មនុស្ស​​៥​នាក់ ​ត្រូវ​​​បាន​ជួយសង្គ្រោះ​ ខណៈ​កំពុង​ជាប់​គាំង​ក្នុង​ផ្ទះ ក្នុង​ហេតុការណ៍​​ឆាប​ឆេះ​យ៉ាង​សន្ធោសន្ធៅ

ភ្នំពេញ ៖ មនុស្ស​ក្មេង​ចាស់​ប្រុស/ស្រី​ចំនួន​៥​នាក់​ ត្រូវ​បាន​ក្រុម​ពន្លត់​អគ្គិភ័យ​ប្តូរ​ជីវិត​ជួយសង្គ្រោះ​ខណៈ​កំពុង​ជាប់​គាំង​ក្នុង​ផ្ទះ នៅក្នុង​ហេតុការណ៍​អគ្គិភ័យ​មួយ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ ទាំង​កណ្តាល​អធ្រាត្រ ដែល​គេ​សង្ស័យថា​ ករណី​អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​នេះ​ គឺ​បណ្តាល​មកពី (​ឆ្លង​ចរន្ត​អគ្គិសនី​)។​

ហេតុការណ៍​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង០១និង៥០​នាទី​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃទី​១៥​ខែ​កុម្ភៈ​ ឆ្នាំ​២០២០​ នៅ​ផ្លូវលំ ក្រុម​ទី​៤ ភូមិ​សាមគ្គី សង្កាត់​ឫស្សីកែវ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ​។

​អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​នេះ​អស់​ចំនួន​០១​ខ្នង​ទាំងស្រុង ដែល​មាន​ម្ចាស់ ​ឈ្មោះ​ ហាក់ គឹម​នី ភេទ​ស្រី អាយុ​៦៦​ឆ្នាំ មុខរបរ​នៅផ្ទះ មាន​ទីលំនៅ​ផ្ទះ​លេខ​៥៣​ច ផ្លូវលំ ក្រុម​ទី​៤ ភូមិ​សាមគ្គី សង្កាត់​ឫស្សីកែវ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ (​ក្នុង​នោះ​មាន​អ្នក​ជួល​ស្នាក់នៅ​ចំនួន​០៨​បន្ទប់ ស្មើ​នឹង​០៨​គ្រួសារ​) និង​ឆេះ​រោល ចំនួន​០៥​ខ្នង។

​នៅក្នុង​កិច្ច​ប្រតិបត្តិការ​នេះ ​សមត្ថកិច្ច​បាន​ជួយសង្គ្រោះ​មនុស្ស​សរុប​ចំនួន​០៥​នាក់ (​ក្មេង​០២​នាក់ ១/ ឈ្មោះ សុខ ចាន់​សម្បត្តិ ភេទ​ប្រុស អាយុ​០៦​ឆ្នាំ ,២/ ឈ្មោះ សុខ ចាន់​អា​រី​យ៉ា ភេទ​ស្រី អាយុ​០៤​ឆ្នាំ​) ដែល​ស្រែកហៅ​ជំនួស​ពី​ក្រុម​ពន្លត់​អគ្គិភ័យ ខណៈ​ភ្លើង​កំពុង​ឆេះ​យ៉ាង​ខ្លាំង ​និង​៣​នាក់​ទៀត​ជា​មនុស្ស​ចាស់។​

​ការ​ពលី​ជីវិត​របស់​ក្រុម​ពន្លត់​អគ្គិភ័យ ដើម្បី​សង្គ្រោះ​មនុស្ស​ដែល​កំពុង​រងគ្រោះ​ពី​ភ្លើង​មួយ​នេះ ត្រូវ​បាន​ទទួល​ការ​សាទរ​ពី​ថ្នាក់​លើ និង មហាជន​យ៉ាងខ្លាំង ចំពោះ​អាកប្បកិរិយា​មិន​ខ្លាច​ស្លាប់ ក្នុង​ភារកិច្ច​របស់ខ្លួន​។

សមត្ថកិច្ច​ឲ្យ​ដឹងថា ​ក្នុងការ​ពន្លត់​នេះ ​គេ​ប្រើ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​២០​គ្រឿង (​រថយន្ត​របស់​ស្នង​ការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ចំនួន​១៨​គ្រឿង រថយន្ត​សាលា​ខណ្ឌ​ឫស្សីកែវ ចំនួន​០១​គ្រឿង និង​រថយន្ត​ស្រា​បៀរ​កម្ពុជា ចំនួន​០១​គ្រឿង​)។

​ចំពោះ​ករណី​ខាង​លើ​នេះ​ បាន​ខូចខាត​សម្ភារៈ​មួយ​ចំនួន​ធំ តែ​ពុំ​មាន​ប៉ះពាល់​ដល់​អាយុ​ជីវិត​ប្រជាពលរដ្ឋ​ឡើយ​។ អគ្គិភ័យ​នេះ បាន​ពន្លត់​ចប់​សព្វគ្រប់​កាលពី​វេលា​ម៉ោង​០២​និង៣០នាទី ថ្ងៃ​ខែ​ឆ្នាំ​ដដែល៕


អត្ថបទ ៖ឌីរៀ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114