កីឡាករ Paulo Dybala ជួយ​ឲ្យ​ក្រុម Juventus​ឈ្នះ​ក្រុម Udinese៤-០​នៅ Coppa Italia

ខ្សែប្រយុទ្ធ​របស់​ក្រុម​សេះបង្កង់ Juventus​កីឡាករ Paulo Dybala រកបាន​២​គ្រាប់​ម្នាក់ឯង និង​ជួយ​ឲ្យ​មាន​គ្រាប់​បាល់​របស់​កីឡាករ Gonzalo Higuain ពេលដែល​ក្រុម​យក្ស​នៅ Turin​មួយ​នេះ បាន​បំបាក់​ក្រុម Udinese​មិន​ឲ្យ​ងើបមុខ​រួច​ក្នុង​លទ្ធផល​៤-០​នៅ​ការប្រកួត Coppa Italia របស់​ពួកគេ កាលពី​ថ្ងៃ​ពុធ​។

ខណៈពេល​នោះដែរ ក្រុម AC Milan​បាន​បំភ្លេច​បញ្ហា​របស់​ពួកគេ​នៅ Serie A មួយរយៈ​ពេល ក្រោយ​ពួកគេ​រកបាន​ជ័យជំនះ​៣-០​លើ​ក្រុម APAL​នៅ​ការប្រកួត​វគ្គ​១៦​ក្រុម​ចុងក្រោយ​ផ្សេង​មួយទៀត ហើយ​ក្រុម Fiorentina បាន​យកឈ្នះ​ក្រុម​ជើងឯក​រង​កាលពី​រដូវ​កាល​មុន Atalanta ២-១ បើទោះបីជា​ពួកគេ​នៅសល់​គ្នា​ត្រឹម​១០​នាក់​ក៏ដោយ​។

ក្រុម Juventus​ដែល​គ្មាន​វត្តមាន​របស់​កីឡាករ Cristiano Ronaldo ដោយសារតែ​បញ្ហា​រលាក​ស៊ី​នូ​ស​នោះ បានធ្វើ​ការនាំ​មុខមុន ក្រោយ​លេង​បាន​១៦​នាទី​ប៉ុណ្ណោះ ជាហេតុ​ធ្វើ​ឲ្យ​គ្រូបង្វឹក Maurizio Sarri របស់​ពួកគេ រំភើបចិត្ត​ជាខ្លាំង​។

ការលេង​បាល់​ឆ្ងាយ រវាង​កីឡាករ Dybala និង​កីឡាករ Higuain ផុត​ខ្សែបម្រើ​របស់​ក្រុម Udinese មុន​ពេលដែល​កីឡាករ Higuain ស៊ុត​បាល់​មួយ​ជើង​ផុតដៃ​អ្នកចាំទី Nicolas ។

កីឡាករ Dybala បាន​បន្ថែម​១​គ្រាប់​ទៀត​នៅ​១០​នាទី​បន្ទាប់ ជាមួយនឹង​ការ​ពេន​មួយ​ជើង​នៅ​ការ​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី ក្រោយ​កីឡាករ Nicolas បង្កកំហុស​មកលើ​កីឡាករ Federico Bernardeschi​។​
​ចំណែកឯ កីឡាករ Krzysztof Piatek, SamuCastillejo និង​កីឡាករ Theo Hernandez សុទ្ធតែ​រកបាន​គ្រាប់​បាល់​ដូចគ្នា​សម្រាប់​ក្រុម AC Milan ដែល​បច្ចុប្បន្ន​ឈរ​នៅ​លេខ​រៀង​ទី​១០​នៅលើ​តារាង Serie A​ក្រោយ​ជួប​នូវ​រដូវ​កាល​ដ៏​ដុនដាប​របស់ខ្លួន ខណៈពេលដែល​ខ្សែប្រយុទ្ធ​ជើងចាស់ Zlatan Ibrahimovic ស្ថិតនៅ​ជា​កីឡាករ​បម្រុង​៕
សា​រ៉ាត់



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114