ក្រុមហ៊ុន PG&E យល់ព្រម​ផ្តល់ប្រាក់​ជា​១៣​ពាន់​លាន​ដុល្លារ​ជុំវិញ​ករណី​ភ្លើង​ឆេះ​ព្រៃ​ដ៏​សាហាវ​ជាច្រើនលើក​នៅ​រដ្ឋ California

ក្រុមហ៊ុន​អគ្គិសនី​និង​ឧស្ម័ន​របស់​រដ្ឋ​California (PG&E) នឹង​ចំណាយ​ប្រាក់​១៣,៥​ពាន់​លាន​ដុល្លារ ដើម្បី​ដោះស្រាយ​បណ្តឹង​ជុំវិញ​តួនាទី​របស់ខ្លួន​ក្នុងករណី​ភ្លើង​ឆេះ​ព្រៃ​បន្តបន្ទាប់​គ្នា​ដែល​បានសម្លាប់​មនុស្ស​រាប់ពាន់​នាក់ និង​បំផ្លាញ​ផ្ទះសម្បែង​រាប់ពាន់​ខ្នង​។​

កំហុស​ដែល​កើតឡើង​នៅ​បង្គោល​ភ្លើង​របស់​ក្រុមហ៊ុន PG&E​ត្រូវបាន​គេ​ស្តីបន្ទោស​ចំពោះ​ការបង្ក​ជា​ភ្លើង​ឆេះ​កាលពី​ឆ្នាំមុន​នៅ​ភាគ​ខាងជើង​រដ្ឋ​California​ដែលជា​ករណី​មាន​អ្នកស្លាប់​សាហាវ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់​រដ្ឋ​ដែលមាន​មនុស្ស​បាត់បង់​ជីវិត​ចំនួន​៨៦​នាក់​។​

គ្រឿង​បរិក្ខារ​ដែល​ហួស​សម័យ​ទាំងនោះ​រួមមាន​បង្គោល​ឈើ​ដែល​ងាយ​រងគ្រោះ និង​កំហុស​ក្នុង​ការកាប់​ព្រៃឈើ​ជុំវិញ​តំបន់​ខ្សែ​បង្គោល​ភ្លើង​ដែលមាន​ថាមពល​ខ្ពស់​ត្រូវ​បានទទួល​ការស្តីបន្ទោស​ចំពោះ​ការចោទប្រកាន់​ដែលថា​ក្រុមហ៊ុន​ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​San Francisco នេះ​បានដាក់​រឿង​ប្រាក់ចំណេញ​ធំ​ជាង​រឿង​សុវត្ថិភាព​។​

ក្រុមហ៊ុន​បានដាក់​ពាក្យស្នើសុំ​ការពារ​ការ​ក្ស័យធន​កាលពី​ខែមករា ដោយ​លើកឡើងថា ក្រុមហ៊ុន​បាន​ប្រឈម​ជាមួយ​ការប្ដឹង​ទាមទារ​សំណង​ជាង​៣០​ពាន់​លាន​ដុល្លារ​ជុំវិញ​ករណី​អគ្គិភ័យ​នេះ​។​

មិនតែប៉ុណ្ណោះ ក្រុមហ៊ុន​ដដែល​ក៏ត្រូវ​បាន​គេ​ប្តឹង​អំពី​ករណី​អគ្គិភ័យ​ចំនួន​៣​ផ្សេងទៀត​ដែល​កើតឡើង​កាលពី​ឆ្នាំ​២០១៥ ក្នុងនោះ​មាន​មួយ​ករណី​បាន​បំផ្លិចបំផ្លាញ​តំបន់​ស្រាក្រហម​របស់​រដ្ឋ និង​បានសម្លាប់​មនុស្ស​ជាង​៤០​នាក់​កាលពី​២​ឆ្នាំមុន​៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114