ប្រទេស​ថៃ​ រក​ឃើញ​ស្ត្រី​ថៃ​ដំបូង​ដែល​ឆ្លង​វីរុសរលាក​សួត​ថ្មី​ពី​ប្រទេស​ចិន

អាជ្ញាធរនិង​ក្រសួង​សុខាភិបាល​ថៃ​​ ​បាន​និយាយ​កាល​ពី​ថ្ងៃ​ពុធ ម្សិលមិញ​នេះ​ថា​ ​វីរុសថ្មី​ពីទីក្រុង Wuhan បាន​ឆ្លងដល់ ៤ករណី​ក្នុងប្រទេស​ថៃ ដែល​ក្នុង​នោះរួម​​មាន​ស្ត្រីម្នាក់​ជាជនជាតិ​ថៃ និង​ ៣នាក់​ទៀត​ជា​អ្នក​ដំណើរ​មក​ពី​ប្រទេសចិន។

ស្ត្រី​ជនជាតិ​ថៃ​អាយុ ៧៣ ឆ្នាំ​ដែល​បាន​ធ្វើ​ដំណើរ​ទៅ​ទីក្រុង Wuhan ចាប់ផ្ដើម​មាន​អាការៈ​ក្ដៅ​ខ្លួន​បន្ទាប់​ពី​វិល​ត្រឡប់​មក​ប្រទេស​ថៃ​វិញ។ ស្ត្រីរូបនេះ​គឺ​ជា​អ្នក​ជំងឺ​ជនជាតិថៃដំបូង​គេ​នៅ​ក្នុង​ប្រទេស​ដែល​ត្រូវ​បាន​គេ​ធ្វើ​រោគវិនិច្ឆ័យ​ថា​មាន​វីរុស​នេះ។

ឧបនាយក​រដ្ឋមន្ត្រី​និង​ជា​រដ្ឋ​មន្ត្រី​សុខាភិបាល​សាធារណៈ​គឺ​លោក Anutin Charnvirakul បាន​និយាយ​ថា​អ្នក​ជំងឺ​ទាំង​បួន​នាក់ បាន​ធ្វើដំណើរ​ទៅ​ទីក្រុង Wuhan ហើយ​មាន​អាការៈ​ក្ដៅ​ខ្លួន ​និង​មាន​រោគសញ្ញា​ផ្លូវ​ដង្ហើម។ លោក​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​កាល​ពី​​ថ្ងៃពុធ​ថា “អ្នក​ជំងឺ​ថៃ​ក្នុង​ស្រុក​បាន​ទទួល​ការ​ព្យាបាល​នៅ​ឯ​មន្ទីរពេទ្យ​មួយ​នៅ​ខេត្ត Nakhon Pathom ដែល​មាន​ចម្ងាយ​ប្រហែល ៦០ គីឡូម៉ែត្រ​ពី​ទីក្រុង​បាងកក​ ស្ថានភាព​របស់​នាង​ពេលនេះ​កំពុង​ប្រសើរ​ឡើង​ហើយ” ។

កាល​ពី​ថ្ងៃ​ទី ១២ ប្រទេស​ថៃ​ក៏​បាន​រាយការណ៍​ពី​វីរុស​លើក​ដំបូង​របស់​ខ្លួន​ដែល​បាន​កើតឡើង​ស្ត្រី​ជនជាតិ​ចិន​អាយុ ៦១ ឆ្នាំ​មក​ពី​ទីក្រុង Wuhan ដែល​គេ​បាន​ឲ្យ​ដឹង​ថា​មាន​ជំងឺ​គ្រុន​ក្ដៅ​ក្រោយ​ពី​អ្នក​ត្រួតពិនិត្យ​នៅ​អាកាស​យានដ្ឋាន​សុវណ្ណភូមិ​ បាន​រក​ឃើញ​ពេល​នាង​នៅ​ពេល​មក​ដល់​ប្រទេស​ថៃ។ លោក Anutin បាននិយាយថា អ្នកជំងឺជនជាតិចិន២នាក់​ត្រូវ​បាន​បញ្ជូន​ចេញ​ពី​មន្ទីរពេទ្យ​ ហើយ​បាន​វិលត្រឡប់​ទៅ​ផ្ទះ​វិញ​ខណៈ​ដែល​អ្នក​ជំងឺ​ទី ៣ នឹង​ហោះហើរ​ទៅ​ផ្ទះ​វិញ​នៅ​ពេល​លទ្ធផល​តេស​មន្ទីរ​ពិសោធន៍​បញ្ជាក់​ថា​គាត់​គ្មាន​ការ​ឆ្លង​ទេ។

គិត​ត្រឹមព្រឹកថ្ងៃព្រហស្បតិ៍នេះ នៅក្នុងប្រទេសចិន វីរុសនេះ​បានសម្លាប់មនុស្សអស់១៧នាក់ និងមានអ្នកជំងឺ៥៧៤នាក់ក្នុងនោះមានក្រុមគ្រូពេទ្យផងដែរ។

ប្រទេស​ថៃ​បាន​បង្កើន​ការ​ត្រួតពិនិត្យ​និង​ឃ្លាំ​មើល​នៅ​អាកាសយានដ្ឋាន​របស់​ខ្លួន​ជាមួយ​នឹង​ជើង​ហោះហើរ​ត្រង់​ពី Wuhan បន្ទាប់​ពី​ថ្ងៃ​ឈប់​សម្រាក​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណីចិន​នៅ​សប្ដាហ៍​នេះ ​ដែល​ភ្ញៀវ​ទេសចរ​ចិន​រាប់ពាន់​នាក់​ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​ធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​ថៃ។ ចាប់​ពី​ថ្ងៃ​ទី ៣ ដល់​ថ្ងៃ​ទី ២០ ខែ​មករានេះ ​អ្នក​ដំណើរ​និង​សមាជិក​យន្តហោះ​ចំនួន ១៨៣៨៣ នាក់​មក​ពី​ជើង​ហោះហើរ​ចំនួន ១១៦ នាក់​ត្រូវ​បាន​ពិនិត្យ​រក​រោគ​សញ្ញា​ផ្លូវ​ដង្ហើម​គ្រប់គ្នា។

អង្គការ​សុខភាព​ពិភពលោក (WHO) បាន​និយាយ​ថា​ នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​នៃ​ក្រសួង​សុខាភិបាល​ថៃ​បាន​ពង្រីក​មជ្ឈមណ្ឌល​ប្រតិបត្តិការ​បន្ទាន់​ ដើម្បី​តាមដាន​យ៉ាង​ដិត​ដល់​នូវ​ស្ថានភាព​ដែល​កំពុង​កើត​មាន​ទាំង​នៅ​ថ្នាក់​ជាតិ​និង​អន្តរជាតិ។

ការ​ណែនាំ​ទាក់ទង​នឹង​ហានិភ័យ ​ត្រូវ​បាន​ចែក​រំលែក​ជា​សាធារណៈ​ ហើយ​បណ្ដាញ​ទូរស័ព្ទ​ទាន់​ហេតុការណ៍​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​នាយកដ្ឋាន​ត្រួត​ពិនិត្យ​ជំងឺ​នៃ​ប្រទេស​ថៃ​ សម្រាប់​ប្រជាជន​វិល​ត្រឡប់​មក​ពី​តំបន់​ដែល​រង​ផល​ប៉ះពាល់​នៅ​ក្នុង​ប្រទេស​ចិន ​ដោយ​មាន​រោគសញ្ញា​ទាក់ទង​នឹង​ជំងឺ​នេះ ៕

 

ចុចអាន៖ ចិនប្រកាសពីការឆ្លងរាលដាលនៃវីរុសជម្ងឺរលាកសួត ១៣៦ករណីថ្មី ខណៈ​មាន​អ្នក​ស្លាប់​ម្នាក់​ទៀត

ចុចអាន៖ វីរុស​​រលាក​សួត​ផ្ទុះ​នៅ​ប្រទេស​ចិន ​ត្រូវ​បាន​រក​ឃើញ​ក្នុង​ខ្លួន​អ្នក​ដំណើរ​ជនជាតិ​ចិន​នៅ​ប្រទេស​ថៃ

 

ប្រែសម្រួល៖សាង ស្រីល័ក្ខ