ភ្លើង​ឆេះ​ជើងភ្នំ​ខ្លា​កូន​​​យ៉ាង​សន្ធោសន្ធៅ ​ដោយ​មិន​ដឹង​មូលហេតុ

បន្ទាយមានជ័យ​ ៖ ​លោក​អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ, ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម ស្នងការ​ខេត្ត, លោក​ហ៊ឹ​ល​ រ៉ា​យ៉ា អភិបាលក្រុង​សិរីសោភ័ណ និង​កងកម្លាំង​ទាំង​៣​ប្រភេទ ​បាន​ចូលរួម​ពន្លត់ភ្លើង​ឆេះ ​ជើង​ភ្នំ​ខ្លា​​កូន​​​យ៉ាង​សស្រាក់សស្រាំ ក្នុង​រយៈពេល​ខ្លី​ ភ្លើង​ ​ត្រូវ​បាន​រលត់​ជា​ស្ថាពរ​នៅ​យប់​ថ្ងៃ​ទី​២៥ ខែ​មករា ឆ្នាំ​២០២០ ស្ថិតនៅ​ភូមិ​ខ្លា​កូន​ចាស់ សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយ​ជ័យ។

បើ​តាម​​ការ​អះអាង​របស់​លោក​ហ៊ឹល​រ៉ា​យ៉ា​ បាន​និយាយ​ថា ​ភ្លើង​ឆេះ​ជើងភ្នំ​នេះ​ មិន​ទាន់​ដឹង​មូលហេតុ​​ទេ​ ​ដោយ​ស្ថិត​ក្នុង​ការស៊ើបអង្កេត​របស់​នគរបាល​យុត្តិធម៌​នៅឡើយ។ ​​ការ​ឆេះ​នេះ ​នគរបាល​ខេត្ត​បាន​បញ្ចេញ​រថយន្ត​​ពន្លត់​អគ្គិភ័យ​ជាច្រើន​គ្រឿង​ជួយ​ពន្លត់​យ៉ាង​ញាប់​ដៃ​ញាប់​ជើង​ ព្រោះ​​ល្បឿន​ខ្យល់ ​និង​សភាព​ស្មៅ រុក្ខជាតិ ដើមឈើ​ មាន​សភាព​ស្វិត​រញម ជ្រុះ​ស្លឹក​នា​​រដូវប្រាំង​នេះ។ ទោះ​យ៉ាង​ណា ​សមត្ថកិច្ច​ចម្រុះ ​ធ្វើ​អន្តរាគមន៍​ប្រហែល​១​ម៉ោង​ក្រោយមក ​ភ្លើង​បាន​ពន្លត់​ជា​ស្ថាពរ។ ក្នុង​នោះ​លោក​ឧត្ដមសេនីយ៍ទោ អាត់ ខែម ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ បាន​ឲ្យ​ដឹង​ថា ​លោក​បាន​បញ្ជា​ឲ្យ​មន្ត្រី​នគរបាល​យក​រថយន្ត​ពន្លត់​អគ្គិភ័យ ៣​គ្រឿង​ជួយ​ពន្លត់​ក្នុង​ករណី​ភ្លើង​ឆេះ​ភ្នំ​ខ្លា​កូន​នេះ​ ក្រែង​ភ្លើង​ឆេះ​រាល​ដល់​ផ្ទះ ប្រជាជន​នៅ​ជិត​នោះ​ផង​ដែរ។

ចំណែក​ការ​ខូចខាត​ទ្រព្យសម្បត្តិ​ នៅ​មិនទាន់​ដឹង​នៅឡើយ ​ដូច្នេះ​សូម​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ខេត្ត​បន្ទាយមានជ័យ​ទាំងអស់​ត្រូវ​មាន​ការប្រុងប្រយ័ត្ន​ឲ្យ​ខ្ពស់​ចំពោះ​ភ្លើង​ឆេះ​ព្រៃ​នេះ៕
គង្គា​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114