លោក​ជំទាវ ម៉ែន សំអន ផ្តល់​អនុសាសន៍​ល្អៗ​៥​ចំណុច ​ដើម្បី​រួមគ្នា​ថែរក្សា​ការពារ​សុខ​សន្តិភាព​ឲ្យ​គង់វង្ស​សម្រាប់​បន្ត​ដល់​អ្នក​ជំនាន់ក្រោយៗ

ភ្នំពេញ​ ៖ ​លោកជំទាវ​កិ​ត្តិសង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា​-​ព្រឹទ្ធសភា និង អធិការកិច្ច​បាន​ថ្លែង​នូវ​ការអំពាវនាវ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ​និង​មន្ត្រីរាជការ​កងកម្លាំង​ប្រដាប់អាវុធ​នាំគ្នា​ចូលរួម​ថែរក្សា​ការពារ​សុខសន្តិភាព​ឲ្យ​នៅ​ស្ថិតស្ថេរ​គង់វង្ស​ដើម្បី​បន្ត​ដល់​អ្នកជំនាន់ក្រោយៗ​ទៀត​។

លោកជំទាវ​កិ​ត្តិសង្គហ​បណ្ឌិត ម៉ែន សំអន ថ្លែង​បែបនេះ ​ខណៈ​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​អគារសិក្សា ១​ខ្នង ៤​បន្ទប់ និង​សមិទ្ធផល​នានា នៅ​សាលាបឋមសិក្សា ហ៊ុន សែន សំ​យ៉ោ​ង ស្ថិតក្នុង​ភូមិ​សំ​យ៉ោ​ង ស្រុក​កំពង់រោទិ៍ ខេត្តស្វាយរៀង ដោយមាន​ការចូលរួម​ពី សំណាក់​សមាជិក ព្រឹទ្ធសភា តំណាងរាស្ត្រ សមាជិក​ក្រុមប្រឹក្សា គណៈ​អភិបាល ថ្នាក់ដឹកនាំ​កងកម្លាំងប្រដាប់អាវុធ​ទាំង​៣​ប្រភេទ និង​ប្រជាពលរដ្ឋ ប្រមាណ ១.៤០០​នាក់ នា​ព្រឹក​ថ្ងៃ​ព្រ​ហ​ស្បតិ៍ ៥​រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០២០​។​

លោកជំទាវ​កិ​ត្តិសង្គហ​បណ្ឌិត ម៉ែន សំអន នាឱកាសនោះ​ បាន​អំពាវនាវ​ដល់​បងប្អូន​មន្ត្រីរាជការ​និង​កងកម្លាំង​ប្រដាប់​អាវុធ​ទាំង​នូវ​ខ្លឹមសារ​ដូចតទៅ​ទី​១) ត្រូវ​រួមគ្នា​ថែរក្សា​សុខសន្តិភាព និង​ការអភិវឌ្ឍ​ និង​រួមគ្នា ថែរក្សា នូវ​សមិទ្ធផល​នានា​របស់​រាជរដ្ឋាភិបាល ដែល​បាន​ផ្តល់ជូន ឲ្យ​បាន​គង់វង្ស សម្រាប់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយៗ​ទៀត។

ទី​២)​មន្ត្រីរាជការ​គ្រប់លំដាប់​ថ្នាក់ ត្រូវ​បម្រើ​សេវា​សាធារណៈ​ឲ្យ​បាន ល្អប្រសើរ​ជូន​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន។ ទី​៣) ត្រូវ​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​ចូលរួម​ថែរក្សា ភូមិ​-​ឃុំ​មាន​សុវត្ថិភាព និង​អប់រំ​កូនចៅ​ឲ្យ​ជៀស​ផុតពី​គ្រឿងញៀន ចំណុច​នេះ ជាពិសេស មេ​ប៉ុស្តិ៍នគរបាល និង​មេឃុំ ត្រូវ​ពង្រឹង​នូវ​ការទទួលខុសត្រូវ​បន្ថែមទៀត។ ទី​៤) លោកគ្រូ អ្នក​គ្រួ ត្រូវ​ចូលរួម​ក្នុងការ​ថែរក្សា​នូវ​សមិទ្ធផល​ថ្មី​នេះ ឲ្យ​បានល្អ​គង់វង្ស រួមទាំង​ថែរក្សា​បរិស្ថាន​ល្អ អនាម័យ​ល្អ សម្រាប់​ផ្តល់នូវ​បរិយាកាស ល្អ​ដល់​សិស្សានុសិស្ស។ ទី​៥) យើងទាំងអស់គ្នា​ត្រូវ​បង្កើន​ការយល់ដឹង និង​បង្កើន​ការយកចិត្ត ទុក្ខ ដាក់ ខ្ពស់​ក្នុងការ​ចូលរួម​ការពា​រ​នូវ ជំងឺ​កូ​រ៉ូ​ណា ដែល​ចម្លង​ពី​មនុស្ស​ម្នាក់​ទៅ មនុស្ស ម្នាក់ទៀត តាមរយៈ ផ្លូវដង្ហើម ស្រប​ពេល​ដែល​ពិភពលោក​កំពុងតែ​មានការ ព្រួយ​បារម្ភ លើ​ការឆ្លង​នូវ​ជំងឺ​ផ្លូវដង្ហើម​ប្រភេទ​ថ្មី​នេះ។

ថ្លែង​ក្នុងឱកាស​នោះ លោកជំទាវ​កិ​ត្ត​សង្គហ​បណ្ឌិត ម៉ែន សំអន ក៏បាន​ពាំនាំ​នូវ​ការសាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ម​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ជូន​ដល់​អង្គពិធី​នូវ​ក្តី​នឹករលឹក។ លោកជំទាវ​កិ​ត្តិសង្គហ​បណ្ឌិត ម៉ែន សំអន បាន​ថ្លែង​បន្តទៀតថា អគារ​សិ​ក្សា​១​ខ្នង ៤​បន្ទប់ រួមជាមួយ សមិទ្ធផល​នានា នៅ​សាលាបឋមសិក្សា ហ៊ុន សែន សំ​យ៉ោ​ង បាន​ចំណាយ​ថវិកា​​សរុប ៧៥.០០០​ដុល្លារ​សហរដ្ឋអាមេរិក ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​ឧកញ៉ា ប៊ុន មុនី ប្រធាន​អង្គការ​ស្ថាបនា​សហគមន៍​កម្ពុជា ក្រោម​គំនិត​ផ្តួចផ្តើម​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ប្រាក់ សុ​វណ្ណា មេបញ្ជាការរង​កងទ័ព​ជើងគោក និង​ភរិយា​បាន​ជួយ​កសាង​អគារសិក្សា​នេះ​ឡើង ដើម្បី​បំពេញតម្រូវការ​របស់​សិស្ស​ដែល​កំពុងមាន​កំណើន​ជា​រៀងរាល់ឆ្នាំ​។

លោកជំទាវ​កិ​ត្តិសង្គហ​បណ្ឌិត ម៉ែន សំអន ថ្លែង​យ៉ាងច្បាស់​ថា ការចូលរួម​អភិវឌ្ឍន៍​លើ​វិស័យ​អប់រំ​នៅ​កម្ពុជា ពិត​ជាមាន​សារៈសំខាន់​ណាស់ ដែល​ពេលនេះ​បាន​នឹង​កំពុង​កែទម្រង់​ជាច្រើន ក្នុង​គោលបំណង​ឱ្យ​កុមារ​គ្រប់ៗ​រូប​បាន ចូលរៀន ធានា​ការអប់រំ​ប្រកបដោយ​គុណភាព ចរិយា​ធ​ម៏ សមធម៌ និង​បង្កើត​កាលានុវត្តភាព​សិក្សា​ពេញ​មួយជីវិត ស្រប​ពេលដែល​រាជរដ្ឋាភិបាល​ចាត់​ទុក្ខ​ជា​វិស័យ​អប់រំ​ជា​វិស័យ​អាទិភាព ដោយបាន​ធ្វើកំណែទម្រង់​ស៊ីជម្រៅ​លើ​វិស័យ​អប់រំ និង​បានធ្វើ​យ៉ាងណា ដើម្បី​បង្កើន​ចំណេះដឹង​នៅ​មូលដ្ឋាន និង​បង្ខិត​ជនបទ​ឲ្យ​កៀក​នឹង​ទីក្រុង​។​

លោកជំទាវ​កិ​ត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ក៏បាន​សំណូមពរ​ឲ្យ​ក្មួយៗ ដែលជា​ទំពាំង​ស្នង​ឬ​ស្សី និង​ជា​អ្នក​បន្តវេន​ទៅ​ថ្ងៃ​អនាគត គប្បី​ខិតខំ​សិក្សា រៀនសូត្រ មាន​វិន័យ​សីលធម៌​ល្អ និង​ចូលរួម​ថែរក្សា​ការពារ​សមិទ្ធផល​បាន​យូរ​អង្វែង ជា​ក្តីសង្ឃឹម​របស់​ម្ចាស់​ជំនួយ ក៏​ដូច​អាជ្ញាធរ​ខេត្ត ពិសេស មាតាបិតា និង​អាណាព្យាបាល​របស់​ក្មួយៗ​នោះ​តែម្តង​។ ជាពិសេស ក៏​សូម​ស្នើ​ឲ្យ​លោក​ឧកញ៉ា ប៊ុន មុនី ឯកឧត្តម​សេនីយ៍​ឯក ប្រាក់ សុ​វណ្ណា និង​សប្បុរសជន​ដទៃទៀត​បន្ត​ចូលរួម​ក្នុង​សកម្មភាព​មនុស្សធម៌​ដទៃទៀត ដើម្បី​រួមចំណែក​អភិវឌ្ឍន៍​ខេត្តស្វាយរៀង​បន្តទៀត។ ក្នុង​ឱកាស​នោះដែរ​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន រួមជាមួយ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ បាន​ដាំ​ដើមឈើ​ជា​និមិត្តរូប​ដើម្បី​ជា​ម្លប់​សម្រាប់​សិស្សានុសិស្ស​៕
វិមាន​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114