MCL 2020 ៖ សប្ដាហ៍​ទី​១ បន្ត​ការប្រកួត ៣​គូ សម្រាប់​ថ្ងៃអាទិត្យ

ការប្រកួត​ក្របខ័ណ្ឌ​លី​គ​កំពូល​កម្ពុជា រដូវ​កាល​២០២០ បាន​ត្រលប់​មកវិញ ដោយនៅ​សប្តាហ៍​ទី​១ មានការ​ប្រកួត ៣​គូ​បន្ថែម​បន្ទាប់ពី​ការប្រកួត​នៅ​ថ្ងៃ​សៅរ៍ ចំនួន ៣​គូ ខណៈ​នៅ​ថ្ងៃអាទិត្យ ទី​១៦ ខែកុម្ភៈ ឆ្នាំ​២០២០ មានការ​ប្រកួត​សំខាន់​ដូចជា អង្គ​រថា​យ​ហ្គឺ​រ ប៉ះ បឹងកេត តំណាលគ្នា​ទៅនឹង អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត ប៉ះ គីរីវង់​សុខ​សែន​ជ័យ និង​គូ​ចុងក្រោយ ព្រះខ័ន​រាជ​ស្វាយរៀង ជាមួយ សូល​ទី​ឡូ​អង្គរ​។

*​អង្គ​រថា​យ​ហ្គឺ​រ ទទួល បឹងកេត
ក្រុម​ទាំងពីរ​នឹងត្រូវ​ប្រកួត​នៅ​កីឡដ្ឋាន​អេស​អ​យូ (SRU Stadium) វេលា​ម៉ោង ៣​និង​៣០​នាទី​រសៀល ព្រមទាំង​មានការ​ផ្សាយ​ផ្ទាល់​តាម​តាម Youtube គណៈកម្មការ​ប្រកួត​បា​ល់​ទាត់​ជាតិ​កម្ពុជា​។ និយាយ​ពី​ស្ថានភាព​ក្រុម​បច្ចុប្បន្ន​សម្រាប់​រដូវ​កាល​ថ្មី អង្គ​រថា​យ​ហ្គឺ​រ បានធ្វើការ​ផ្លាស់ប្ដូរ​ស​មាស​ភាព​កីឡាករ​មួយចំនួន ផងដែរ​ដោយមាន​នាំចូល​ទាំង​កីឡាករ​បរទេស និង​ខ្មែរ ខណៈ​កីឡាករ ដែល​ចាប់អារម្មណ៍​បំផុត​នោះ មានដូចជា Dzarma Bata និង Yudai Ogawa ដែល​កីឡាករ​ទាំងពីរ​រូបនេះ​សុទ្ធតែ​ត្រលប់មក​រួម​ក្រុម​សាជាថ្មី​។ ចំពោះ បឹងកេត រដូវ​កាល​នេះ​ក៏មាន​ការប្រែប្រួល​ច្រើន​ដូចគ្នា ដូច​ជាការ​នាំចូល​កីឡាករ​ពី​យុវជន​សាលា​បាល់ទាត់​ជាតិ​បាទី ៥​រូប ក្នុងនោះ​ទាក់ទាញ​ការចាប់អារម្មណ៍​ជាងគេ គឺ​នាំយក​កីឡាករ​ដែល​កំពុងមាន​ប្រជាប្រិយភាព សៀង ច​ន្ធា មក​រួម​ក្រុម ក្រៅពីនេះ​ក្លិប​ក៏បាន​នាំចូល​កីឡាករ​បរទេស​ថ្មី ៣​រូប​បន្ថែម​ផងដែរ ជាពិសេស​ទៅទៀត​នោះ គឺ​ការនាំយក​គ្រូបង្វឹក​ថ្មី​ជា​ជនជាតិ​ថៃ​។

និយាយ​ពី​ប្រវត្តិ​ជួបគ្នា​វិញ ជួបគ្នា ៥​លើកចុងក្រោយ​ភាគច្រើន​គឺ​បញ្ចប់​ទៅដោយ​លទ្ធផល​ស្មើគ្នា ក្នុងនោះ​រួមមាន ឆ្នាំ​២០១៩ កន្លងទៅ ស្មើគ្នា ១-១ ទាំងពីរ​ជើង ឆ្នាំ​២០១៨ ជើង​ទី​១ បឹងកេត ឈ្នះ ៤-០ និង​ជើង​ទី​២ ស្មើគ្នា ២-២ ខណៈ​មួយលើកទៀត​កាលពី​ឆ្នាំ​២០១៧ បឹងកេត ឈ្នះ ៣-១ ។

*​អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត ប៉ះ គីរីវង់​សុខ​សែន​ជ័យ
ក្រុម​ទាំងពីរ​នឹងត្រូវ​ប្រកួត​នៅ​កីឡដ្ឋាន​អេ​អ៊ី​យូ​ស្បត​ផាក វេលា​ម៉ោង ៣​និង​៣០​នាទី​រសៀល ដូចគ្នា ដោយមាន​ការផ្សាយ​ផ្ទាល់​ដោយ​ទំព័រ​ហ្វេ​ស​ប៊ុ​ក កម្ពុ​ជាថ្មី​។ ក្នុងស្ថានភាព​ចាប់ផ្ដើម​មុន​រដូវ​កាល​ថ្មី ក្រុម​ទាំងពីរ​ក៏បាន​បន្ថែម​សមាជិក​ថ្មី​ដូចគ្នា ជាពិសេស​មាន​ទាំង​ការនាំ​ចូល​កីឡាករ​បរទេស និង​ខ្មែរ រួមទាំង​ការបន្ត​កិច្ចសន្យា​ថែមទៀត​ផង ជាក់ស្ដែង អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត បាន​នាំ​កីឡាករ​បរទេស ៥​រូប​បន្ថែម ហើយ​សុទ្ធសឹងតែ​ជា​កីឡាករ​ដែល​ចាប់ផ្ដើម​អាជីព​នៅ​លី​គ​កំពូល​កម្ពុជា លើកដំបូង ស្រប​ពេលដែល គីរីវង់​សុខ​សែន​ជ័យ ក៏បាន​នាំចូល​កីឡាករ​បរទេស​គួរ​ឲ្យ​ចាប់អារម្មណ៍​ផងដែរ ដោយមាន​ទាំង​កីឡាករ​ថៃ កីឡាករ​ធ្លាប់មាន​បទពិសោធ​ក្នុង​លី​គ​កម្ពុជា និង​កីឡាករ​បរទេស​ថ្មី​។

ចំពោះ​ប្រវត្តិ​ជួប​គ្នា ៥​លើក​ចុង​ក្រោយ លទ្ធផល​រវាង​ក្រុម​ទាំង ២​គឺ​មាន​ឈ្នះ​ចាញ់​ទៅវិញទៅមក ខណៈ​២​លើកចុងក្រោយ ពោលគឺ​កាលពី​ឆ្នាំ​២០១៩ ជើង​ទី​១ អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត ឈ្នះ ២-១ ជើង​ទី​២ គីរីវង់​សុខ​សែន​ជ័យ ឈ្នះ​វិញ​ម្ដង ដោយ​លទ្ធផល ២-០​។

*​ព្រះខ័ន​រាជ​ស្វាយរៀង ជាមួយ សូល​ទី​ឡូ​អង្គរ
ក្រុម​ទាំងពីរ​នឹងត្រូវ​ប្រកួត​នៅ​កីឡដ្ឋាន​ខេត្តស្វាយរៀង វេលា​ម៉ោង ៦​និង​០០​នាទី​ល្ងាច ដោយមាន​ការផ្សាយ​ផ្ទាល់​តាមរយៈ​ស្ថានីយ​ទូរទស្សន៍ BTV News​។ ព្រះខ័ន​រាជ​ស្វាយរៀង នឹងត្រូវ​ប្រកួត​ក្នុងនាម​ជា​ក្រុម​ការពារ​តំណែង​ជើងឯក ខណៈ​មុន​ការប្រកួត​មកដល់​ក្រុម​មាន​មូលដ្ឋាន​នៅ​ខេត្តស្វាយរៀង មួយ​នេះ បានធ្វើការ​នាំចូល​កីឡាករ​ទាំង​ខ្មែរ នឹង​បរទេស​គួរ​ឲ្យ​កត់សម្គាល់​ដូចគ្នា ដូច​ជាការ​នាំចូល​កីឡាករ ឈិន ឈឿន ពី​ក្រសួងការពារជាតិ​, ខ្សែការពារ​ចាស់វស្សា ទៀង ទី​នី និង​កីឡាករ​បរទេស​ចំនួន ២​រូប​បន្ថែម​ផងដែរ ខណៈ​សូល​ទី​ឡូ​អង្គរ ហាក់​មិនសូវមាន​ការផ្លាស់ប្ដូរ​សមាសភាព​កីឡាករ​ច្រើន ប៉ុន្តែ​ភាគច្រើន​គឺ​បន្ត​កិច្ចសន្យា​ដល់​កីឡាករ​របស់ខ្លួន​។

ចំពោះ​ប្រវត្តិ​ជួបគ្នា ៤​លើកចុងក្រោយ លទ្ធផល​រវាង​ក្រុម​ទាំង ២​គឺ​ព្រះខ័ន​រាជ​ស្វាយរៀង ធ្វើ​បាន​ល្អ​ជាង ដោយ​ឈ្នះ​ទាំង ៤​ប្រកួត​ចុងក្រោយ ពោលគឺ​កាលពី​ឆ្នាំ​២០១៩ ជើង​ទី​១ ព្រះខ័ន​រាជ​ស្វាយរៀង ឈ្នះ ០-១ ជើង​ទី​២ បន្ត​ឈ្នះ ដោយ​លទ្ធផល ៦-១ ខណៈ​កាលពី​ឆ្នាំ​២០១៨ សូល​ទី​ឡូ​អង្គរ បាន​ចាញ់​ទាំងពីរ​ជើង​ដូចគ្នា រួមមាន ជើង​ទី​១ ចាញ់ ១-២ និង​ជើង​ទី​២ ចាញ់ ៥-២៕
ម៉េង ហួរ

    



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114