BREAKING NEWS
Search

Privat Mbarga និយាយ​អំពី​មហិច្ឆតា​របស់​ខ្លួន​ក្នុង​ឆ្នាំ​២០២០​នេះ នៅ​ព្រះខ័ន​រាជ​ស្វាយរៀង​

អតីត​ម្ចាស់​ស្បែកជើង​មាស​ក្នុង​លី​គ​កំពូល​កម្ពុជា រដូវ​កាល​២០១៩ កីឡាករ​កា​មេ​រ៉ូ​ន Privat Mbarga បាន​បង្ហាញ​ប្រាប់​ពី​មហិច្ឆតា​របស់​ខ្លួន ក្នុង​ឆ្នាំ​២០២០​នេះ គឺ​ជួយ​ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង ឈ្នះ​ពាន ជាជាង​រំពឹង​អំពី​ការ​ឈ្នះ​ស្បែកជើង​មាស​សាជាថ្មី​។​

​ថ្លែងប្រាប់​ក្រុមការងារ​គេហទំព័រ​កម្ពុជា​ថ្មី ខ្សែប្រយុទ្ធ​កំពុង​លេចធ្លោ​រូបនេះ បាន​និយាយថា​ ៖ “ បច្ចុប្បន្ន​ខ្ញុំ​ត្រៀមខ្លួន​រួចរាល់​ហើយ​បន្ទាប់ពី​របួស ហើយ​រួចរាល់​ផង​ដែរ​សម្រាប់​ការប្រកួត​ដែល​នឹង​ចូល​មក​ដល់​ឆាប់ៗ​នេះ ខ្ញុំ​មាន​អារម្មណ៍​ល្អប្រសើរ ហើយ​ស្ថានភាព​ក្រុម​ទាំងមូល​ក៏​ល្អ​ផងដែរ ”។​

​គួរ​ឲ្យ​ដឹង​ថា ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង បានចាប់ផ្តើម​ប្រមូលផ្ដុំ​ហ្វឹកហាត់​សាជាថ្មី ក្រោយ​ការប្រកាស​ផ្អាក​សកម្មភាព​កីឡា​របស់​ក្រសួងសុខាភិបាល នៅ​ដើមខែ​មិថុនា​កន្លងទៅនេះ ហើយ​ក្នុងនោះ​ពួកគេ​ក៏បាន​ប្រកួត​មិត្តភាព​សម​ជើង​ប៉ុន្មាន​ប្រកួត​ផង​ដែរ មុន​ការប្រកួត​លី​គ​ត្រឡប់​មកវិញ​នៅ​ចុង​សប្ដាហ៍​នេះ​។​

​ចំពោះ​មហិច្ឆតា​របស់ខ្លួន​ក្នុង​រដូវ​កាល ២០២០​នេះ Privat បាន​និយាយថា អាទិភាព​ដែល​រូបគេ​ជ្រើស​រើស​គឺ​ភាព​ជោគជ័យ​របស់​ក្លិប ហើយ​បើសិនជា​រូបគេ​ត្រូវ​ឈ្នះ​ស្បែកជើង​មាស ច្បាស់​ណាស់ គេ​នឹង​រីករាយ តែ​សម្រាប់​គេ គឺ​គ្រប់យ៉ាង​ដើម្បី​ក្លិប​ជោគជ័យ​។

​សូម​រំលឹកថា ខ្សែប្រយុទ្ធ​សញ្ជាតិ​កា​មេ​រ៉ូ​ន​រូបនេះ បានធ្វើ​ដំណើរ​មកដល់​ប្រទេស​កម្ពុជា អំឡុង​ឆ្នាំ ២០១៤ ដោយ​លេង​ឲ្យ​ក្លិប​បឹងកេត និង​ក្រោយមកទៀត​ផ្លាស់​ទៅ​ក្លិប​វេ​ស្ទើ​ន​ភ្នំពេញ ហើយ​ក្លិប​នៅ​កម្ពុជា​មួយចំនួន​ដែល​រូបគេ​ធ្លាប់​ប្រកប​អាជីព ដូចជា អង្គ​រថា​យ​ហ្គឺ​រ​, ណាហ្គា​វើ​ល​ដ៏​, អាស៊ី​អឺរ៉ុប យូ​ណាយ​ធី​ត មុន​ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង ដែល​រូបគេ​លេង​ឲ្យ​នាពេល​បច្ចុប្បន្ននេះ​។​

Privat បាន​មើល​ឃើញ​អំពី​ការ​រីកចម្រើន ​នៃ​បាល់ទាត់​កម្ពុជា​ថា ​៖ “ ការយល់ឃើញ​របស់ខ្ញុំ គឺ​បាល់​ទាត់​នៅ​កម្ពុជា មានការ​រីកចម្រើន​ឡើងជា​រៀងរាល់​ឆ្នាំ ”។​

​បញ្ជាក់ថា ការប្រកួត​ក្របខ័ណ្ឌ​លី​គ​កំពូល​កម្ពុជា រដូវ​កាល២០២០ នឹង​បន្ត​ការប្រកួត​សប្ដាហ៍​ទី៦ នៅ​ថ្ងៃទី៤ ខែកក្កដា ដោយ​ក្នុងនោះ ព្រះខ័ន​រាជ​ស្វាយរៀង ត្រូវធ្វើ​ដំណើរ​ទៅ​ប្រកួត​ជាមួយ​យុវជន​សាលា​បាល់ទាត់​ជាតិ​បាទី វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល៕

សូមចុចអាន ៖ សំអាង ឌុន អាច​យកឈ្នះ ម៉ន គឹម​ឡុង ​បាន​ឬ​អត់ ​ក្នុង​ជំនួប​សន្សំ​ពិន្ទុ​ប្រាក់​លាន​បាយ័ន​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114