ព្រឹត្តិការណ៍​បាល់ទាត់​អាស៊ាន ស្ថិត​ក្នុង​សញ្ញា​ស្ងប់ស្ងាត់ ដ្បិត​ជំងឺ កូ​វីដ​១៩ កំពុង​កើតមាន​ពេញ​តំបន់​

​ការប្រកួត​បាល់ទាត់​ពាន​រង្វាន់​ជើងឯក​អាស៊ីអាគ្នេយ៍ (South East Asia Football Tournament) មួយ​ចំនួន​ធំ​កំពុង​ស្ថិត​ក្នុង សញ្ញា​នៃ​ភាព​ស្ងប់ស្ងាត់ បន្ទាប់ពី​ជំងឺ​កូ​វីដ​១៩ កំពុង​កើតមាន​ពេញ​តំបន់​ដែល​មាន ១០​ប្រទេស​ជា​សមាជិក​មួយ​នេះ​។ នេះ​បើ​គិត​ត្រឹម​ថ្ងៃ​២៤ ខែមីនា ឆ្នាំ​២០២០​។

​និយាយ​អំពី​ការប្រកួត​បាល់ទាត់ សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ីអាគ្នេយ៍ តែង​តែ​មាន​ការប្រកួត ឈុត​ជម្រើស​ជាតិ​ជាច្រើន​ដូចជា ជម្រើស​ជាតិ​ឈុត​ធំ (​បុរស​-​នារី​), ជម្រើស​ជាតិ​យុវជន (​យុវជន​អាយុ​ក្រោម​២២​ឆ្នាំ​, ១៩​ឆ្នាំ និង​១៦​ឆ្នាំ – យុវនារី​អាយុ​ក្រោម ១៦​ឆ្នាំ​), និង​ក្រុម​ជម្រើស​ជាតិ​ហ្វូ​ត​សាល ខណៈ​ខាងក្រោម​គឺជា​កម្មវិធី​ប្រកួត​ខ្លះៗ​ ដែល​ស្ថិត​ក្នុង​គម្រោង​ប្រកួត​នៅ​ក្នុង​ឆ្នាំនេះ​។

​សម្រាប់​ក្រុម​ជម្រើស​ជាតិ​ឈុត​ធំ ពានរង្វាន់​ដ៏​សំខាន់​ដែល​គ្រោង​នឹង​កើត​មាននៅ​ចុង​ឆ្នាំ គឺ​ការប្រកួត​ពានរង្វាន់​ជើងឯក​អាស៊ីអាគ្នេយ៍ (2020 AFF Suzuki Cup) ឆ្នាំ​២០២០ ដែល​គ្រោង​ធ្វើ​នៅ​ចន្លោះ​ថ្ងៃទី​២៣ ខែ​វិច្ឆិកា ឆ្នាំ​២០២០ នឹង​បន្ត​រហូតដល់​ចុងខែ​ធ្នូ ថ្ងៃ​ទី​៣១ ខណៈ​មក​ទល់​ពេល​នេះ គឺ​នៅ​មាន​ភាព​ស្រពិចស្រពិល នៅឡើយ​។​
​សម្រាប់​ក្រុមបាល់ទាត់​ជម្រើស​ជាតិ​នារី ឈុត​ធំ នៅ​ឆ្នាំ​២០២០ គឺ​គ្រោង​នឹង​ចូលរួម​ប្រកួត​ពានរង្វាន់​ជើងឯក​នារី​អាស៊ីអាគ្នេយ៍ (AFF Women’s Championship) ដែល​ជា​ទូទៅ​គ្រោង​ធ្វើ​នៅ​អំឡុង​ពាក់កណ្ដាល​ខែ​សីហា ខណៈ​ឆ្នាំនេះ​នឹង​ធ្វើ​នៅ​ប្រទេស​ហ្វីលីពីន ក៏​ហាក់​មាន​ភាព​ស្ងប់ស្ងាត់​ដូចគ្នា​។

​ក្រុមបាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា អាយុ​ក្រោម ១៩​ឆ្នាំ នៅ​ឆ្នាំ​២០២០ នេះ​នឹង​ចូល​រួម​ព្រឹត្តិការណ៍ ២​ធំៗ ពោល​គឺ​អាច​នៅ​អំឡុង​ចុងខែ​សីហា ដល់​ដើមខែ​កញ្ញា ចូលរួម​ប្រកួត ជើងឯក​យុវជន​អាស៊ីអាគ្នេយ៍ អាយុ​ក្រោម ១៩​ឆ្នាំ (AFF U-19 Championship) ដែល​ឆ្នាំ​២០២០ ឥណ្ឌូណេស៊ី ធ្វើជា​ម្ចាស់ផ្ទះ ជា​មួយ​នឹង​ភាព​ស្ងប់ស្ងាត់​នៅតែ​បន្ត​មក​ទល់​ពេល​នេះ​។

​ចំពោះ​ក្រុមបាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា អាយុ​ក្រោម ១៦​ឆ្នាំ នៅ​ឆ្នាំ​២០២០ នេះ​ផង​ដែរ នឹង​ចូល​រួម​ការប្រកួត ជើងឯក​យុវជន​អាស៊ីអាគ្នេយ៍ អាយុ​ក្រោម ១៦​ឆ្នាំ AFF U-16 Championship ) ដែល​ជា​ទូទៅ​ធ្វើឡើង​នៅ​អំឡុង​ខែ​កក្កដា ឬក៏​ដើមខែ​សីហា ស្រប​ពេល​ដែល​ឆ្នាំ​២០២០ ពានរង្វាន់​នេះ​នឹង​ធ្វើ​ឡើង​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​។

​សម្រាប់​ក្រុមបាល់ទាត់​ជម្រើស​ជាតិ​នារី អាយុ​ក្រោម ១៦​ឆ្នាំ ក៏​នឹង​ត្រៀម​ចូលរួម​ប្រកួត​ពានរង្វាន់​ជើងឯក​នារី​អាស៊ីអាគ្នេយ៍ អាយុ​ក្រោម ១៦​ឆ្នាំ (AFF U-16 Women’s Championship) ដែល​គ្រោង​នឹង​ធ្វើ​នៅ​អំឡុង​ខែ​ឧសភា ហើយ​ឆ្នាំ​២០២០ នេះ​ផង​ដែរ ឥណ្ឌូណេស៊ី នឹង​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​។

​ក្រុមបាល់ទាត់​ជម្រើស​ជាតិ​ហ្វូ​ត​សាល​កម្ពុជា ក្នុង​ឆ្នាំ​២០២០ នេះ​ក៏​គ្រោង​នឹង​ចូលរួម​ប្រកួត​ពានរង្វាន់​ជើងឯក​ហ្វូ​ត​សាល ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ ( AFF Futsal Championship ) ដែល​ឆ្នាំនេះ​គ្រោង​ធ្វើ​នៅ​អំឡុង​ខែ​តុលា ផង​ដែរ យ៉ាងណា​គ្រប់​ការប្រកួត​ពានរង្វាន់​ខាងលើ​អាច​នឹង​ត្រូវ​ផ្អាក ឬ​ពន្យា​ពេល ប្រសិនបើ​ករណី​ជំងឺ កូ​វីដ​១៩ ហាក់​មិនទាន់​ធូរស្បើយ​មុន​ខែ​ឧសភា នោះ​ទេ។

សូមបញ្ជាក់​ថា វីរុស កូ​វីដ​១៩ ដែលមាន​ឈ្មោះ​ដើម​ថា វីរុស​កូ​រ៉ូ​ណា បាន​ផ្ទុះឡើង​កាលពី​ខែ​ធ្នូ ឆ្នាំ​២០១៩ នៅ​ទីក្រុង​វូ​ហាន ប្រទេស​ចិន ខណៈ​ការប្រកួត​បាល់ទាត់​មួយ​ចំនួន​ធំ​ នៅ​ជុំវិញ​ពិភពលោក​បានសម្រេច​ផ្អាក ក៏ដូចជា​ពន្យា​ពេល​ជា​បន្តបន្ទាប់​ហើយ ដើម្បី​បង្ការ​ការ​រីក​រាលដាល​នៃ​វីរុស​ខាង​ផ្លូវ​ដង្ហើម​ដ៏​អាក្រក់​នេះ​៕