បើកភ្នែក​ភ្លាម​ អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​៤​ល្វែង​ខូចខាត​សម្ភារៈ​ ក្នុង​ផ្ទះ​លក់​ពូក​និង​ម៉ូតូ​ស្ទើរ​ទាំងស្រុង​

​ភ្នំពេញ​ ៖ ទោះបី​សមត្ថកិច្ច​មិនទាន់​បញ្ជាក់​ពី​មូលហេតុ​នៃ​អគ្គិភ័យ ​ដែល​បាន​ឆាបឆេះ​ផ្ទះល្វែង​កន្លែង​លក់​ពូក​និង​ម៉ូតូ​ក៏​ពិតមែន​ ប៉ុន្តែ​អគ្គិភ័យ​នេះ ​បាន​បណ្ដាល​ឲ្យ​គ្រឿង​សម្ភារៈ​នៅ​ក្នុង​ផ្ទះ​ទាំង​៤​ល្វែង​នេះ​មាន​លក់​ពូក​និង​ម៉ូតូ​ត្រូវ​បានឆេះអស់ស្ទើរទាំងស្រុង។

ហេតុការណ៍​នេះ​ បាន​កើតឡើង ​កាលពី​វេលា​ម៉ោង​៦​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ ឆ្នាំ​២០២០​នេះ នៅ​លើ​ផ្លូវ​វេង​ស្រេង ក្នុង​សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

​សេចក្ដី​រាយការណ៍​នៅ​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា អគ្គិភ័យ​ដ៏​អាក្រក់​នេះ ផ្តើម​ចេញពី​ផ្ទះល្វែង​លក់​ពូក រួច​រាលដាល​ដល់​ផ្ទះ​លក់​ម៉ូតូ​៣​ល្វែង​ជាប់​គ្នា​បន្ថែម​ទៀត បណ្ដាល​ឲ្យ​ខូចខាត​សម្ភារៈ​ក្នុង​ផ្ទះ​ដែល​រួមមាន ពូក ម៉ូតូ​អស់​ស្ទើរ​ទាំងស្រុង​។

​បើ​តាម​សេចក្ដីរាយការណ៍ បន្ទាប់ពី​កើតមាន​អគ្គិភ័យ​នេះ រថយន្ត​ពន្លត់​អគ្គិភ័យ​ជាច្រើន​គ្រឿង បាន​ចេញ​មក​ជួយ​ពន្លត់ តែ​ដោយ​សារ​ផ្លូវ​នេះ មាន​ភាព​ចង្អៀត​ផង ណាមួយ​ស្ថានភាព​នេះ​ចំ​ពេល​ដែល​កម្មករ កម្មការិនី​ចូល​ធ្វើ​ការ ផង​ ធ្វើ​ឲ្យ​មាន​ផលវិបាក​ក្នុង​ប្រតិបត្តិការ ទើស​ទែង​និង​ផ្លូវ​ចង្អៀត ។

​អគ្គិភ័យ​នេះ ត្រូវ​បាន​សមត្ថកិច្ច​គ្រ​ប់​គ្រង​បាន​ទាំងស្រុង​នៅ​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ដដែល ដោយ​មិន​បណ្ដាល​ឲ្យ​រាលដាល ដល់​ផ្ទះ​ផ្សេង​ទៀត​ឡើយ​។ ចំពោះ​មូលហេតុ​នៃ​ការ​ឆាបឆេះ និង​ទំហំ​នៃ​ការខូចខាត សមត្ថកិច្ច​មិនទាន់​បញ្ជាក់​នៅឡើយ​ទេ​៕

 

អត្ថបទ៖ វិទូ​