កុមារ ១៥នាក់ត្រូវស្លាប់ក្នុងអគ្គិភ័យនៅមណ្ឌលកុមារកំព្រាហៃទី

ចៅក្រមម្នាក់បានប្រាប់ AFP កាលពីថ្ងៃសុក្រថា កុមារចំនួន១៥នាក់បានស្លាប់នៅពេលអគ្គិភ័យបានឆាបឆេះមណ្ឌលកុមារកំព្រាដែលគ្មានអាជ្ញាប័ណ្ណមួយនៅខាងក្រៅរដ្ឋធានី Port-au-Prince របស់ប្រទេសហៃទីដែលនេះបានបញ្ជាក់ពីកង្វះខាតយ៉ាងធ្ងន់ធ្ងរនៃស្ថាប័នសុខុមាលភាពកុមាររបស់ប្រជាជាតិកោះមួយនេះ។

ចៅក្រម Raymonde Jean Antoine បាននិយាយថា កុមារពីរនាក់បានស្លាប់ក្នុងអគ្គិភ័យនេះនិង១៣នាក់ផ្សេងទៀតបានស្លាប់នៅមន្ទីរពេទ្យដោយសារការស្រូបផ្សែង។

លោកស្រីបាននិយាយថា អគារមួយនេះដែលមិនត្រូវបានអនុញ្ញាតឲ្យបើកជាមណ្ឌលកុមារកំព្រាចាប់តាំងពីឆ្នាំ២០១៣មកគឺមានកុមារប្រហែល៦៦នាក់។

លោកស្រី Antoine បានបន្ថែមថា អគ្គិភ័យនៅក្នុងតំបន់ Kenscoff ដែលមានប្រជាជនប្រហែល៥០,០០០នាក់នៅភាគខាងត្បូងនៃរដ្ឋធានីបានចាប់ផ្តើមនៅម៉ោងជាង៩យប់។

កុមារម្នាក់បាននិយាយថា អគ្គិភ័យនេះបណ្តាលមកពីភ្លើងទៀនដែលអ្នកគ្រប់គ្រងមណ្ឌលបានអុជនៅក្នុងបន្ទប់របស់ពួកគេដោយសារការដាច់ចរន្តអគ្គិសនី។

ទោះបីជាយ៉ាងណាក៏ដោយ ការស៊ើបអង្កេតកំពុងធ្វើឡើងដើម្បីរកមូលហេតុពិតប្រាកដនៃអគ្គិភ័យនេះនិងដើម្បីកំណត់អត្តសញ្ញាណអ្នកដែលទទួលខុសត្រូវចំពោះមណ្ឌលកុមារកំព្រានេះ។

លោកស្រី Antoine បានចូលមណ្ឌលកុមារកំព្រា Church of Bible Understanding កាលពីព្រឹកថ្ងៃសុក្រដើម្បីរាយការណ៍ពីការស្លាប់របស់ជនរងគ្រោះទាំងពីរនៅក្នុងអគារ។ អាយុរបស់ពួកគេមិនទាន់ត្រូវបានគេបញ្ជាក់នៅឡើយទេ។

លោកស្រី Antoine បាននិយាយថា “ស្ថានភាពរស់នៅរបស់កុមារពិតជាមានការធ្វេសប្រហែសយ៉ាងពិតប្រាកដ។ អ្វីដែលយើងបានឃើញគឺថា កុមាររស់នៅដូចជាសត្វ”។ លោកស្រីបន្ថែមថា មិនមានឧបករណ៍ពន្លត់អគ្គិភ័យត្រូវបានរកឃើញទេ៕ AFP

ប្រែសម្រួល៖ វណ្ណវណ្ណ