​​បែរ​ជា​ឲ្យ​តម្លៃ​មួយ​គីឡូ​ត្រឹម​តែ១០០រៀល​ទៅ​វិញ​  ទើប​ឪពុកម្ដាយ​លោក​ត្រូវសម្រេច​ចិត្ត​ដាក់​ឲ្យ​គោ​ស៊ី​អប់ពីររទេះ។

គួរ​រំលឹក​ថា ​រូប​លោក​ក៏​បាន​បង្ហោះ​សារ​ក្នុង​គណនី​ហ្វេសបុក​ប៉ុន្មាន​ម៉ោង​មុន​នេះ​ថា​  “កសិផល​ម៉ាក់ប៉ា​ខ្ញុំ ភូមិ ព្រែក​ត្រប់ ឃុំ ព្រែកនរិន្ទ ស្រុក ឯកភ្នំ ខេត្ត បាត់ដំបង។  ពេល​មិន​ទាន់​ដាំ​បាន​ផល​បន្លែ​ផ្លែឈើ យក​មក​ពី​ជិត​ខាង​ថ្លៃ​នោះ​ថ្លៃ ដល់​ដំណាំ​ខ្មែរ​យើង​បាន​ផល១គីឡូស្មើ ៥00 រៀល បែ​គ្មាន​អ្នកទិញ។ សំណាង​ហើយ​ចេះ​គោ​វា​ស៊ី បើ​គោ​ទៅ​ស៊ី​របស់​ជិត​ខាង​ទៀត​ ចប់ហើយ! អ្នក​លក់​គាត់​ថា ជាប់​ម៉ូយ​ជា​មួយ​ប្រទេស​ជិតខាង​ហើយ ​គាត់​អត់​បាន​ជួយ​ទិញ​យើង​ទេ” ។

លោក​ក៏​បាន​បន្ថែម​ទៀត​ថា ​ឪពុកម្ដាយ​លោក​ខឹង​ដែល​អ្នក​ទទួក​ទិញ​ឲ្យ​តម្លៃ​ថោក​ពេក​ត្រឹម​១០០ឬ​២០០​ក្នុង​មួយ​គីឡូ​​ ទើប​សុខចិត្ត​ឲ្យ​គោ​ស៊ី​វិញ។ លោក​ថា ​​បើ​លក់​ក៏​បាន​២០ម៉ឺន​​ដែរ​ តែ​ឪពុកម្ដាយ​លោក​បាក់​ទឹកចិត្ត​ ខំ​ចំណាយកម្លាំងដាំ​ តែ​គ្មាន​អ្នក​ទិញ។ ប៉ុន្តែ​ចាប់តាំង​ពី​រូបលោក​បង្ហោះ​រូបភាពនៃការត្អូញត្អែរ​មក ​តម្លៃ​ក៏​ឡើងមួយគីឡូ៥០០រយរៀលវិញ។ លោក​ថា​ តម្លៃ​១គីឡូ​៥០០រៀល​ គឺ​អាច​ទទួល​យក​បាន​ និងចំណេញ​បាន​ខ្លះ​ៗ​។

​អ្នក​ស្រុកឯកភ្នំ​ក្រៅ​ពីដាំ​ត្រសក់​ស្រូវ​ ជា​ទូទៅ​តាម​គ្រួសារ​នីមួយៗ​ តែង​ដាំដំណាំ​ចម្រុះ​មាន​ សណ្ដែក ​ត្រសក់​ស្រូវ​ ត្រសក់​ធម្មតា​ ឪឡឹក ​ពោត​ និង​ល្ពៅ។ លោក ​សុយិន​ ក៏​បាន​បន្ថែម​ទៀត​ថា​ កាល​មុន​អ្នក​ភូមិ​មិនដាំ​ដំណាំចម្រុះមុខ​ដូចបច្ចុប្បន្ន​ឡើយ ប៉ុន្តែ​ដោយសារ​ចេះតែ​ចុះ​ថោកពេក​ ទើប​ងា​ក​មក​ដាំ​ដំណាំ​ចម្រុះមុខ​វិញ​ម្តង។ ឪពុកម្តាយលោក​មាន​ដាំដំណាំចម្រុះ​មុខ​លើ​ផ្ទៃ​ដី​ប្រមាណ​ ២ ទៅ ៣ រ៉ៃ។

ជា​ចុងក្រោយ​ លោក​ក៏​មាន​ពាក្យ​ចង់​ផ្ដាំ​ផ្ញើ​សូម​ឲ្យ​មន្ត្រី​ជំនាញជួយ​រកទីផ្សារ​ដល់​ប្រជាកសិករ​ខ្មែរ ​ដែល​ស្ថិត​នៅ​ឆ្ងាយ​ពី​ក្រុង​ ជា​ពិសេស​រឿង​ទីផ្សារ​បន្លែ​របស់​បង​ប្អូន​ប្រជាកសិករ​តែ​ម្ដង។ ចំពោះ​កសិករ​ខ្មែរ​យើង​ ការ​ដាំ​ដំណាំ​គឺ​ពួកគាត់​អាច​មាន​ជំនាញ​ខ្លះៗ​  ​ប៉ុន្តែបញ្ហាដ៏​ធំ​ចម្បង​នោះគឺ ​ទីផ្សារ​យើង​ដែល​ចង្អៀត​សម្រាប់​ពួកគាត់​ដែល​នៅ​ឆ្ងាយ​ពី​ទីក្រុង ​ឬ​ទី​រួម​ខេត្ត។

 

អត្ថបទ៖ សាង ស្រីល័ក្ខ