BREAKING NEWS
Search

ទឹកជំនន់ និងការបាក់ដីសម្លាប់មនុស្ស ២៣ នាក់ និងបាត់ខ្លួនរាប់សិបនាក់នៅប្រទេសនេប៉ាល់

ក្រុមមន្ត្រីបាននិយាយនៅថ្ងៃសៅរ៍នេះថា ភ្លៀងធ្លាក់ខ្លាំងបានបង្កជាទឹកជំនន់ និងការបាក់ដីភ្លាមៗដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៣ នាក់ និងធ្វើឲ្យមនុស្សរាប់ពាន់នាក់ផ្លាស់ទីលំនៅនៅភាគខាងលិចប្រទេសនេប៉ាល់ ។

អភិបាលស្រុកលោក Gyan Nath Dhakal បាននិយាយថា មនុស្ស ៩ នាក់បានស្លាប់ និងជាង ៣០ នាក់កំពុងបាត់ខ្លួននៅក្នុងសង្កាត់ Myagdi ចម្ងាយ ២០០ គីឡូម៉ែត្រភាគពាយព្យនៃរដ្ឋធានី Kathmandu ខណៈដែលផ្ទះជាច្រើនខ្នងត្រូវបានបំផ្លាញកាលពីថ្ងៃសុក្រ ។

លោក Dhakal បាននិយាយថា ចំនួនអ្នកស្លាប់ត្រូវបានគេរំពឹងថានឹងកើនឡើង ខណៈអ្នកជួយសង្គ្រោះទើបតែទៅដល់ទីតាំងដាច់ស្រយាលដើម្បីស្វែងរកជនរងគ្រោះ ។ លោកបន្ថែមថា មនុស្ស ៥០ នាក់ត្រូវបានបញ្ជូនទៅរក្សាសុវត្ថិភាពដោយប្រើឧទ្ធម្ភាគចក្រ ។

មន្ត្រីរដ្ឋាភិបាលទី ២ នៅក្នុងទីក្រុងទេសចរណ៍ Pokok បាននិយាយថា នៅក្នុងស្រុក Kaski ដែលនៅជិតខាងមនុស្ស ៧ នាក់បានស្លាប់ ។

ចំណែកមនុស្ស ៧ នាក់ផ្សេងទៀតក៏បានស្លាប់ផងដែរនៅក្នុងស្រុក Jajarkot ភាគខាងលិច ។

មន្ត្រីប៉ូលីសជាន់ខ្ពស់លោក Kishore Shrestha បាននិយាយថា “យើងកំពុងស្វែងរកមនុស្ស ៨ នាក់ដែលនៅតែបាត់ខ្លួននៅឡើយ” ។

ប៉ូលីសបាននិយាយថា នៅតំបន់ទំនាបភាគខាងត្បូងជាប់នឹងប្រទេសឥណ្ឌា ទន្លេ Koshi ដែលបណ្តាលឲ្យមានទឹកជំនន់យ៉ាងកាចសាហាវនៅរដ្ឋ Bihar ភាគខាងកើតប្រទេសឥណ្ឌាស្ទើរតែរៀងរាល់ឆ្នាំបានឡើងលើសកម្រិតគ្រោះថ្នាក់ ។

គួរបញ្ជាក់ថា ការរអិលបាក់ដី និងទឹកជំនន់គឺជារឿងធម្មតាទៅហើយដែលកើតឡើងនៅតំបន់ភ្នំប្រទេសនេប៉ាល់ក្នុងអំឡុងពេលខ្យល់មូសុងនៅខែមិថុនាដល់ខែកញ្ញារៀងរាល់ឆ្នាំ ៕ REUTERS

ដោយ ៖ ជីវ័ន្ត