ឆេះ​ផ្ទះ​៣​ខ្នង​ទាំង​ព្រឹក ​ខាតបង់​ទ្រព្យសម្បត្តិ​អស់​មួយ​ចំនួន​ធំ​

តាកែវ ​៖​ ផ្ទះ​ឈើ​ប្រក់​ស័ង្កសី​សង់​នៅ​ក្បែរ​ៗ​គ្នា​៣​ខ្នង​ ត្រូវ​ភ្លើង​ឆេះ​ម៉ត់​គ្មាន​សល់​សូម្បី​ទ្រព្យសម្បត្តិ​ក៏​មិន​អាច​ប្រមូល​យកចេញ​បាន​។​

​ហេតុការណ៍​នេះ​ កើតឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០២០ វេលា​ម៉ោង​៦​និង​៣០​នាទី នៅ​ភូមិ​ចក សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ខេត្ត​តាកែវ​។ ករណី​នេះ​ដែរ​ តាម​ការ​បញ្ជាក់​ពី​ម្ចាស់ផ្ទះ​ បាន​ប្រាប់​ថា បណ្ដាល​មកពី​​ទុស្សេ​ខ្សែ​ចរន្តអគ្គិសនី​ក្នុង​ផ្ទះ ​ក៏​បង្កើត​ទៅជា​ភ្លើង​ឆេះ​រាលដាល​តៗ​គ្នា​អស់​ផ្ទះ​៣​ខ្នង​ទាំងស្រុង​តែ​ម្តង​ទៅ​។

លោក កប សុខុម អធិការរង​ក្រុង​ដូន​កែវ បាន​ឲ្យ​ដឹង​ដែរ​ថា មកពី​ទទួល​បាន​ព័ត៌មាន​យឺត​ពេក​ទើប​មិន​អាច​ជួយ​អន្តរាគមន៍​សង្គ្រោះ​ផ្ទះ​៣​ខ្នង​នេះ​បាន ម្យ៉ាងទៀត​អគ្គិភ័យ​នេះ​ កើតឡើង​យ៉ាង​លឿន​រហ័ស​ជាទីបំផុត ព្រោះ​ផ្ទះ​ទាំង​៣​ខ្នង​នេះ ​ធ្វើ​អំពី​ឈើ​។ លោក​អធិការរង​បន្ត​ថា យ៉ាងណាក៏ដោយ​សមត្ថកិច្ច​ បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​បាញ់​ទឹក​អស់​៣​រថយន្ត​ដើម្បី​គ្រប់គ្រង​ហេតុការណ៍​នេះ​ មិន​ឲ្យ​ឆេះ​រាលដាល​បន្ត​ទៀត​។​

​សមត្ថកិច្ច​ក្រុង​ដូន​កែវ​ ក៏បាន​ធ្វើការ​ដាស់តឿន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំង​អស់ មុននឹង​ចេញ​ក្រៅ​ផ្ទះ​ប្រកប​របរ​រក​ទទួលទាន សូម​ពិនិត្យ​ភ្លើង​ទៀន ភ្លើង​ធូប ភ្លើង​ចង្ក្រាន ពិសេស​ចរន្ត​អគ្គិសនី​ត្រូវ​បិទ​ប៉ា​រ៉ែត​ភ្លើង ខ្លាចក្រែង​ទុស្សេ​ខ្សែភ្លើង​បង្ក​ជា​អគ្គិភ័យ​ដូច​ករណី​ខាងលើ​ជាយថាហេតុ៕

អត្ថបទ៖ វីរៈ​