ក្រុម​ជនសង្ស័យ​មួយ​ក្រុម​ដក​កាំភ្លើង​ភ្ជង់​ប្លន់​យក​ម៉ូតូ​ពី​យុវតី​ម្នាក់​ បាន​ម្រេច​

ភ្នំពេញ​ ៖​ យុវតី​ម្នាក់​ បាន​អះអាង​ប្រាប់​សមត្ថកិច្ច​ថា ​ខ្លួន​ត្រូវ​បាន​ជនសង្ស័យ​មួយ​ក្រុម​តាម​ធ្វើ​សកម្មភាព​ដក​កាំភ្លើង​ភ្ជង់​ប្លន់​យក​ម៉ូតូ​ Scoopy 2015 មួយ​គ្រឿង​បានសម្រេច ​ហើយ​គេច​ខ្លួន​បាត់​។​

​ហេតុការណ៍​នោះ ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ២​និង​៤០​នាទី​យប់​ថ្ងៃ​ទី​២៧ ខែ​មករា ឆ្នាំ ២០២០​នៅ​ចំណុច​សួនច្បារ​ហង្ស​ផ្លូវ​លេខ​២៤០​ម្តុំ​មុខ​វត្ត​បទុម ក្នុង​សង្កាត់​ចតុមុខ ខណ្ឌ​ដូន​ពេញ រាជធានី​ភ្នំពេញ។

​ជនរងគ្រោះ​ដែល​ត្រូវ​គេ​ប្លន់​យក​ម៉ូតូ​នោះ​ឈ្មោះ រ៉េត កញ្ញា ភេទ​ស្រី អាយុ​១៨​ឆ្នាំ ស្នាក់នៅ​ម្តុំ​ជិត​គល់​ស្ពាន​ស្ទឹងមានជ័យ​ភូមិ​បឹង​សាឡាង​សង្កាត់​បឹង​សាឡាង ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ ។​

ក្មេង​ស្រី​រងគ្រោះ​បាន​ប្រាប់​សមត្ថកិច្ច​ឲ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​ខ្លួន​និង​មិត្តភក្ដិ​ បាន​មក​អង្គុយលេង​ជជែក​គ្នា​លេង​នៅ​ចំណុច​កើត​ហេតុ​ ស្រាប់តែ​លេច​មុខ​ក្រុម​ជនសង្ស័យ​មាន​៤​ម៉ូតូ​ចូល​មក​ដក​កាំភ្លើង​ភ្ជង់​ប្លន់​យក​ម៉ូតូ មួយ​គ្រឿង​របស់​នាង​ម៉ាក Honda Scoopy 2015 ពណ៌​ស ពាក់​ស្លាក់​លេខ ភ្នំពេញ 1FV-6492 ឃើញ​បែប​នោះ មិត្តភក្ដិ​ប្រុសៗ បម្រុង​ចូល​ជួយ​តែ​ជនសង្ស័យ​បាន​គំរាម​ថាបើ​ចូល​ជួយ​ពួកវា នឹង​បាញ់ ​ទើប​ធ្វើ​ឲ្យ​ក្រុម​ជនសង្ស័យ​យក​ម៉ូតូ​គេច​ខ្លួន​បាត់​។​

​បន្ទាប់ពី​កើតហេតុ​ជនរងគ្រោះ​ បានដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋ​បាលច​តុ​មុខ​​ដើម្បី​ឲ្យ​សមត្ថកិច្ច​ស្រាវជ្រាវ វែកមុខ​ក្រុម​ជនសង្ស័យ មក​ផ្តន្ទាទោស​តាម​នីតិ​វិធី​ច្បាប់​៕

អត្ថបទ៖ ​រស្មី​