ឆេះ​ម៉ូតូ​រ៉ឺម៉ក​ដឹក​ប្រេង​ក្នុង​កាស៊ីណូ ផ្អើល​ក្រុម​សមត្ថកិច្ច​ទាំង​ព្រឹក ​នៅ​ក្រុងព្រះសីហនុ​

​ព្រះសីហនុ ៖ អគ្គិភ័យ​ បាន​ឆាបឆេះ​រ៉ឺម៉ក​ម៉ូតូ​មួយគ្រឿង​ ដែល​ដឹក​ប្រេង​ច្រក​ក្នុង​ប៊ីដុង​ទៅ​ចាក់​ចូល​ម៉ាស៊ីន​ភ្លើង ​នៅក្បែរ​ជញ្ជាំង​អគារ​កាស៊ីណូ​មួយកន្លែង​ នៅ​ក្រុងព្រះសីហនុ​។

​ករណី​បង្ក​ការភ្ញាក់ផ្អើល​ និង​ឮ​សំឡេង​សារ៉ែន​រថយន្ត​ពន្លត់​អគ្គិភ័យ​កងរំពង​ពេញ​ក្រុងព្រះសីហនុ​នេះ បាន​កើតមានឡើង​នា​ម៉ោង​៩និង​២០​នាទី​ ថ្ងៃ​ទី​៧ ខែ​ធ្នូ ឆ្នាំ​២០១៩ នៅ​កាស៊ីណូ​ហ័ង​ឡឹ ដាយ​មិន​ស៊ី ស្ថិត​ក្នុងភូមិ​២ សង្កាត់​៣ ក្រុង​/​ខេត្ត​ព្រះសីហនុ​។​ នៅ​កន្លែងកើតហេតុ​ គេ​ឃើញ​មនុស្ស​ជាច្រើន​នាក់ នាំ​គ្នា​រត់​ប្រសេចប្រសាច​ចេញពី​ក្នុង​អគារ​កាស៊ីណូ​ទាំង​ទឹកមុខ​ភ័យ​ស្លេកស្លាំង​មក​ខាងក្រៅ​ផងដែរ។​

សមត្ថកិច្ច​ជំនាញ​ផ្នែក​ឡានទឹក​បាន​ឲ្យ​ដឹងថា ករណីនេះ​ មិន​បង្ក​ឲ្យ​គ្រោះថ្នាក់​ដល់​មនុស្ស​ និង​ប៉ះ​ពាល់​ដល់​តួ​អគារ​កាស៊ីណូ​នេះ​ទេ ពោល​គ្រោះ​អគ្គិភ័យ​នេះ បាន​ឆេះ​បំផ្លាញ​អស់​ម៉ូតូ​រ៉ឺម៉ក​ដឹក​ប្រេង​១​គ្រឿង ប្រេងម៉ាស៊ូត​៤​កាន ​​និង​ឆេះ​ម៉ាស៊ីន​ភ្លើង​ធុន​ធំ​មួយគ្រឿង ​រួម​នឹង​សម្ភារៈ​មួយចំនួនទៀត​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀតថា ក្រោយ​កើតហេតុ​ភ្លាម ​ក្រុម​រថយន្ត​ពន្លត់​អគ្គិភ័យ​ជាច្រើន​អង្គភាព បាន​ចុះទៅ​អន្តរាគមន៍​ទាន់ពេលវេលា។ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀតថា គ្រោះ​អគ្គិភ័យ​នេះ បង្កឡើង​ដោយ​សារ​ម៉ូតូ​រ៉ឺម៉ក​ដឹក​ប្រេង ទុស្សេ​ បង្ក​ឲ្យ​ឆេះ​ឆ្លងភ្លើង ​ក៏​ផ្ទុះ​ឆេះ​ចេញ​ជា​អណ្តាតភ្លើង​ឆាបឆេះ​រាលដាល​ឡើង​។​

សូម​បញ្ជាក់​ផង​ដែរ​ថា នៅ​អំឡុង​ខែ​វិច្ឆិកា និង​ដើមខែ ខែ​ធ្នូ ចុង​ឆ្នាំ​២០១៩​នេះ ខេត្ត​ព្រះសីហនុ​ទាំង​មូល កើតមាន​គ្រោះ​អគ្គិភ័យ​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​ខ្មែរ​ និង​ចិន ប្រមាណ​ជា​១០​ដង​ហើយ​ បើ​សរុប​ជា​ប្រាក់​វិញ​មាន​ចំនួន​រាប់​សិប​ម៉ឺន​ដុល្លារ​ឯណោះ​៕


អត្ថបទ ៖ ស៊ុយ ចាន់​ធា​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114