ព័ត៍មានទាន់​ហេតុការណ៏
Search

មន្រ្តីជំនាញ​៖​ ចំណីអាហារ​ដាក់​លក់ ​ក្នុង​ផ្សារ​លើ​ធំ​ថ្មីខេត្តសៀមរាប ពុំ​មាន​សារធាតុ​គីមី​ហាមឃាត់​ឡើយ​

​សៀមរាប ​៖ មន្ត្រី​ជំនាញ​កាំកុងត្រូល​ខេត្ត​សៀមរាប​ បាន​អះអាងថា ម្ហូបអាហារ​ និង​គ្រឿង​កំប៉ុង ដែល​ដាក់​លក់​នៅ​ក្នុង​ផ្សារ​លើ​ធំថ្មី ពុំមាន​រក​ឃើញ​សារធាតុ​គីមី​ហាមឃាត់​ និង​ហួស​សុពលភាព​​ឡើយ​។ ប្រតិបត្តិការ​ខាង​លើ​នេះ ក៏​មាន​ការ​ចូលរួម​សហការ​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត និង​អ្នក​ពាក់ព័ន្ធ​ផង​ផងដែរ​។

លោក ព្រៅ ខេ​មរិ​ទ្ធ ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​សៀមរាប បាន​មានប្រសាសន៍ថា​ ៖ ក្នុង​ឱកាស​ចុះ​ត្រួតពិនិត្យ​សុវត្ថិភាព​លើ​ ចំណី ​ម្ហូបអាហារ​ និង​ផុតកំណត់​ នៃ​សុពលភាព​គ្រឿង​កំប៉ុង​នោះ ស្ថិត​នៅ​ក្នុង​ផ្សារ​លើ​ធំ​ថ្មី ភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្ត​សៀមរាប កាលពី​ព្រឹក​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា ឆ្នាំ​២០១៩​នេះ មន្ត្រី​ជំនាញ​របស់លោក​ពុំបាន​រកឃើញ​នូវ​សារ​ធាតុគីមី​ហាមឃាត់ ដែល​បាន​ផ្ទុក​នៅក្នុង​ម្ហូបចំណី​គ្រប់​ប្រភេទ និង ទំនិញ​គ្រឿង​ឧបភោគបរិភោគ​មួយចំនួន​ដែល​បាន​ដាក់​តាំង​លក់​នៅក្នុង​ផ្សារ​ឡើយ​។ បន្ទាប់ពី​បានធ្វើ​តេស្ត​បឋម​ និង​ការពិសោធន៍​រក​សារធាតុ​គីមី​នៅ​ក្នុង​ម្ហូបអាហារ​គំរូ​មួយចំនួន​រួមមាន​ដូចជា​ ៖ សណ្ដែកបណ្ដុះ សរសៃ​មី​លឿង សរសៃ​គុយទាវ ប្រហិត បង្កង​ថៃ មឹក​ថៃ ទំពាំង​ត្រាំ និង គ្រឿង​ឧបភោគ​បរិភោគ​សម្រាប់​ការប្រើប្រាស់​ប្រចាំថ្ងៃ​ពុំ​មាន​ហួស​កាល​បរិច្ឆេទ​នោះ​ទេ គឺ​សំដៅ​ដល់​គ្រឿង​កំប៉ុង ​និង​ឥវ៉ាន់​ចាប់ហួយ​នៅ​តាម​តូប​នានា​ក្នុង​ផ្សារ​ជាដើម ។ ជាមួយគ្នា​នោះ ចំពោះ​ការ​ចុះ​ប្រតិបត្តិការ​នេះ ក្នុង​គោលបំណង​ដើម្បី​ធានា​ឲ្យ​បាន​នៅ​សុវត្ថិភាព​លើ​ផ្នែក​សុខភាព​ទូទៅ​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ការ​បរិភោគ ​និង​ប្រើប្រាស់​ប្រចាំថ្ងៃ​។ ដូច្នេះ​មន្ត្រី​កាំកុងត្រូល​យើង បាន​ធ្វើ​ការណែនាំ​ត្រួតពិនិត្យ​របស់​បងប្អូន​អាជីវករ​មួយ​ចំនួន​ដែល​បាន​លក់​ដូរ​នៅ​ទីនោះ ដើម្បី​ឲ្យ​ចូលរួម​សហការ​ជាមួយនឹង​ការ​ចុះ​ត្រួតពិនិត្យ​ទំនិញ​ម្ហូបអាហារ ដោយ​ផ្ដោត​លើ​ការយកចិត្តទុកដាក់ ជាពិសេស​ចំពោះ​សុខភាព​បងប្អូន​ប្រជាពលរដ្ឋ​ជាដើម​។

លោក​បន្ត​ថា ជា​លទ្ធផល​ចុះ​ផ្សារ មន្ត្រី​ជំនាញ និង ស្ថាប័ន​ពាក់ព័ន្ធ បាន​ធ្វើ​តេស្ដ​បឋម​ មិនបាន​រក​ឃើញ​នៅ​សារធាតុ​គីមី​ដែល​បាន​ផ្ទុក​នៅ​ក្នុង​ទំនិញ​គ្រឿង​ហូបចុក ឬ​ទំនិញ​ខូចគុណភាព​ឡើយ ដូច្នេះ​ក្រុមការងារ​របស់លោក​នៅ​តែ​បន្តធ្វើ​ការយកចិត្តទុកដាក់​ ចែកចាយ​នូវ​ស្លាក​សញ្ញា ​ស្ដីពី​ការ​ហាម​ឃាត់ និង ការប្រើប្រាស់ ដើម្បី​អប់រំ​ណែនាំ​ពន្យល់​អំពី​បញ្ហា​ការ​វេច​ខ្ចប់ ការ​ទុកដាក់​ឲ្យ​មាន​អនាម័យ​ល្អ ឬ​ការលក់ដូរ ​ធ្វើយ៉ាងណា​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ជាមុន​ ទើប​ជាការ​ប្រសើរ​ ព្រមទាំង​អំពាវនាវ​ដល់​ក្រុម​អាជីវករ​លក់ដូរ ប្រជាពលរដ្ឋ អ្នកប្រើប្រាស់ និង សាធារណជន​ទាំងអស់ សូម​រួម​គ្នា​ទប់ស្កាត់ និង បញ្ឈប់​ការប្រើប្រាស់​សារធាតុ​គីមី​ផង​ដែរ​។

លោក​បាន​បញ្ជាក់ថា នេះ​គឺជា​ករណី​ចាំបាច់​បំផុត​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ ក៏ដូចជា​ក្រុមការងារ​ជំនាញ​របស់​យើង ប្រសិនបើ​ត្រួតពិនិត្យ​រួចហើយ​ឃើញ​ថា នៅ​ក្នុង​ម្ហូបអាហារ​មានការ​ដាក់​លាយ​នូវ​សារធាតុ​គីមី​ដែល​ត្រូវ​បាន​ហាមឃាត់​នោះ ខាង​ក្រុមការងារ​ជំនាញ​របស់​លោក​នឹង​ធ្វើ​ការ​ដកហូត​យក​ទៅ​កម្ទេច​ចោល​ភ្លាមៗ ហើយ​យើង​ណែនាំ​គាត់​ និង​ធ្វើ​កិច្ចសន្យា​មិនមាន​ជា​លើក​ទី​២​ទៀត​ឡើយ​៕

 


​អត្ថបទ ៖ គឿន​វេត​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114