ឆេះ​ជាន់​ទី​៤​អស់​៤​បន្ទប់ ​ដោយសារ​ទុស្សេ​ខ្សែភ្លើង​

ភ្នំពេញ​ ៖​ មាន​ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​ បាន​កើតឡើង ​ខណៈ​ដែល​គេ​ឃើញ​ផ្សែង​ហុយ​លាយឡំ​ជា​មួយ​អណ្ដាតភ្លើង​​​យ៉ាង​សន្ធោសន្ធៅ​ចេញពី​លើ​ផ្ទះ​ជាន់​ទី​៤​ ​ហើយ​មូលហេតុ​នៃ​ការ​ឆេះ​នេះ ​ដោយសារតែ​ទុស្សេ​ចរន្តអគ្គិសនី។

ហេតុការណ៍​គ្រោះថ្នាក់​អគ្គិភ័យ​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២១​និង​១៥​នាទី​យប់​ ថ្ងៃ​ទី​១០ ​ខែ​កុម្ភៈ ​ឆ្នាំ​២០២០​ ចំណុច​ផ្ទះ​លេខ​៩៨ ​ផ្លូវ​៨១​ ក្រុម​៤០​ ភូមិ​១០​ សង្កាត់​បឹងរាំង​ ខណ្ឌ​ដូនពេញ ​រាជ​ធានី​ភ្នំពេញ។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​ បាន​ឲ្យ​ដឹង​ថា ​នៅ​វេលា​កើតហេតុ ​គេ​បានឃើញ​អ្នក​រស់នៅ​បន្ទប់​ជាន់​លើ​ បាន​ស្រែក​ឈូឆរ​ផ្អើល​ថា​ ភ្លើង​ឆេះៗ​ ហើយ​គាប់​ជួន​មើល​ទៅ​ឃើញ​ផ្សែងហុយ​សន្ធប់​លាយ​ឡំ​ជាមួយ​អណ្ដាតភ្លើង​ ឆេះ​ចេញពី​បន្ទប់​ជាន់​លើ​នោះ ​ធ្វើ​ឲ្យ​អ្នករស់នៅ​ជាន់​លើ​ ​ប្រញាប់​រត់​ចុះ​មក​ក្រោម​សឹងតែ​មិនទាន់​ ដោយ​ភ្លើង​ឆេះ​ខ្លាំង​ឡើងៗ​មិន​អាច​ធ្វើ​អ្វី​កើត​។​

ប្រភព​ព័ត៌មាន​បន្តថា ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​អគ្គិភ័យ​នោះដែរ​ គេ​ឃើញ​វត្តមាន​ លោក សុខ ពេញ​វុ​ធ​ អភិបាល​ នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ ​បាន​ចុះមក​ដឹកនាំ​កម្លាំង​គណៈបញ្ជាការ​ឯក​ភាព​ខណ្ឌ​ដូនពេញ ចុះ​អន្តរាគមន៍​ពន្លត់​អគ្គិភ័យ​ ភ្លាមៗ​នោះដែរ ​ជំហាន​ដំបូង​បាន​ប្រើប្រាស់​ម៉ូតូ​ទឹក​របស់​រដ្ឋបាល​ខណ្ឌ​ដូនពេញ​ដែលមាន​ប្រជា​ការពារ​ខណ្ឌ​បាននាំគ្នា​ឡើង​បាញ់​ទឹក​អស់​៤​ម៉ូតូ​ដែរ​ តែ​មិន​អាច​គ្រប់គ្រង​បាន ​ទើប​រថយន្ត​ពន្លត់​អគ្គិភ័យ​រាជធានី​ភ្នំពេញ​បាន​មក​បាញ់​ទឹក​បន្តបន្ទាប់​ដោយសារ​ តែ​ការ​ឆេះ​នោះ​នៅ​ជាន់​លើ​ជាន់​ទី​៤​ ពិបាក​ក្នុង​ការ​បាញ់ទឹក​ឡើង​។​

សមត្ថកិច្ច​មូលដ្ឋាន​បញ្ជាក់​ថា​ ករណី​អគ្គិភ័យ​នោះ​ បណ្តាលមកពី​ទុស្សេ​ខ្សែភ្លើង​នៅផ្ទះ​ជាន់​ទី​៤​ ដែល​ម្ចាស់ផ្ទះ​ ឈ្មោះ ពៅ ហុង​ ភេទ​ប្រុស ​អាយុ​៤៩​ឆ្នាំ​ ជនជាតិ​ខ្មែរ ស្នាក់នៅ​កន្លែង​កើតហេតុ​ខាង​លើ​។ ​ចំណែក​សម្ភារៈ​ខូចខាត​មាន​បន្ទប់​ជាន់​ទី​៤​ ទំហំ​(៤x៨)​ ចំនួន​៤ ​បន្ទប់​ជួល​សម្ភារៈ​ខាងក្នុង​ដូច​ជា​ ពូក​ គ្រែ ​រួមទាំង​សម្ភារៈ​នៅ​ក្នុង​បន្ទប់​ទាំងស្រុង​។​

សមត្ថកិច្ច​បញ្ជាក់​ទៀត​ថា ​អគ្គិភ័យ​នេះ ​បាន​រលត់ទៅវិញ​នៅ​ម៉ោង​២១​និង​៤៥​នាទី​ថ្ងៃខែ​ដដែល​ ដោយ​ប្រើប្រាស់​រថយន្ត​ពន្លត់អគ្គិភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​អស់​ចំនួន​០៦​គ្រឿង និង​២​គ្រឿង​ទៀត ​ខាង​កោះ​ពេជ្រ សរុប​៨​គ្រឿង​។​

​ចំពោះ​ករណី​អគ្គិភ័យ​ខាងលើនេះ​ មិន​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់ ​និង​ស្លាប់​ដល់​ជនរងគ្រោះ​ឡើយ​៕​

អត្ថបទ ៖ រស្មី​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114