ព្រឹត្តិការណ៍​បាល់ទាត់​អាស៊ាន មានការ​ផ្អាក​ខ្លះ និង​បន្ត​តាម​កាលវិភាគ​ខ្លះ ដ្បិត​ជំងឺ COVID-19 កំពុង​រាតត្បាត​ពេញ​តំបន់​

​ការប្រកួត​បាល់ទាត់​ពាន​រង្វាន់​ជើងឯក​អាស៊ីអាគ្នេយ៍ (South East Asia Football Tournament) មួយ ចំនួន​បានសម្រេច​កែសម្រួល​កម្ម​វិធី​ប្រកួត​ឡើងវិញ ដែល​គ្រោង​នឹង​ធ្វើ​ឡើង​ក្នុង​រយៈពេល ៤​ខែ​ខាងមុខ​ទៀត ខណៈ​មួយ​ចំនួន​ទៀត​បន្ត​ជា​ធម្មតា​ តាម​កាលវិភាគ​ចាស់ ស្រប​ពេល​ដែល​មាន​ពាន​រង្វាន់​ត្រូវ​លើក​ទៅ​ប្រកួត​ឆ្នាំក្រោយ បន្ទាប់ពី​ជំងឺ​កូ​វីដ​១៩ (COVID-19) កំពុង​កើតមាន​ពេញ​តំបន់​ដែល​មាន ១០​ប្រទេស​ជា​សមាជិក​មួយ​នេះ​។

​យោង​តាម​ការប្រកាស​ដោ​យ​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ាន (AFF) ព្រឹត្តិការណ៍​ចំនួន ៤​នឹង​ត្រូវ​ពន្យារពេល​ទៅ​កាលបរិច្ឆេទ​ក្រោយៗ​ទៀត​នៅ​ឆ្នាំនេះ គឺ​មាន​ព្រឹត្តិការណ៍​បាល់ទាត់​នារី​អាស៊ីអាគ្នេយ៍ (AFF Women’s Championship) ដែល​គ្រោង​ធ្វើ​នៅ​ប្រទេស​ហ្វីលីពីន នា​ខែ​ឧសភា ព្រឹត្តិការណ៍​យុវជន និង​យុវនារី ៣​ទៀត​ដែល​ត្រូវ​ផ្លាស់ប្ដូរ​ផង​ដែរ​នោះ គឺ​ការប្រកួត​ពានរង្វាន់​បាល់ទាត់​នារី​អាយុ​ក្រោម ១៨​ឆ្នាំ​, ពាន​យុវជន​អាយុ​ក្រោម ១៦​ឆ្នាំ និង​ពាន​យុវជន​អាយុ​ក្រោម ១៩​ឆ្នាំ (AFF U18 Women’s Championship, AFF U16 Boys Championship និង AFF U19 Boys Championship) ដែល​គ្រោង​ធ្វើ​នៅ​ប្រទេស​ឥណ្ឌូណេស៊ី ក្នុង​ខែ​មិថុនា ខែ​កក្កដា និង​សីហា​។

​ចំពោះ​ព្រឹត្តិការណ៍​ចំនួន ៥​ផ្សេងទៀត ដែល​នឹង​បន្ត​ប្រព្រឹត្ត​ទៅតាម​ការ​គ្រោង​ទុក គឺ​រួមមាន​ការប្រកួត​ពានរ​ង្វាន់​បាល់ទាត់​នារី​អាយុ​ក្រោម ១៥​ឆ្នាំ (AFF U15 Girls ’Championship) នៅ​ឥណ្ឌូណេស៊ី នា​ខែ​កញ្ញា​នេះ រួម​ជាមួយ​ព្រឹត្តិការណ៍​បាល់ទាត់​ក្នុង​សាល​, ក្លឹប​បាល់ទាត់​ក្នុង​សាល និង​បាល់ទាត់​លើ​ឆ្នេរ​ខ្សាច់ (AFF Futsal Championship, AFF Futsal Club Championship, AFF Beach Football Championship) ដែល​ធ្វើ​នៅ​ប្រទេស​ថៃ នា​ចុង​ឆ្នាំនេះ និង​ជាពិសេស​ពានរង្វាន់​បាល់ទាត់​ជើងឯក​អាស៊ីអាគ្នេយ៍ (AFF Suzuki Cup) នឹង​រក្សា​នៅ​ដដែល ដែល​តាម​ការ​គ្រោង​ទុក​គឺ​ចាប់ផ្ដើម​នៅ​ខែ​វិច្ឆិកា ឆ្នាំនេះ​។ យ៉ាងណា​បើ​ស្ថានការណ៍​នៅតែ​មិន​ធូរស្បើយ ករណី​ផ្អាក ឬ​លុបចោល​អាច​នឹង​កើតមានឡើង​ផង​ដែរ​។

​ព្រឹត្តិការណ៍​ដែល​លើក​ទៅ​ឆ្នាំក្រោយ​វិញ គឺ​ការប្រកួត​ពានរង្វាន់​ក្លឹប​បាល់ទាត់​អាស៊ីអាគ្នេយ៍ (Asean Club Championships – ACC) ដែល​រំពឹង​ទុក​ថា​នឹង​ចាប់​ផ្ដើម​លើកដំបូង​នៅ​ឆ្នាំនេះ ដោយសារតែ ពានរង្វាន់​នេះ​ត្រូវ​ចំណាយ​រយៈពេល​ប្រកួត​ជាង ៥​ខែ ប៉ុន្តែ​ជា​មួយ​នឹង​លក្ខខណ្ឌ​នៅ​ពេល​នេះ ហើយ​ការ​កែប្រែ​កម្មវិធី​ប្រកួត​លី​គ​តាម​បណ្ដា​ប្រទេស​ក្នុង​តំបន់​ទាំង​១១ និង​ពានរង្វាន់​របស់ AFC មិនទាន់​បានសម្រេច​ពេលវេលា​ច្បាស់លាស់​នៅឡើយ ដើម្បី​បញ្ចប់​ការប្រកួត​ជើងឯក​ប្រចាំ​ឆ្នាំ​ផង​ដែរ​នោះ ក៏​ជា​កត្តា​ផង​ដែរ​។

​សូម​បញ្ជាក់​ថា វីរុស COVID-19 ដែល​មាន​ឈ្មោះ​ដើម​ថា វីរុស​កូ​រ៉ូ​ណា បាន​ផ្ទុះឡើង​កាលពី​ខែ​ធ្នូ ឆ្នាំ​២០១៩ នៅ​ទីក្រុង​វូ​ហាន ប្រទេស​ចិន ខណៈ​ការប្រកួត​បាល់ទាត់​មួយ​ចំនួន​ធំ​នៅ​ជុំវិញ​ពិភពលោក​បានសម្រេច​ផ្អាក ក៏ដូចជា​ពន្យារ​ពេល​ជា​បន្តបន្ទាប់​ហើយ ដើម្បី​បង្ការ​ការ​រីក​រាលដាល​នៃ​វីរុស​ខាង​ផ្លូវ​ដង្ហើម​ដ៏​អាក្រក់​នេះ​៕