ជន​ប្រដាប់​អាវុធ​ឯកសណ្ឋាន​ នគរបាល​ បាញ់រះ​មក​លើ​ទូក​នេសាទ​ បណ្ដាល​ឲ្យ​ប្រជាពលរដ្ឋ​របួស​ធ្ងន់​ម្នាក់​

កំពង់ធំ ​៖​ ​កងកម្លាំង​​ពាក់​ឯកសណ្ឋាន​ជា​មន្ត្រី​នគរបាល ​បាន​បាញ់រះ​មក​លើ​ទូក​នេសាទ​របស់​ប្រជាពលរដ្ឋ​ បណ្ដាល​ឲ្យ​ប្រជា​នេសាទ ម្នាក់​រង​របួស​ធ្ងន់​ ​​ កាល​ពី​វេលា​ម៉ោង​២និង​០០​នាទី​រសៀល​ថ្ងៃ​ពុធ ទី​២២ ខែ​មករា ឆ្នាំ​២០២០។

យោង​តាម​សេចក្ដី​រាយការណ៍​របស់​សមត្ថកិច្ច ​បាន​បញ្ជាក់​ថា ប្រជាពលរដ្ឋ​ចំនួន៤​នាក់​ រស់នៅ​ខេត្ត​ពោធិ៍សាត់ ​បាន​មក​នេសាទ​ត្រី​នៅ​ទឹកដី​ខេត្ត​កំពង់ធំ ធ្វើដំណើរ​ដោយ​កាណូត​ចំនួន​២​គ្រឿង ក៏​ត្រូវ​បាន​ជន​ប្រដាប់​អាវុធ​បាញ់រះ​បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់ ១​នាក់ នៅ​លើ​ផ្ទៃ​ទឹក​បឹង​ទន្លេសាប ត្រង់​ចំណុច​ទ្វារ​បឹង ស្ថិត​ក្នុង​ឃុំ​ផាត់​សណ្ដាយ ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ។

សមត្ថកិច្ច​នៃ​អធិការដ្ឋាន នគរបាល​ បាន​ឲ្យ​ដឹង​ថា ជនរងគ្រោះ​មាន​គ្នា​ចំនួន ៤​នាក់ ទី.​១ ឈ្មោះ ជុំ ថន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិ​ខ្មែរ ទី.​២ ឈ្មោះ ស៊ិន សែ ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជនជាតិ​ខ្មែរ ទី​.៣ ឈ្មោះ មឿ​ន ប្រុស ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជនជាតិ​ខ្មែរ និង​ទី.​៤ ឈ្មោះ បុល ប៊ី ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជនជាតិ​ខ្មែរ បច្ចុប្បន្ន អ្នក​ទាំង ៤​នាក់ រស់នៅ​ភូមិ​កំពង់​ថ្គោល ឃុំ​អ​ន្សា​ចំបក់ ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់។

ប្រភព​ពី​សមត្ថកិច្ច​ប​ន្ត​ថា ក្រុម​ជនរងគ្រោះ​ បាន​នាំ​គ្នា​ចេញដំណើរ​ក្នុង​គោលបំណង​ទៅ​នេសាទ​ត្រី​ (​រាយ​មង​ត្រី​ស្លាត​) ដោយ​កាណូត​ចំនួន ២​គ្រឿង លុះ​ទៅដល់​ចំណុច​កើត​ហេតុ​ខាងលើ​ ស្រាប់តែ​ឃើញ​សមត្ថកិច្ច​ស្លៀកពាក់ ​(​ឯកសណ្ឋាន​នគរបាល​) ធ្វើដំណើរ​ដោយ​កាណូត​ចំនួន ២​គ្រឿង​​ បើក​មក​ជិត​ក៏​លើក​កាំភ្លើង​វែង​បាញ់រះ​មក​លើ​ពួក​ខ្លួន​បណ្ដាល​ឲ្យ​ចំ​កាណូត​ផ្នែក​ខាងក្រោយ ​​​​ធ្លាយ​ទៅ​ចំ​ឈ្មោះ បុល ប៊ី ភេទ​ប្រុស អាយុ ៣១​ឆ្នាំ ជនជាតិ​ខ្មែរ ចំនួន ០៤​កន្លែង​ (​ថ្ពាល់​ខាងស្ដាំ ឆ្អឹងជំនី​ខាងស្ដាំ ចង្កេះ​ខាងស្ដាំ និង​កំភួនជើង​ខាងស្ដាំ​)។ ក្រោយ​ធ្វើ​សកម្មភាព​រួច ​បើកកាណូត​ចេញទៅ​បាត់។

សមត្ថកិច្ច​នគរបាល​បន្ត​ទៀត​ថា ខណៈ​នោះ​ជនរងគ្រោះ ​បាន​នាំ​គ្នា​បើកកាណូត​វិល​ត្រឡប់​មក​ផ្ទះ រួច​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ពោធិ៍សាត់។ ពេល​នេះ ​អាជ្ញា​ធរមាន​សមត្ថកិច្ច​មូលដ្ឋាន​ពាក់ព័ន្ធ កំពុង​មមាញឹក​ចុះ​សួរនាំ និង​ធ្វើការ​ស្រាវជ្រាវ ក្នុង​ករណី​បាញ់​បោះ​បណ្ដាល​ឲ្យ​មាន​មនុស្ស​រង​របួស​យ៉ាង​​យក​ចិត្ត​ទុកដាក់៕
អត្ថបទ៖ ប៊ុន រដ្ឋា​