ព័ត៍មានទាន់​ហេតុការណ៏
Search

ផ្ទុះ​ឡ​ចំហុយ​ ឆេះ​ ​រោងចក្រ​ផលិត​ក្ដារ​បន្ទះ​ ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ព្រះសីហនុ

ព្រះសីហនុ​ ៖ ​កម្មករ​កម្មការិនី​រាប់​រយ​នាក់ ត្រូវ​បាន​ចាកចេញ​ពី​កន្លែង​ខ្លួន​ធ្វើការ ទាំង​ព្រលឹង​ចុង​សក់ ខណៈ​រោងចក្រ​ផលិត​ក្តារ​បន្ទះ​កុង​ផ្លា​កេ ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ភូមិ​ពូ​ធឿ​ង​ ឃុំ​បិតត្រាំង ​ស្រុក​ព្រៃនប់​ ខេត្ត​ព្រះសីហនុ ដែល​ពួកគេ​ធ្វើការ​ កើត​មាន​អគ្គិភ័យ​ឆាបឆេះ​ យ៉ាង​​សន្ធោសន្ធៅ។

ករណី​នេះ​ បាន​​​កើតឡើង​នៅ​វេលា​ម៉ោង​ប្រមាណ​១០​និង​៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​០៣ ខែ​ធ្នូ ​ឆ្នាំ​២០១៩។ អគ្គិភ័យ ​បាន​ឆាបឆេះ​យ៉ាង​ខ្លាំងក្លា​ អស់​រយៈ​ជាង​១​ម៉ោង​ បណ្ដាលឲ្យ​សម្ភារៈ​នៅ​ក្នុង​រោងចក្រ ជាច្រើន បាន​ក្លាយ​ជា​ចំណី​ភ្លើង​ស្ទើរ​ទាំងស្រុង ប៉ុន្តែ​សំណាងល្អ​ក្នុង​ករណី​នេះ​ មិន​បង្ក​ឲ្យ​មាន​មនុស្ស​ណា​ម្នាក់​រង​របួស​នោះ​ទេ។

ជុំវិញ​ករណី​អគ្គិភ័យ​ខាងលើនេះ លោក កែវ ស​វុ​ធ នាយ​ប៉ុស្ដិ៍​រដ្ឋបាល ឃុំ​បិតត្រាំង​ បាន​ឲ្យ​ដឹង​ថា ករណី​នេះ បង្ក​ឡើង ដោយ​ការ​ផ្ទុះ​ឡ​ចំហុយ​ ក្តារ​បន្ទះ បណ្ដាល​ឲ្យ​កើតជា​អណ្តាត​ភ្លើង ឆាបឆេះ យ៉ាង​​សន្ធោសន្ធៅ​ ភ្លាមៗ​តែ​ម្តង។ ចំណែក​ក្រុម​កម្មករ កម្មការិនី ដែល​បម្រើការ​ ក្នុង​រោងចក្រ​ជា​ច្រើន​ រយ​នាក់​ ត្រូវ​បាន​ជម្លៀស​ចេញពី​រោងចក្រ​ភ្លាមៗ ​ដោយ​សុវត្ថិភាព ​មិន​មាន​នរណា​ម្នាក់​រង របួស​នោះ​ទេ។

ក្នុង​ហេតុ​ការណ៍​ អគ្គិភ័យ​នេះ មាន​រថយន្ត​ពន្លត់​អគ្គិភ័យ ចម្រុះ​អង្គភាព រួម​មាន​ រថយន្ត ពន្លត់​អគ្គិភ័យ​របស់​ស្នងការដ្ឋាន​ប៉ូលិស ខេត្ត និង​រថយន្ត​ពន្លត់ អគ្គិភ័យ​របស់​កងរាជអាវុធហត្ថ​ រថយន្ត​ពន្លត់ អគ្គិភ័យ យោធា​ជាង​ទឹក .​យោធា កងពលតូច លេខ .​ង​៧០ ផង​ដែរ សរុប​ចំនួន​១២​រថយន្ត ដោយ​ប្រើប្រាស់​អស់​ទឹក​សរុប​ចំនួន​៥៥​ឡាន។

ករណី​នេះ​ ​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​១០​ និង​៣០​នាទី ហើយ រលត់​ទៅវិញ​ក្រោយ​ការ​ ជួយ​អន្តរាគមន៍​​ពន្លត់​ពី​សំណាក់​ក្រុម​រថយន្ត​ពន្លត់​អគ្គិភ័យ ចម្រុះ​នៅ​ម៉ោង​ប្រមាណ​១១​និង​២០​នាទី​ថ្ងៃ​ទី ០៣​ ខែ​ឆ្នូ ឆ្នាំ​២០១៩។

ចំពោះ​ការ​ខូចខាត រហូត​មក​ដល់ពេល​នេះ​ នៅ​មិនទាន់​ដឹង ពី​តួលេខ ជាក់លាក់​នៅ​ឡើង​ទេ ប៉ុន្តែ​បើ​តាម​ការ​ប៉ាន់ប្រមាណ ​សម្ភារៈ​ នៅ​ក្នុង​រោងចក្រ​ មួយ​ភាគ​​ធំ ត្រូវ​បាន ឆេះ​អស់​គ្មាន​សល់​ បើ​គិត​ជា​ទឹក​ប្រាក់​មិន​តិច​ជាង​កន្លះ​លាន​ដុល្លារ​ទេ។ នេះ​បើ​តាម ការ​អះអាង​របស់​ភាគី​ក្រុមហ៊ុន​រោងចក្រ រងគ្រោះ។

គួរ​រំលឹក​ថា​ ការ​ផ្ទុះ​ឡ​ចំ​ហុយ​ក្ដារ​បន្ទះ​បង្ក​​ឲ្យ​មាន​អគ្គិភ័យ​បែបនេះ សម្រាប់ រោងចក្រ ​ផលិត​ក្តារ​បន្ទះ ក្នុង​តំបន់​ សេដ្ឋកិច្ច​ពិសេស ស្ថិត​ក្នុង​ភូមិ​ពួ​ធឿ​ង ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់ គឺជា​លើ​ទី​២​ហើយ ដោយ កាល​ពី​អំឡុង ឆ្នាំ​២០១៧​ បាន​កើត​មាន​ម្តង និង​បង្ក​ឲ្យ​មាន​មនុស្ស​រង​របួស​ជាច្រើន​នាក់​ផងដែរ៕
កោះពស់​

      



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114