រោងចក្រ​ផលិត​ស្បែកជើង​នៅ​ស្រុក​ត្រាំកក់​ ត្រូវ​អគ្គិភ័យ​ឆាបឆេះ ​ខាតបង់​សម្ភារៈ​អស់​មួយ​ចំនួន​ធំ​

តាកែវ ៖ រោងចក្រ​ផលិត​ស្បែកជើង ប៊ី​យូ​ធី​ហ្វូ​ល នៅ​ស្រុក​ត្រាំកក់ កើត​អគ្គិភ័យ​ឆាបឆេះ​បណ្ដាល​ឲ្យ​ខាត​បង់​សម្ភារៈ​មួយ​ចំនួន​ធំ​។​ ហេតុការណ៍​ខាង​លើ​នេះ​កើតឡើង​នៅវេលា​ម៉ោង​១​និង​២០​នាទី​យប់ ​ឈាន​ចូល​ថ្ងៃទី​៧ ខែ​កុម្ភៈ ឆ្នាំ​២០២០ ក្នុង​រោងចក្រ​ស្បែកជើង​មួ​យកន្លែង ​ស្ថិត​ក្នុង​ភូមិ​ធ្នង់​រលើង ឃុំ​លាយ​បូរ ស្រុក​ត្រាំកក់ ខេត្ត​តាកែវ​។

ប្រភពពី​សមត្ថកិច្ច​បា​ន​ឲ្យ​ដឹងថា ក្រោយពេល​ទទួល​បាន​ព័ត៌មាន​ភ្លាម​ថា ​មាន​ករណី​អគ្គិភ័យ​ឆេះ​រោងចក្រ “​ប៊ី​យូ​ធី​ហ្វូ​ល ” កម្លាំង​ជំនាញ​ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ត្រាំកក់ ​បាន​ចេញ​អន្តរាគមន៍ និង​ដោយ​បាន​ការសហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍ នគរបាល​រដ្ឋបាល​លា​យ​បូរ និង​កម្លាំង​ក្រុមការងារ​របស់​រោងចក្រ “​ប៊ី​យូ​ធី​ហ្វូ​ល​” បាន​សហ​ការ​ជួយ​ពន្លត់ ដោយ​ប្រើប្រាស់​បំពង់​ពន្លត់អគ្គិភ័យ​អស់​ចំនួន​២៨​បំពង់ ​ទើប​រលត់​ទាំងស្រុង​វិញ​។

ករណី​អគ្គិភ័យ​ឆាបឆេះ​នេះ​ផងដែរ បណ្តាល​ឲ្យ​ខូចខាត​សម្ភារៈ​មួយចំនួន​មាន ៖ ស្បែកជើង​អស់​ប្រហែល ​១០ ០០០​ គូ កុំព្យូទ័រ​ចំនួន​០១​គ្រឿង ខ្សែ​ផលិតកម្ម​ចំនួន​១​ខ្សែ ម៉ាស៊ីន​ស្កេន​មេដៃ​ចំនួន​០៣​គ្រឿង ក្ដារខៀន​ចំនួន​០៣​។​​ ចំពោះ​មូលហេតុ ​គឺ​បណ្តាលមកពី​ទុស្សេ​ឆ្លង​ចរន្តអគ្គិសនី​៕


អត្ថបទ ៖ វីរៈ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114