អាហារបែបណា ម៉ាក់ៗសម្រាលកូនរួចគួរ និងមិនគួរញ៉ាំ?

របប​អាហារ​សម្រាប់​ម៉ាក់ៗ​សម្រាល​កូន​រួច ​ត្រូវតែ​យក​ចិត្ត​ទុក​ដាក់​ជាង​របប​អាហារ​មនុស្ស​ធម្មតា​។ ​អ្នកគ្រូ​ពេទ្យ​ឆ្មប សុំ សូរិយា បម្​រើ​ការងារ​​នៅ​​មន្ទីរពេទ្យ​បង្អែក ស្រុក​ខ្សាច់​កណ្តាល បាន​​ឲ្យ​ដឹង​​ថា ពីប្រភេទ​អាហារ​ស្រីៗកូនខ្ចី​គួរ​ញ៉ាំ និងមិន​គួរ​ញ៉ាំ។

១. អាហារមិនគួរញ៉ាំ


– អាហារ​ហឹរ៖ ម៉ាក់​ៗ​មិន​គួរ​ញ៉ាំ​អាហារ​ហឹរ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​កូន នៅ​ពេល​កូន​បៅ​ទឹក​ដោះ។ ណា​មួយ​អាហារ​បែប​នោះ អាច​ប៉ះពាល់​ដល់​ក្រពះ-ពោះវៀននិងអាចធ្វើឲ្យកូនរាករូស ទៀត​ផង។

– អាហារ​មាន​ជាតិ​ខ្លាញ់៖ អាហារ​មាន​ជាតិ​ខ្លាញ់ គួរតែ​ចៀសវាង​សិន ព្រោះ​វា​មិន​ល្អ​ចំពោះ​ក្រពះ និង​ពោះវៀន​ឡើយ។

– អាហារក្រៀមក្រោះ៖ ត្រី-សាច់​ប្រឡាក់ ហើយ​យក​ទៅ​អាំង ឬ​ចៀន គ្មាន​បន្លែ គ្មាន​ទឹកនោះ ស្រ្តី​បំបៅ​ដោះ​កូន​គួរ​តែ​ចៀស​វាង​ដែរ ព្រោះ​វា​មិន​មាន​ជីវជាតិ​សម្រាប់​ទ្រទ្រង់​រាង​កាយយើង និង​ធ្វើ​ឲ្យ​សម្បូរ​ទឹកដោះ​ឡើយ។​

– អាហារ​ផ្អាប់៖ញ៉ាំ​អាហារ​ផ្អាប់ អាច​នាំឲ្យ​ម៉ាក់​ៗ​រាករូស ពុល ក្អួត​ចង្អោរ​ ប៉ះពាល់ក្រពះធ្វើឲ្យឈឺនិងចុក បាន ហើយ​កត្តា​នេះ​មិន​ត្រឹម​តែ​ខ្លួន​យើង​ប៉ុណ្ណោះ​ទេ កូន​​ក៏​អាច​រាក​បាន​ដូច​គ្នា។

២. អាហារគួរញ៉ាំ


– អាហារ​មាន​ជាតិ​ទឹក៖ អាហារ​ដែល​ល្អ​សម្រាប់​ស្ត្រី​សម្រាល​កូន​រួច ត្រូវតែ​ជា​ពពួក​អាហារ​មាន​ជាតិ​ទឹក​គ្រប់គ្រាន់ ដូចជាសម្ល ឬស៊ុប ដែល​មាន​ទាំង​ត្រី សាច់ ស៊ុត និង​បន្លែ​លាយបញ្ចូល​គ្នា ដើម្បី​បង្កើនដល់​ការ​ផលិត​ទឹកដោះ។

– ទឹក៖ ទោះ​ជា​ញ៉ាំ​អាហារ​ជាតិ​ទឹក​គ្រប់គ្រាន់​ល្អ​ក៏​ពិត​មែន តែ​កុំ​ភ្លេច​ញ៉ាំ​ទឹក​ឲ្យ​បាន ២ លីត្រ​យ៉ាង​តិច ដើម្បី​ងាយ​ស្រួល​ដល់​ការ​បន្ទោបង់។

សម្រាប់​ម៉ាក់​ៗ​ដោយ​វះកាត់​វិញ ក្រោយ​សម្រាល ៥-៦ ម៉ោង​ប៉ុណ្ណោះអាច​ញ៉ាំ​បាន ជា​ប្រភេទ​អាហារ​ទន់​ៗ ហើយ​មុន​អាហារ​ ៣ ម៉ោង​អាច​ញ៉ាំ​ទឹកសិន ដើម្បី​ឲ្យ​មាន​កម្លាំង​កំហែង​ក្នុង​ខ្លួន។ តែ​សម្រាប់​ម៉ាក់​ៗ​សម្រាល​ធម្មជាតិ​អាច​ញ៉ាំ​អាហារ​បាន ពេល​ដឹង​ថា​ខ្លួនហេវហត់។

 

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

 

ចុចអាន៖មក​ដឹង​អត្ថប្រយោជន៍​អំបិល​ខ្មៅ ​ល្អ​ជាង​អំបិល​ធម្មតា​យ៉ាង​ម៉េច​ខ្លះ?

 

អត្ថបទផ្ដល់ដោយ៖Hello Krupet