ស្វែងយល់​របបអាហារដែលត្រឹមត្រូវតាមវ័យរបស់អ្នក

ផ្អែកលើអាយុរបស់មនុស្សម្នាក់ៗ មានអាហារមួយចំនួនដែលយើងគួរជ្រើសរើស និងមួយចំនួនគួរចៀសវាង ដើម្បីឲ្យយើងមានសម្រស់ស្រស់ស្អាត អាយុវែង និងមានសុខភាពល្អ។ តើយើងគួរបរិភោគអាហារបែបណាដែលសមស្របទៅតាមវ័យរបស់យើង?

 

វ័យជំទង់

នៅដំណាក់កាលវ័យជំទង់រាងកាយរបស់មនុស្សកំពុងតែរីកលូតលាស់ ដែលជាហេតុធ្វើឲ្យមនុស្សក្នុងវ័យនេះត្រូវការសារធាតុចិញ្ចឹមច្រើន។ មនុស្សវ័យជំទង់ភាគច្រើនមិនចូលចិត្តញ៉ាំអាហារពេលព្រឹក និងចូលចិត្តញ៉ាំអាហារខាងក្រៅផ្ទះឥតប្រយោជន៍ជាច្រើនដែលខុស។

ប្រសិនបើអ្នកស្ថិតនៅក្នុងក្រុមអាយុនេះ ចូរបង្កើតទម្លាប់ទទួលទានអាហារពេលព្រឹកជារៀងរាល់ថ្ងៃ។ អ្នកមិនចាំបាច់បោះបង់ចោលអាហារសម្រន់ដែលអ្នកចូលចិត្តនោះទេ ប៉ុន្តែគួរកាត់បន្ថយកុំឧស្សាហ៍ញ៉ាំវាច្រើនពេក។ អ្នកគួរញ៉ាំអាហារដែលមានជាតិកាល់ស្យូម ប្រូតេអ៊ីន និងអាហារដែលសម្បូរទៅដោយជាតិដែកនៅក្នុងរបបអាហារជាប្រចាំ ព្រោះវាជួយដល់ការលូតលាស់របស់អ្នក។

 

វ័យ២០ឆ្នាំ

នៅពេលអ្នកមានអាយុជាង ២០ ឆ្នាំ វាដល់ពេលដែលត្រូវផ្លាស់ប្តូររបបអាហារខុសពីវ័យជំទង់ហើយ! វ័យនេះអ្នកគួរជ្រើសទទួលទាន ដំឡូងផ្អែម ពោតលីង ក្រូចឆ្មារ សូកូឡា ទឹកដោះគោ ទឹកដោះគោជូរ និងសាច់មាន់។ល។  ក្រៅពីនេះអ្នកអាចបញ្ចូលអាហារដែលសម្បូរទៅដោយខ្លាញ់អូមេហ្គា ៣ និងអាស៊ីតហ្វូលិកដូចជា បន្លែ ស្លឹកខ្ទឹម នំប៉័ង ត្រីសាលម៉ុង និងគ្រាប់ជី។

 

វ័យ៣០ឆ្នាំ

ដើម្បីទ្រទ្រង់ដល់ការផ្លាស់ប្តូររាងកាយក្នុងអាយុនេះ អ្នកគួរបញ្ចូលអាហារដែលជួយដល់សាច់ដុំ និងធ្វើឱ្យឆ្អឹងរឹងមាំនៅក្នុងរបបអាហារ។ សារធាតុដែលមានជាតិប្រូតេអ៊ីនដូចជា ស៊ុត គ្រាប់ធញ្ញជាតិ ផលិតផលសណ្តែក សាច់មាន់ ទឹកដោះគោ និងទឹកដោះគោជូរ ទាំងនេះសុទ្ធសឹងតែចាំបាច់សម្រាប់ពង្រឹងឆ្អឹងរបស់អ្នក។ ប៉ុន្តែអ្នកក៏គួរចាំបាច់ប្រើថ្នាំគ្រាប់កាល់ស្យូមនិងប្រូតេអ៊ីនបន្ថែមផងដែរ។

 

វ័យ៤០ឆ្នាំ

ដើម្បីគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម និងជម្រុញការរំលាយអាហាររបស់អ្នកនៅដំណាក់កាលនេះ អ្នកត្រូវបញ្ចូលអាហារដែលមានជាតិសរសៃនៅក្នុងរបបអាហារ។ អាហារទាំងនោះមានដូចជា ផ្កាស្ពៃខូលី គ្រាប់ធញ្ញជាតិ និងដំឡូង។ អាហារផ្សេងទៀតរួមមាន ប៊ឺហ្គឺរនិងសាំងវិចដែលធ្វើដោយខ្លួនឯងនៅផ្ទះ ទឹកដោះគោគ្មានជាតិខ្លាញ់ ផ្លែឈើ និងបន្លែ។ ជាពិសេសអាហារដែលសម្បូរប្រូតេអ៊ីន។

វ័យ៥០ឆ្នាំ

នៅពេលអ្នកមានអាយុជាង ៥០ ឆ្នាំ ក្រៅពីទឹកដោះគោ និងធញ្ញជាតិ អ្នកត្រូវបន្ថែមអាហារមានជាតិស្ករទៅក្នុងរបបអាហារដូចជា ទឹកឃ្មុំជាដើម។ ដើម្បីកាត់បន្ថយភាពចាស់អ្នកគួរបរិភោគផ្លែ បឺរ ខាត់ណាខៀវ ផ្កាខាត់ណា និងស្ពៃខ្មៅ។ ការទទួលទានផ្លែប៉ោមក៏អាចជួយអ្នកក្នុងការបញ្ចុះកូឡេស្តេរ៉ូល និងប្រឆាំងនឹងជំងឺទឹកនោមផ្អែមបានផងដែរ។

វ័យ៦០ឆ្នាំឡើងទៅ

នៅពេលអ្នកស្ថិតក្នុងដំណាក់កាលនេះ អ្នកត្រូវបន្ថែមបន្លែ និងផ្លែឈើ ឲ្យកាន់តែច្រើនក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក។ ជាពិសេសអាហារដែលសម្បូរទៅដោយជាតិដែកដូចជាស្ពៃខ្មៅ សណ្តែក សណ្តែកសៀង និងបន្លែស្លឹកបៃតង។ល។ បន្ថែមពីលើអាហារទាំងនេះ អ្នកត្រូវកាត់បន្ថយការប្រើប្រាស់អំបិល និងទទួលទឹកឱ្យបានច្រើន៕

 

ចុចអាន៖ ព្យួរសេរ៉ូម ឬចាក់ថ្នាំឲ្យស្បែកស មានគ្រោះថ្នាក់ចំពោះសុខភាពទេ?

ចុចអាន៖ រកអីទៀត? ញ៉ាំតែផ្លែក្រូចជាប្រចាំក៏មានសុខភាពល្អដែរ!

 

ប្រែសម្រួល៖ សន្យា