អ្នកដំណើរក្រុមដំបូងបានចាកចេញពីនាវាទេសចរណ៍ជប៉ុន ក្រោយ​រក​ឃើញ​ឆ្លងជាង ២០០នាក់
BREAKING NEWS
Search

អ្នកដំណើរក្រុមដំបូងបានចាកចេញពីនាវាទេសចរណ៍ជប៉ុន ក្រោយ​រក​ឃើញ​ឆ្លងជាង ២០០នាក់

អ្នកដំណើរក្រុមដំបូងបានចាកចេញពីនាវាទេសចរណ៍មួយគ្រឿងដែលត្រូវបានគេដាក់ឲ្យនៅដាច់ពីគេជិតឆ្នេរសមុទ្រជប៉ុនកាលពីថ្ងៃសុក្រដើម្បីបញ្ចប់ភាពឯកោរបស់ពួកគេនៅក្នុងកន្លែងសំណាក់ដែលរៀបចំដោយរដ្ឋាភិបាលបន្ទាប់ពីការធ្វើតេស្តអវិជ្ជមានចំពោះវីរុសកូរ៉ូណាថ្មី។

អ្នកដំណើរខ្លះពីនាវា Diamond Princess ត្រូវបានដឹកតាមឡានក្រុង (រូប AFP)

រដ្ឋាភិបាលជប៉ុនបានផ្តល់ឱកាសឲ្យអ្នកដំណើរអាយុ៨០ឆ្នាំឬចាស់ជាងនេះដែលមានសុខភាពខ្សោយនៅលើនាវា Diamond Princess ដើម្បីចុះពីនាវាទៅកន្លែងស្នាក់នៅលើដីគោកវិញ។

ប៉ុន្តែសម្រាប់តែអ្នកដែលធ្វើតេស្តអវិជ្ជមានចំពោះវីរុសនេះប៉ុណ្ណោះខណៈគិតត្រឹមពេលនេះវីរុសកូរ៉ូណាបានឆ្លងដល់មនុស្សជាង២០០នាក់នៅលើនាវា។

ក្រុមដំបូងនៃពួកគេបានចាកចេញពីនាវាទេសចរណ៍ដ៏ធំមួយនេះនៅរសៀលថ្ងៃសុក្រដោយធ្វើដំណើរតាមឡានក្រុងដែលមានបង្អួចពណ៌ខ្មៅ។

អ្នកបើកឡានត្រូវបានគេឃើញស្លៀកពាក់ឈុតការពារពណ៌សបិទជិតពីក្បាលដល់ចុងជើងហើយពាក់វ៉ែនតានិងម៉ាស។
មន្ត្រីរដ្ឋាភិបាលម្នាក់បានឲ្យដឹងថា មនុស្សចំនួន១១នាក់បានចាកចេញប៉ុន្តែបានបដិសេធនិយាយថាតើនឹងមានមនុស្សច្រើនជាងនេះនឹងចាកចេញនៅថ្ងៃសុក្រដែរឬក៏អត់ឬផ្តល់ព័ត៌មានលម្អិតបន្ថែមទៀតណាមួយនោះទេ។

រឿងនេះបានកើតឡើងមួយថ្ងៃបន្ទាប់ពីចំនួនអ្នកឆ្លងរោគដែលត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញនៅលើនាវានេះកើនឡើងដល់២១៨នាក់។

មន្ត្រីជាន់ខ្ពស់នៃក្រសួងសុខាភិបាលលោក Gaku Hashimoto បានឡើងនាវានៅព្រឹកថ្ងៃសុក្រ ដើម្បីប្រកាសថា អ្នកដំណើរទាំងអស់ដែលត្រូវបានគេចាត់ទុកថាមានហានិភ័យខ្ពស់ចំពោះសុខភាពទូទៅឥឡូវនេះនឹងត្រូវធ្វើតេស្តរកមើលវីរុសនេះ។

លោកបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា “អ្នកទាំងឡាយណាដែលធ្វើតេស្តវិជ្ជមាននឹងត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យចំណែកអ្នកដែលធ្វើតេស្តអវិជ្ជមាននឹងត្រូវបញ្ជូនទៅកន្លែងស្នាក់នៅដែលផ្តល់ដោយរដ្ឋាភិបាល”៕ AFP

ប្រែសម្រួល៖ វណ្ណវណ្ណ