ព័ត៍មានទាន់​ហេតុការណ៏
Search

អ្នក​នេសាទ​សមុទ្រ​អូស​មង​ជាប់​សាកសព​បុរស​ម្នាក់​ អណ្ដែត​ក្នុង​ទឹក​ សង្ស័យ​អំពើ​មនុស្សឃាត

កែប​ ៖ ​តាម​ប្រភព​ព័ត៌មាន​ពី​អ្នកនេសាទ​ក្នុង​លំហ​សមុទ្រ​នៃ​ភូមិសាស្ត្រ​ខេត្ត​កែប បាន​រាយការណ៍​ថា នៅ​រសៀល​ថ្ងៃ​ទី​០៣ ខែ​ធ្នូ ឆ្នាំ​២០១៩ នេះ ខណៈ​ពេល​ពួកគាត់​កំពុង​នេសាទ​អូស​មង​នៅ​ក្នុង​ទឹកសមុទ្រ​ ស្រាប់តែ​ជាប់​សាកសព​មនុស្ស​ស្លាប់​អណ្តែត​ទឹក​ម្នាក់ “​ដែល​មាន​សភាព​ហើម​ពេញបន្ទុក​មើល​លែង​ស្គាល់​ទៅ​ហើយ ដោយ​ពេលនេះ​ក្រុម​អ្នកនេសាទ​កំពុង​នាំគ្នា​អូស​សាកសព​នេះ សំដៅ​មក​ឆ្នេរសមុទ្រ ដើម្បី​ឲ្យ​សមត្ថកិច្ច​ត្រួតពិនិត្យ។

ចំពោះ​ករណី​ប្រទះឃើញ​សាកសព ​ដែល​ជាប់​មង​អូស​របស់​អ្នកនេសាទ​នេះ ក៏​មិន​ទាន់​មាន​ប្រភព​ច្បាស់​ការណ៍​ណាមួយ​ បញ្ជាក់​ពី​មូលហេតុ​ពិតប្រាកដ​នៅ​ឡើយ​ទេ ​ថ្វី​ត្បិត​សព​មាន​ចង​ដុំ​ថ្ម​ពន្លិច​ក្នុង​ទឹក​បែបណាក៏ដោយ ព្រោះ​រង់ចាំ​សមត្ថកិច្ច​ពិនិត្យ​ធ្វើ​កោសល្យវិច័យ​ដើម្បី​រក​មូលហេតុ​សិន ប៉ុន្តែ​បន្ទាប់ពី​សាកសព​បាន​អូស​​​ដល់​ច្រាំង​សមុទ្រ សមត្ថកិច្ច​បាន​សន្និដ្ឋាន​ជា​ជំហាន​ដំបូង​ថា បុរស​នេះ​អាច​ស្លាប់​ដោយ​អំពើ​ឃាតកម្ម ព្រោះ​សាកសព​មាន​ចង​ដុំថ្ម​បន្តោង​នៅ​ខាង​ខ្នង​សព តែ​សមត្ថកិច្ច​ពុំទាន់​កំណត់​បាន​ជនរងគ្រោះ​ជា​ជាតិ​សាសន៍​អ្វី​នៅឡើយ ដោយសារ​សព​ហើមរលួយ​មើល​លែង​យល់​ទៅហើយ។

សូម​បញ្ជាក់​ថា ការ​ប្រទះឃើញ​សព​អណ្ដែត​ទឹកសមុទ្រ​នេះ អំឡុង​ពេល​អ្នកនេសាទ​ ដែល​រស់នៅ​ភូមិ​អំពេង ឃុំ​អង្កោល ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប នាំគ្នា​ទៅ​អូស​មង​នៅ​តាម​ឃ្លង​សមុទ្រ​ ដែល​មាន​ចម្ងាយ​ឆ្ងាយ​ពី​មាត់​ឆ្នេរ ស្ថិត​ចំណុច​ខាងលិច​កោះ​អង្ក្រង។

ជាមួយ​នឹង​ករណី​ដូច​ខាង​លើ សមត្ថកិច្ច​ បាន ​និង​កំពុង​បើក​ការ​ស៊ើប​អង្កេត និង​ស្រាវជ្រាវ​ដោយ​យកចិត្តទុកដាក់​បំផុត ដើម្បី​បក​សាយ​នូវ​អាថ៌កំបាំង​នៃ​ការ​ស្លាប់​របស់​ជនរងគ្រោះ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114