រាជរដ្ឋាភិបាល​កម្ពុជា​សម្រេច​តែងតាំង ឥស្សរជន​បរទេស​ទី​១ ជា​«​សមាជិក​កិត្តិយស​»​នៃ​រាជ​បណ្ឌិត្យសភា​កម្ពុជា

​ភ្នំពេញ​ ៖ លោក ឌី​មី​ទ្រី ធ្វេ​ត​ហ្គូ​វ (Dmitry TSVETKOV) ឯកអគ្គរដ្ឋទូត​សហព័ន្ធ​រុស្ស៊ី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា គឺជា​ឥស្សរជន​បរទេស​ទី​១​ ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បានសម្រេច​តែងតាំង​ជា «​សមាជិក​កិត្តិយស​»​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា​ជា​តាមរយៈ​អនុក្រឹត្យ​លេខ ១៥១៨ អនក្រ​.​ត​ត ចុះ​ថ្ងៃ​ទី​២៧ ខែ​ធ្នូ ឆ្នាំ​២០១៩​។

​ពិធី​ប្រកាស​គោរមងារ​ជា​សមាជិក​កិត្តិយស​នៃ​រាជ​បណ្ឌិត្យ​សភាកម្ពុជា​ជូន​ចំពោះ លោក Dmitry TSVETKOV ឯកអគ្គរដ្ឋទូត​សហព័ន្ធ​រុស្ស៊ី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ​បាន​ធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០២០ នៅ​រាជ​បណ្ឌិត្យសភា​កម្ពុជា​ក្រោម​ការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​លោក អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​បណ្ឌិត​សភាចា​រ្យ នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​។

​លោក​បណ្ឌិតសភា​ចា​រ្យ សុខ ទូច អនុប្រធាន​ប្រចាំការ​ក្រុមប្រឹក្សា​បណ្ឌិតសភា​ចា​រ្យ និង​ជា​ប្រធាន​រាជ​បណ្ឌិត្យសភា​កម្ពុជា​បាន​មានប្រសាសន៍​ឲ្យ​ដឹង​ថា លោក Dmitry TSVETKOV ឯកអគ្គរដ្ឋទូត​សហព័ន្ធ​រុស្ស៊ី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា មានគុណ​សម្បត្តិ​ក្នុង​ការ​បំពេញភារកិច្ច​ជា​តំណាង​ស្ថានទូត​សហព័ន្ធ​រុស្ស៊ី មានគុណ​បំណាច់​និង​ស្នាដៃ​ក្នុង​ការ​ដឹកនាំ គ្រប់គ្រង​ស្ថាប័ន សម្របសម្រួល​កិច្ច​សហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ ក៏ដូចជា​ការ​រឹតចំណង​កិច្ច​សហប្រតិបត្តិការ​រួម​គ្នា​លើ​កិច្ច​ការងារ​ស្រាវជ្រាវ​បែប​វិទ្យាសាស្ត្រ​រវាង​រាជ​បណ្ឌិត្យសភា​កម្ពុជា និង​ស្ថាប័ន​ស្រាវជ្រាវ​រុស្ស៊ី​។

លោក​បណ្ឌិតសភា​ចា​រ្យ សង្ឃឹម​យ៉ាង​មុតមាំ​ថា ក្នុងនាម​ជា​សមាជិក​កិត្តិយស​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា លោក Dmitry TSVETKOV នឹង​បន្ត​រួមចំណែក​ជាមួយ​រាជបណ្ឌិត្យសភា​កម្ពុជា ដើម្បី​ពង្រឹង​និង​ពង្រីក​ទំនាក់ទំនង​ការងារ​សិក្សា​ស្រាវជ្រាវ​រវាង​ស្ថាប័ន​សិក្សា​ស្រាវជ្រាវ​ប្រទេស​ទាំងពីរ «​កម្ពុជា​-​រុស្ស៊ី​» ឱ្យ​កាន់តែ​ប្រសើរ និង​មាន​ប្រសិទ្ធភាព​ទ្វេ​ឡើង​។

​ក្នុង​ឱកាស​នេះ​ដែរ លោក​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​បណ្ឌិត​សភាចា​រ្យ នៃ​រាជ​បណ្ឌិត្យសភា​កម្ពុជា​មាន​ប្រសាសន៍​ថា រាជ​បណ្ឌិត្យ​សភា​កម្ពុជា​ គឺជា​ស្ថាប័ន​ស្រាវជ្រាវ​របស់​ជាតិ មាន​ទស្សនវិស័យ​ច្បាស់លាស់​លើ​ការ​អភិវឌ្ឍ​ធនធានមនុស្ស និង​ការស្រាវជ្រាវ​វិទ្យាសាស្ត្រ​។ ​ទន្ទឹម​នឹង​ការ​រីក​ចម្រើន​ផ្នែក​សេដ្ឋកិច្ច​ក្នុង​សង្គមជាតិ​កម្ពុជា ត្រូវ​ការ​ឲ្យ​ដើរ​ទន្ទឹមគ្នា​នឹង​ការ​រីក​ចម្រើន​ក្នុង​វិស័យ​សិក្សា​ស្រាវជ្រាវ​គ្រប់​វិស័យ ជាពិសេស​វិស័យ​បច្ចេកវិទ្យា និង វិស័យ​អប់រំ ដែល​ជា​មូលដ្ឋានគ្រឹះ​នៃ​ការ​អភិវឌ្ឍ​។ ចេញពី​ចំណុច​នេះ “​ខ្ញុំ​មាន​ទស្សនៈ​ជឿជាក់​យ៉ាង​មុតមាំ​ថា ក្រុមប្រឹក្សា​បណ្ឌិតសភា​ចា​រ្យ​នេះ កំពុង​ចូល​រួម​ចំណែក​យ៉ាង​សំខាន់​សម្រាប់​ជំរុញ​ការ​អភិវឌ្ឍ​ប្រទេសជាតិ តាមរយៈ​ការសិក្សា​ស្រាវជ្រាវ និង​ផ្ដល់​ធាតុ​ចូល​ជូន​រាជរដ្ឋាភិបាល ឱ្យ​ស្របតាម​ចក្ខុវិស័យ​ប្រែក្លាយ​កម្ពុជា ទៅជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០”​។

​សូម​បញ្ជាក់​ផង​ដែរ​ថា លោក​ឌី​មី​ទ្រី ធ្វេ​ត​ហ្គូ​វ (Dmitry TSVETKOV) បាន​បញ្ចប់​ការសិក្សា​ថ្នាក់បណ្ឌិត​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​ពី​សាកលវិទ្យាល័យ​ទំនាក់ទំនង​អន្តរជាតិ​ក្រុង​មូ​ស្គូ (Moscow State University of International Relations)​។ លោក​ជា​ឥស្សរជន​ដែល​មាន​ភាព​វ័យ​ឆ្លាត ក្រៅពី​ភាសា​កំណើត លោក​អាច​និយាយ​និង​ប្រើប្រាស់​បាន​បី​ភាសា យ៉ាង​ស្ទាត់ជំនាញ គឺ​ភាសា​ខ្មែរ ភាសា​អង់គ្លេស និង​ភាសា​បារាំង​។ ទន្ទឹមគ្នា​នេះ​ដែរ លោក Dmitry TSVETKOV បាន​ទទួល​នូវ​កោតសរសើរ​និង​ទទួល​បាន​នូវ​គ្រឿង​ឥស្សរិយយស​ជាច្រើន ពី​រដ្ឋាភិបាល​នៃ​សហព័ន្ធ​រុស្ស៊ី មាន​ដូចជា ១. ឆ្នាំ​២០១៣ ទទួល​មេដាយ​ឥស្សរិយយស “For Merits to the Fatherland” ២. ឆ្នាំ​២០១៨ ទទួល​មេដាយ​ឥស្សរិយយស “The Commemorative Medal” របស់​ប្រធានាធិបតី​សហព័ន្ធរុស្ស៊ី និង ៣. សញ្ញាបត្រ​កិត្តិយស​នៃ​ក្រុមប្រឹក្សា​សហព័ន្ធ​នៃ​សហព័ន្ធ​សភា​របស់​សហព័ន្ធរុស្ស៊ី នា​ឆ្នាំ​២០១៦​។

​បន្ថែម​លើ​សមត្ថភាព និង​គុណវុឌ្ឍ​ក្នុងនាម​ជា​អ្នកការទូត​ដ៏​ឆ្នើម លោក Dmitry TSVETKOV បាន​ទទួល​នូវ​គ្រឿង​ឥស្សរិយយស​ផ្សេងៗ​ពី​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ទៀត​ផង រួមមាន​ដូចជា​៖ ១.គ្រឿង​ឥស្សរិយយស សហ​មេត្រី ថ្នាក់​អស្សឫទ្ធិ នៅ​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០១៦​។​ ២.គ្រឿង​ឥស្សរិយយស សហ​មេត្រី ថ្នាក់​ធិបឌិន្ន នៅ​ថ្ងៃ​ទី​១៩ ខែ​កញ្ញា ឆ្នាំ​២០១៨​។​៣-​គ្រឿង​ឥស្សរិយយស សហ​មេត្រី ថ្នាក់​មហា​សិរី​វឌ្ឍន៍ នៅ​ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៩​។​ ថ្មីៗ​នៅ​ដើម​ឆ្នាំ​២០២០​នេះ នៅ​ក្នុង​ជំនួប​ជាមួយ​ប្រធាន​រាជ​បណ្ឌិត្យសភា​កម្ពុជា លោក​ទូត​ក៏ បាន​បង្ហាញ​ពី​ការ​តាំង​ចិត្តនឹង​រួមចំណែក​ពង្រឹង និង​ជំរុញ​កិច្ច​សហប្រតិបត្តិការ​រួម​គ្នា​លើ​វិស័យ​អប់រំ ជាពិសេស​លើ​កិច្ច​ការងារ​ស្រាវជ្រាវ​បែប​វិទ្យាសាស្ត្រ រវាង​ស្ថាប័ន​រាជ​បណ្ឌិត្យសភា​កម្ពុជា នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ស្ថាប័ន​ស្រាវជ្រាវ​រុស្ស៊ី​នានា នៃ​សហព័ន្ធ​រុស្ស៊ី​ផង​ដែរ​៕

អត្ថបទ៖ ​វ​ត្តី​