កីឡាករ Juan Mata ជួយ​ឲ្យ​ក្រុម Man Utd​ឡើងទៅ​ជុំ​ទី​៤ FA Cup​ជាមួយនឹង​ជ័យជំនះ​១-០​លើ​ក្រុម​Wolves

កីឡាករ Juan Mata​បាន​ជួយ​ឲ្យ​ក្រុម​បិសាច​ក្រហម Man Utd​ឡើងទៅ​ជុំ​ទី​៤ FA Cup​ជាមួយនឹង​គ្រាប់​បាល់​នៅ​នាទី​៦៧​របស់គាត់​ដើម្បី​សម្រេចបាន​ជ័យជំនះ​១-០​លើ​ក្រុម Wolverhampton Wanderers នៅ​ការប្រកួត​លេង​សារ​ឡើងវិញ​របស់​ពួកគេ​នៅក្នុង​ទឹកដី Old Trafford​កាលពី​ថ្ងៃ​ពុធ​។

កីឡាករ Mata​ស៊ុត​មួយ​ជើង​បានសម្រេច​ពី​ការបោះ​បាល់​ឲ្យ​របស់​កីឡាករ Anthony Martial ផុតដៃ​អ្នកចាំទី John Ruddy សម្រាប់​គ្រាប់​បាល់​១​គ្រាប់​គត់ អំឡុង​ការប្រកួត​ជាមួយ​ក្រុម Wolves​ដែល​ធ្លាប់​ទម្លាក់​ពួកគេ​ចេញពី​ការប្រកួត FA Cup​កាលពី​រដូវ​កាល​មុន ហើយ​និង​មាន​គ្រាប់​បាល់​នៅ​នាទី​១០ ត្រូវបាន​បដិសេធន៍​ចោល​ដោយ​ប្រព័ន្ធ​វីដេអូ​ជំនួយការ​អាជ្ញាកណ្តាល VAR​។

ការប្រកួត​លើកដំបូង​នៅក្នុង​ទឹកដី Molineux​រវាង​ក្រុម​ទាំង​២ បាន​បញ្ចប់ទៅ​ត្រឹម​លទ្ធផល​ស្មើ​០-០ ក្នុងនោះ​ក្រុម Man Utd​គ្មាន​ឱកាស​ស៊ុត​បាល់​ចំ​គោលដៅ​សូម្បី​តែម្តង​។

ទោះបីជា​យ៉ាងណាក៏ដោយ ជ័យជំនះ​របស់​ក្រុម Man Utd​នេះ ត្រូវបាន​ញាំញី​ដោយ​បញ្ហា​របួស​ផងដែរ ដោយសារ​កំពូល​អ្នករ​ក​គ្រាប់​បាល់​របស់​ពួកគេ គឺ​កីឡាករ Marcus Rashford ដែល​បាន​ចូល​លេង​ជា​កីឡាករ​បម្រុង​ក្នុង​តង់​ទី​២​ជំនួស​កីឡាករ Daniel James នោះ លេង​បានតែ​១៦​នាទី​ប៉ុណ្ណោះ មុនពេល​ដកចេញ​វិញ ដោយសារតែ​បញ្ហា​របួស​។

អ្នកចាត់ការ​ក្រុម Man Utd​លោក Gunnar Solskjaer បាន​និយាយប្រាប់ BT Sport​ថា វា​គឺជា​ដំណើរ​ថយក្រោយ​មួយ ប៉ុន្តែ​យើង​អាច​ដកឃ្លា​បាន​មួយរយៈ​ពេល​ដែរ​។

របួស​នេះ ធ្វើ​ឲ្យ​ខ្សែប្រយុទ្ធ​ស្ថិតនៅក្នុង​ក្រុម​ជម្រើសជាតិ​អង់គ្លេស​ម្នាក់នេះ មិន​ប្រាកដថា​អាច​លេង​បានឡើយ នៅ​ជំនួប Premier League​នា​ថ្ងៃអាទិត្យ​ខាងមុខនេះ ជាមួយ​ក្រុម​កំពូល​តារាង Liverpool​នៅក្នុង​ទឹកដី Anfield៕
សា​រ៉ាត់



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114