BREAKING NEWS
Search

អាណិត​ណាស់! រវល់​តែ​ដើរ​ស៊ី​ឈ្នួល​គេ ​យក​លុយ​ចិញ្ចឹម​គ្រួសារ​មិន​ដឹង​ភ្លើង​រាលដាល​មក​ពី​ណា ​ឆេះ​ផ្ទះ​ខ្ទេច

បាត់ដំបង ៖ ប្រជាពលរដ្ឋ​មួយ​គ្រួសារ ​ដែល​មាន​កូន​តូច​ៗ ​ក្នុង​បន្ទុក​០៥​នាក់​រវល់​តែ​នាំ​ទាំង​គ្រួសារ​ដើរ​ស៊ី​ឈ្នួល​គេ​នៅ​ស្រុក​ឆ្ងាយ​ ជា​អកុសល​មិន​ដឹង​ថា​ភ្លើង​ឆេះ​ព្រៃ​រាលដាល​មក​ពី​ណា ​បាន​ឆេះ​ផ្ទះ​ខ្ទេច​គ្មាន​សល់​រួម​ទាំង​សម្ភារៈ​ប្រើប្រាស់​និង​សំលៀកបំពាក់​ផង​ក៏​ត្រូវ​ឆេះ​គ្មាន​សល់​។ ​

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ​ហេតុ​ការ​ខាង​លើ​នេះ​ បាន​កើត​ឡើង​កាលពី​ថ្ងៃ​ទី​១៤​ ខែ​កុម្ភៈ​ ឆ្នាំ​២០២០​កន្លង​ថ្មីៗ​នេះ ​នៅ​វេលា​ម៉ោង​១៣និង៤៥​នាទី ​ស្ថិត​ត្រង់​ចំណុច​ភូមិ​ឫស្សី​រោទ៍ ​ឃុំ​តា​គ្រាម​ ស្រុក​បាណន់​ ខេត្ត​បាត់ដំបង​។

​សមត្ថកិច្ច​បាន​បន្ត​ថា​ ផ្ទះ​១​ខ្នង ​ដែល​ត្រូវ​បាន​ភ្លើង​ឆេះ​មាន​ទំហំ​៦x៧​ម៉ែត្រ​ ដែល​ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី​ជញ្ជាំង​ស័ង្កសី​ដែល​មាន​ម្ចាស់ផ្ទះ​ឈ្មោះ​ រឿន ភាព​ ភេទ​ប្រុស ​អាយុ​៣៦​ឆ្នាំ​ និង​ប្រពន្ធ​ឈ្មោះ​ សូត ធៀ​វ ​អាយុ​៣៦​ឆ្នាំ​ រស់នៅ​ឫស្សី​រោទ៍ ​ឃុំ​តា​គ្រាម​ ស្រុក​បាណន់ ​ខេត្ត​បាត់ដំបង​។

​សមត្ថកិច្ច​បាន​បន្ត​ទៀត​ថា ​ចំពោះ​ការខូចខាត​រួមមាន​ផ្ទះ​០១​ខ្នង អង្ករ​៥០kg ម៉ូតូ​ចាស់​០១​គ្រឿង​ សៀវភៅ​គ្រួសារ​ និង​សំលៀកបំពាក់​មួយ​ចំនួន​ទៀត​សរុប​ទឹកប្រាក់​អស់​ប្រហែល​២០,០០០,០០០៛(​ម្ភៃ​លាន​រៀល​)​។

​អាជ្ញាធរ​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ដែរ​ថា ​ក្រុម​គ្រួសារ​រងគ្រោះ​០១​គ្រួសារ​នេះ ​ដោយ​សារ​តែ​ជីវភាព​ទន់ខ្សោយ​ តែងតែ​ដើរ​ស៊ីឈ្នួល​កាប់​ដំឡូង​ឲ្យ​គេ​គ្រប់​តំបន់​ ហើយ​លើក​នេះ​ក៏បាន​ទៅ​ស៊ីឈ្នួល​កាប់​ដំឡូង​ឲ្យ​គេ​នៅ​ឯ​គោក​ឃ្មុំ​ ក្នុងស្រុក​ថ្មគោល ​ដោយ​ទុក​ផ្ទះ​ចោល​ដូច​រាល់​ដង ​មិន​មាន​បញ្ហា​អ្វី​នោះ​ទេ​ តែ​លើក​នេះ​មិន​ដឹង​ថា​មាន​ភ្លើង​ឆេះ​ព្រៃ​ត្រង់​ចំណុច​ណា​នោះ​ទេ​ ស្រាប់តែ​បាន​រាលដាល​តាម​រយៈ​ខ្យល់​ខ្លាំង​ផង​ មក​ឆេះ​ផ្ទះ​របស់​ពួកគាត់​គ្មាន​សល់​តែ​ម្តង​។

​សមត្ថកិច្ច​ការិយាល័យ​ពន្លត់​អគ្គិភ័យ​នៃ​អធិការ​ស្រុក​បាន​ឲ្យ​ដឹង​ដែរ​ថា ​ហេតុ​ការ​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​០១​ខ្នង​នេះ ​ខាង​សមត្ថកិច្ច​មិន ​បាន​ចេញ​រថយន្ត​ពន្លត់​អគ្គិភ័យ​ទេ​ ដោយសារ​ទទួល​ដំណឹង​យឺត​ពេល​ទៅ​ហើយ ​និង​ផ្លូវ​ក៏​ឆ្ងាយ​ដាច់​ស្រយាល​ទៀត​ផង​ទើប​មិន​អាច​ជួយ​សង្គ្រោះ​បាន​។​

បច្ចុប្បន្ន​ក្រុម​គ្រួសារ​ដ៏​កម្សត់​មួយ​នេះ ​កំពុងតែ​ដង្ហោយ​រក​សប្បុរសជន​ ដើម្បី​ជួយ​ដល់​ពួកគាត់​ព្រោះ​អ្វីៗ​គ្មាន​សល់​នោះ​ទេ ​ហើយ​ថវិកា​ដើរ​ស៊ីឈ្នួល​គេ​នោះ​បាន​ត្រឹមតែ​ដោះស្រាយ​ក្រពះ​បន្តិចបន្តួច​តែប៉ុណ្ណោះ​សូម្បីតែ​សំលៀកបំពាក់​ក៏​ឆេះ​អស់​ ផ្ទះ​ក៏​គ្មាន​នៅ​ដូច្នេះ​ពួកគាត់​សុំ​ឲ្យ​សប្បុរសជន​ជួយ​ដល់​ពួកគាត់​ផង​។

​អាជ្ញាធរ​ក៏បាន​ឲ្យ​ដឹង​ដែរ​ថា ​ពាក់ព័ន្ធ​និង​ការ​ខ្វះខាត​របស់​ក្រុម​គ្រួសារ​រងគ្រោះ​នេះ​បច្ចុប្បន្ន​អាជ្ញាធរ​កំពុងតែ​ជួយ​គិត​គូរ​ដល់​គ្រួសារ​រងគ្រោះ ​ជា​បណ្តើរ​ៗ​ផង​ដែរ​ ហើយក៏​បាន​ធ្វើ​របាយការណ៍​មក​ថ្នាក់​ស្រុក​ដែរ​ ហើយ​ដើម្បី​រក​ជំនួយ​មនុស្សធម៌​ជួយ​ដល់​ពួកគាត់​ឲ្យ​មាន​ផ្ទះ​រស់នៅ​ឡើងវិញ​៕

 

អត្ថបទ៖ សៅ សារិទ្ធ​