រឿងបន្ទាន់ដែលត្រូវធ្វើ ពេលតេស្ត៍ការងារជាប់ភ្លាម

ឥឡូវនេះ សម្ភាសន៍បានក្លាយជាអតីតកាល!

រឿងដែលមានសារៈសំខាន់គឺ​ការសម្រេចចិត្តថា ពេលចូលដល់ក្រុមហ៊ុននេះភ្លាម អ្នកណាក៏ចង់ធ្វើឱ្យមានការចាប់អារម្មណ៍លើខ្លួន​ដែលជា​បុគ្គលិកថ្មី លើគ្រប់ជំហានទាំងអស់ មិនថា របៀបរបសមានវិន័យ​ក្នុងការ​ធ្វើការងារ ចរិត​លក្ខណៈ និង​មធ្យោបាយទំនាក់ទំនង ហើយ​ដែលធំចុងក្រោយ​គឺលទ្ធផលការងារ ។

ជាធម្មតានឹងមានការហៅតាមទូរស័ព្ទ ឬសារជាសំឡេងដើម្បីទៅជួបពេលជាប់ភ្លាម។ ចូរធ្វើរឿងទំាងនេះ​ដោយប្រុងប្រយ័ត្ន៖

១ ជាមួយធនធានមនុស្ស

នៅពេលទៅ​ប្រជុំជជែកគ្នា ​យើងគប្បី​តែសួរនាំដំបូង អំពីបទបរិយាយការងារ​ឱ្យបានច្បាស់លាស់JD ​Job Description ។ ការសួរអំពីលុយភ្លាមៗ ជារឿងមិនសមរម្យហើយបង្ហាញថាយើងធ្វើការ​ព្រោះលុយមិនមែន​ព្រោះសមត្ថភាពសមជាមួយ​ការងារទេ។​ ពិតណាស់ អ្នកណាក៏រកការងារព្រោះ​លុយ​ដែរ តែយើង​ចាំំបាច់ត្រូវដឹងអំពីថា ​តើកម្រិតសុចនាករនៃលទ្ធផល​ដែលគេចង់បានក្នុងពេលសាកល្បង (Indicator )ឧទារហរណ៍ គេចង់ឱ្យយើង​លក់បានប៉ុន្មាន​ផលិតផល សរសេរប៉ុន្មាន​អត្ថបទក្នុងមួយ​ខែ  ហើយ​ពេលវេលាសាកល្បងមាន​ប៉ុន្មានខែ បានលទ្ធផល​បែបណាទើបជាប់ជាបុគ្គលិកពេញសិទ្ធិ។ល។

គួរសុំបទបញ្ជាផ្ទៃក្នុងមើល ឱ្យដឹងពីតម្រូវការ​ម៉ោងពេល ការស្លៀកពាក់​និង​អ្វីផ្សេងៗទៀតដែលបុគ្គលិកត្រូវអនុវត្តិតាម។ ព័ត៌មានអំពីប្រាក់ខែ និងអត្ថប្រយោជន៍ផ្សេងៗត្រូវសួរនាំ​ វាជារឿង​ធម្មតា​កុំខ្មាស់អៀន​កុំរារែក។ ត្រូវប្រាកដថាអ្វីគ្រប់យ៉ាងជាលាយលក្ខណ៍អក្សរ!

បន្ទាប់ពីមកផ្ទះវិញ សូមផ្ញើអ៊ីមែលឱ្យពួកគេក្នុងរយៈពេល២៤ម៉ោងដដែល ដើម្បីជាការថ្លែងអំណរគុណពួកគេហើយបញ្ជាក់ថា យើងមានក្តីរំភើបចិត្តដែលបានជោគជ័យជាមួយ​កិច្ច​សម្ភាសន៍ការងារនោះ ។

ប្រសិនបើកំពុងនិយាយទូរស័ព្ទផ្ទាល់ជាមួយពួកគេគួរចេះ និយាយពាក្យ​អរគុណដោយសុទ្ធចិត្ត មិនថាតួនាទី​ដែលខ្លួននឹង​​ចូលទៅកាន់នោះធំប៉ុណ្ណា​តែ​ភាពដាក់ខ្លួន និង​រួសរាយ​ ធ្វើឱ្យ​ភាគីដែលមានចំណែក​ក្នុងការ​ផ្តល់ការងារ​ឱ្យយើង ​ទទួលបានអារម្មណ៍​តបស្នង។

២ ថ្ងៃចូលដំបូង

ត្រូវដឹងថា​អ្នកណាជាមេកោយរបស់យើង? ជាអ្នកដែលដាក់ការងារផ្ទាល់ឱ្យយើង និងជាអ្នកអ្នកដែលអាចគំាទ្រពេលយើងត្រូវការជំនួយ។ កុំឱ្យសោះការ​យកចិត្ត​យកថ្លើមហួសហេតុ ដែលអ្នកនឹងក្លាយជាបុគ្គលិកអែបអបក្នុងកែវភ្នែក​អ្នកដទៃតាំងពីថ្ងៃដំបូង។ គួរដើរសួរនាំ​ស្គាល់មិត្តរួមការងារ ហើយ​បើអាច ​ចាប់ផ្តើមញាំបាយជុំជាមួយពួកគេ។ ទំនាក់ទំនងនៅកន្លែងធ្វើការ​ ជាផ្នែក​ដ៏សំខាន់មួយ​នៃជោគជ័យ​របស់អ្នក។ កុំទម្លាប់មានល្បិចល្បងនិងឆ្មើងឆ្មៃ​តំាងពីថ្ងៃដំបូង។ សម្រាប់ឋានៈអ្វីក៏​ដោយ​ ​ថ្ងៃដំបូងនេះ យើង​ស្គាល់ក្រុមហ៊ុនមិនទាន់ច្បាស់ស្មើអ្នកបោសសម្អាតម្នាក់ផង។

៣ កុំបង្អង់

លទ្ធផលការងារ​រាប់តាំងពីថ្ងៃទីមួយ។​ កុំនិយាយថា​ យើង​ទើបនឹងចូល។ ប្រាក់ខែ​ គិតចាប់ពីពេលណា ការងារ​ត្រូវសម្រួចតំាងពីពេលនោះ។ កន្លែងខ្លះ គេទុកមួយខែឱ្យយើងសិក្សាដោយខ្លួនឯង កន្លែងខ្លះទៀត គេរើស​យើងមកព្រោះ​ខ្វះបុគ្គលិកខ្លំាង គេមាន​ពេលវេលាឯណារង់ចាំយើង​ដែលនៅដំអក់។​ អ្នកខ្លះ​ត្រូវចូល​សមរភូមិក្តៅ តាំងពីថ្ងៃដំបូង។​ ចូរកុំរុញរា។ វាជាមេរៀនអនុវត្តិន៍ វាជាអ្វី​ដែលយើង​បានព្យាយាម​ច្រើន​ដងដើម្បីបាន​ទទួលវា​ ដូច្នេះ​កុំទាន់កំណត់ចាញ់ឈ្នះ​ព្រោះ​ឧបសគ្គដំបូងៗ រឿងដែលត្រូវ​ធ្វើគឺត្រូវ​ខំទំាង​យប់ថ្ងៃ​ ដើម្បីស្វែងយល់និង​បង្ហាញលទ្ធផល​ដល់អ្នកដែលខំជ្រើសយកយើង។

សំណាង​ល្អ​

 

សាយ​ពេជ្រ