ព័ត៍មានទាន់​ហេតុការណ៏
Search

ឪពុក​កីឡាករ​ព្រះខ័ន​រាជ​ស្វាយរៀង មួយរូប​ ទទួល​តំណែង​ជា​អភិបាលរង​ខេត្តស្ទឹងត្រែង

ឪពុក​បង្កើត​សមាជិក​របស់​ក្លិប​ម្ចាស់​ជើងឯក​លី​គ​កំពូល​កម្ពុជា រដូវ​កាល​២០១៩ ព្រះខ័ន​រាជ​ស្វាយរៀង គឺ​កីឡាករ សួន សុវណ្ណ បានទទួល​តំណែង​ជា​អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​ស្ទឹងត្រែង នេះ​បើតាម​សមី​កីឡាករ បង្ហើប​នៅ​ព្រឹក​ថ្ងៃទី​០៣ ខែធ្នូ ឆ្នាំ​២០១៩។

សមាជិក​ព្រះខ័ន​រាជ​ស្វាយរៀង រូបនេះ​បាន​បង្ហោះ​អបអរ​ឪពុក​របស់ខ្លួន ដែល​ត្រូវបាន​អនុក្រឹត្យ​ប្រកាស​តែងតាំង ឪពុក​ឈ្មោះ ស៊ី សួន ឋានន្តរស័ក្តិ​ឧ​ត្ត​ម​មន្ត្រី ថ្នាក់​លេខ​៤ ឲ្យ​កាន់​មុខតំណែង​ជា​អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​ស្ទឹងត្រែង​។​

ពិធី​ប្រកាស​តែងតាំង លោក ស៊ី សួន ជា​អភិបាលរង នៃ​គណៈ​អភិ​បាល​ខេត្តស្ទឹងត្រែង នេះ​ធ្វើឡើង​ក្រោម​អធិបតីភាព​ឯកឧត្តម លេង វី រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដែល​ពិធី​នេះ​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​សាលាខេត្ត មន្ត្រីរាជការ​ស៊ីវិល សរុប និង​អ្នករាជការ​ជុំវិញ​ខេត្តស្ទឹងត្រែង ប្រមាណ ៣០០​នាក់​។​

និយាយ​ពី​កីឡាករ សួន សុវណ្ណ មាន​ដើមកំណើត​ខេត្តស្ទឹងត្រែង​ជា​កន្លែង​ពុំ​សូវ​មាន​កីឡាករ​មកលេង​លី​គ​ច្រើន ប៉ុន្តែ​ធ្លាប់ជួយ​ក្រុម​ជម្រើស​ខេត្តស្ទឹងត្រែង មុនពេល​លោក ស៊ុំ វណ្ណា គ្រូបង្វឹក​របស់​ក្រុម​មជ្ឈមណ្ឌល​កំចាត់មីន​ក​ម្ពុ​ជា (​បច្ចុប្បន្ន​ជា​គ្រូ​បណ្ដោះអាសន្ន​ភ្នំពេញ​ក្រោ​ន​) នៅ​ឆ្នាំ​២០១៥ បាន​នាំយក​រូបគេ​មក​ចូលរួម​ក្រុម​។ គ្រានោះ សុវណ្ណ បាន​ត្រឹម​លេង​ក្នុង​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន ប៉ុណ្ណោះ​។ ក្រោយ​លោក ស៊ុំ វណ្ណា ផ្លាស់ប្តូរ​ក្លិប​ទៅ​ដឹកនាំ​ក្រុម​វេ​ស្ទើ​ន ក៏​នាំយក​កីឡាករ​រូបនេះ​ទៅ​រួម​ក្រុម​ផងដែរ​។​

អំឡុងពេល​នៅ​ជាមួយ វេ​ស្ទើ​ន​ភ្នំពេញ រូបគេ​ជា​ផ្នែក​មួយ​ឲ្យ​ក្រុម​រក្សា​កៅអី​ក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា​ឆ្នាំ​២០១៧ កន្លងទៅ​ផងដែរ​។ ប៉ុន្តែ​ដល់​រដូវ​កាល​ឆ្នាំ​២០១៨ នេះ សួន សុវណ្ណ បានសម្រេច​ចិត្ត​ចូលរួម​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង វិញ​ម្តង​ដែល​រូបគេ​បាន​សម្លឹង​ឃើញ​ពី​សក្ដានុពល​ជាមួយ​ក្រុម​ថ្មី ដែលមាន​ឱកាស​សាង​កេរ្តិ៍ឈ្មោះ​ល្បី​ល្បាយ​ដូច​កីឡាករ​ឆ្នើមៗ​ក្នុង​ក្រុម រហូតដល់​ឆ្នាំ​២០១៩ បាន​ជួយ​ឲ្យ​ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង លើក​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា ដែលជា​ពាន​កម្រិត​អាជីព​លើកដំបូង​ក្នុង​ជីវិត​របស់គេ ហើយ​ថែមទាំង​បាន​ជួយ​ក្លិប​ឲ្យ​ឡើងដល់​វគ្គ​ផ្ដាច់ព្រ័ត្រ ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន ដោយ​ទទួលបាន​ជើងឯក​រង​ផងដែរ​។​

ឆ្នាំ​២០១៩ នេះ​ផងដែរ ក៏​ជា​ឆ្នាំ​ដែល​កីឡាករ​រូបនេះ ទទួលបាន​ការកោះហៅ​ចូល​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា ក្រោម​ការដឹកនាំ​ដោយ​លោក Keisuke Honda និង​លោក Felix Dalmas ប៉ុន្តែ​មានឈ្មោះ​ត្រឹម​បញ្ជី​បឋម បាន​ចូលរួម​ហ្វឹកហាត់ និង​មិនមាន​ឈ្មោះ​ក្នុង​បញ្ជី ២៣​នាក់​ចុងក្រោយ​ឡើយ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114