ភ្នំពេញ​ក្រោ​ន តែងតាំង​លោក ស៊ុំ វណ្ណា ជា​គ្រូបង្វឹក​អចិន្ត្រៃយ៍​ជា​ផ្លូវការ​

កាលពី​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០២០ ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន បានធ្វើ​ការប្រកាស​តែងតាំង​លោក ស៊ុំ វណ្ណា ឲ្យ​ក្លាយជា​គ្រូបង្វឹក​អចិន្ត្រៃយ៍​របស់ខ្លួន​ជា​ផ្លូវការ ហើយ បន្ទាប់ពី​មានឈ្មោះ​គ្រូបង្វឹក​បណ្ដោះអាសន្ន តាំងពី​សប្ដាហ៍​ទី​៦ នៃ​លី​គ​កំពូល​កម្ពុជា រដូវ​កាល​មុន​រួចមក​។

នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ក្លិប បាន​សរសេរ​ថា «​ក្លឹប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន​បានសម្រេច​តែងតាំង​លោកគ្រូ ស៊ុំ វណ្ណា ជា​គ្រូបង្វឹក​ដឹកនាំ​ក្រុម​ឈុត​ធំ​»​។

លោក ស៊ុំ វណ្ណា នាម​ជា​គ្រូ​ជំនួយ បាន​ក្លាយជា​គ្រូ​ប​ង្វឹ​បណ្ដោះអាសន្ន​របស់​ភ្នំពេញ​ក្រោ​ន កាលពីដើម​ខែឧសភា ឆ្នាំ​២០១៩ ពោលគឺ​បន្ទាប់ពី​ក្លិប​បានបញ្ចប់​កិច្ចសន្យា​ជាមួយ​គ្រូបង្វឹក​សញ្ជាតិ​ប្រេ​ស៊ី​ល លោក Leonardo Vitorino ដែល​ដឹកនាំ​ក្រុម​ទទួលបាន​នូវ​លទ្ធផល​មិនល្អ ចាប់តាំងពី​ចាប់ផ្ដើម​រដូវ​កាល ២០១៩ នៃ​លី​គ​កំពូល​កម្ពុជា ក្រោយ​កាន់​ក្រុម​បាន​ជាង ៥​ខែ​។

អ្វី​ដែល​គេ​ចង់​ចាំ​ភ្លាមៗ ប្រកួត​ដំបូង​ក្នុងនាម​ជា​គ្រូបង្វឹក​បណ្តោះអាសន្ន​លោក​បាន​ដឹកនាំ ភ្នំពេញ​ក្រោ​ន ទទួលបាន​ជ័យជម្នះ ៣​ទល់​០ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ កាលពី​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ២០១៩​។​

ចំពោះ​ការដឹកនាំ​ជារួម​របស់ លោក ស៊ុំ វណ្ណា ចាប់តាំងពី​ទទួល​ដំណែង​ជា​គ្រូ​បណ្ដោះអាសន្ន លោក​បាន​ដឹកនាំ​ភ្នំពេញ​ក្រោ​ន ប្រកួត​ច្រើនជាង ២០​ប្រកួត (​និយាយ​តែ​លី​គ​កំពូល​កម្ពុជា​) និង​បាន​រួម​ចំណែក​នាំ​ក្រុម ដែល​រក​បានតែ ៦​ពិន្ទុ ពី​ការប្រកួត​ចំនួន ៦​លើកដំបូង ក្រោម​ការដឹកនាំ​របស់ លោក Leonardo Vitorino និង​ឈរ​នៅ​លេខ​១០ នៃ​លី​គ​កំពូល​កម្ពុជា លោក​បាន​ដឹកនាំ​សរុប ឈ្នះ ១៣​លើក ស្មើ ៣​លើក និង​ចាញ់ ៤​លើក ប្រមូលបាន ៤២​ពិន្ទុ បូក​នឹង​ពិន្ទុ របស់លោក Leonardo Vitorino ដែល​បន្សល់ ៦​ពិន្ទុ សរុប ៤៨​ពិន្ទុ នាំ​ឲ្យ​ក្រុម​បញ្ចប់ទៅ​នៅ​ចំណាត់ថ្នាក់​លេខ​៦ ក្នុង​លី​គ នៅក្នុង​រដូវ​កាល​២០១៩​។

​នៅ​ក្នុង​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន វិញ លោក​បាន​ជួយ​ឲ្យ​ក្រុម​បាន​ឡើង​ដល់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ និង​ទទួលបាន​ចំណាត់ថ្នាក់​លេខ​៣ ស្ទួន ផងដែរ ខណៈ​ជា​សរុប​ក្នុងនាម​ជា​គ្រូបង្វឹក​បណ្តោះអាសន្ន​ពេញ​មួយ​រដូវ​កាល​២០១៩ លោក ស៊ុំ វណ្ណា បាន​ដឹកនាំ​ក្រុម​ចំនួន​២៥​ប្រកួត ឈ្នះ​១៦ ស្មើ​៤ និង​៥ គ្រប់ការ​ប្រកួត​ពានរ​ង្វាន់​ទាំងអស់​(​លី​គ​កំពូល​កម្ពុជា និង​ពានរង្វាន់​សម្តេច​តេ​ជោ​ហ៊ុន សែន​)​។

នៅ​រដូវ​កាល​២០២០ នេះ​វិញ ក្រោម​ការដឹកនាំ​របស់​លោក បាន​នាំចូល​កីឡាករ ១៤​រូប​ហើយ​ចាប់តាំងពី​ចុងឆ្នាំ​២០១៩ រួមមាន​ខ្សែការពារ កុក បូរី​ស ដំបូង​គេ​, Esoh Paul Omogba, កីឡាករ អ៊ុំ វិចិត្រ និង​កីឡាករ​បរ​ទេ​សញ្ជាតិ​កូ​ឡុំ​ប៊ី Andres Nieto និង​កីឡាករ​យុវជន ៥​រូប ពៅ គីម​ណាន់​, ឃុន សុខ​ម៉េង​, អ៉ី​ម សំ​អូន​, ណុប សុ​ផា​នុ និង សំណាង រិទ្ធី​, Masaaki Indeguchi, Timothy Okereke ដែល​ផ្ទេរ​មកពី​អង្គ​រថា​យ​ហ្គឺ​រ និង​ចុងក្រោយ​ថ្មីៗ​នេះ​កីឡាករ ប៉ាក់ កែវ​ម៉ូ​នី ដែលជា​ខ្សែការពារ​កូនកាត់​ខ្មែរ​បារាំង​៕
ម៉េង ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114