ព័ត៍មានទាន់​ហេតុការណ៏
Search

ភ្ញាក់ផ្អើល! កំពុង​​ដើរ​រក​គល់​ឈើ​ចាស់​ៗ ​ស្រាប់តែ​ប្រទះ​ឃើញ​គ្រាប់​DK ​75 ជាច្រើន​គ្រាប់

បាត់ដំបង​ ៖​ គ្រាប់កាំភ្លើង​ធុន​DK75 ប្រមាណ​ជាង​៣០​គ្រាប់​ ដែល​គ្រាប់​ទាំង​នេះ​ មាន​ច្រក​ក្នុង​បំពង់​ការពារ​យ៉ាង​ល្អ ត្រូវ​បាន​គេ​ប្រទះឃើញ​កប់​ក្នុង​ដីចម្ការ​មួយ​កន្លែង​ ហើយ​គ្រាប់​ទាំង​នេះ ​នៅ​មាន​គុណភាព​១០០ %​ ដែល​បច្ចុប្បន្ន​កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​ នគរបាល​ស្រុក ប្រគល់​ទៅ​ឲ្យ​អង្គភាព​ស៊ីម៉ាក់​ហើយ​ ដើម្បី​យក​ទៅ​រក្សាទុក​ទៅតាម​ជំនាញ។

យោង​តាម​របាយការណ៍​របស់​សមត្ថកិច្ច​បាន​អោយដឹងថា ការប្រទះឃើញ​គ្រាប់​នេះ គឺ​នៅវេលា​ម៉ោង ៥ ល្ងាច​ថ្ងៃទី ៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ នៅ​ចំណុច​អូរ​ឆ្នាំង​ធ្លុះ ក្នុងភូមិ​ឆក​រកា ឃុំ​ស៊ុ​ង ស្រុក​សំឡូត ខេត្ត​បាត់ដំបង ​គឺ​នៅ​ក្នុង​ដីចម្ការ​មួយ​កន្លែង​ បន្ទាប់ពី​មាន​ប្រជាពលរដ្ឋ​មួយ​ក្រុម​បាន​ដើរ​ចាក់​ដី​ដើម្បី​រក​គល់ឈើ​ចាស់ៗ ដែល​កប់​នៅ​ក្នុង​ដី។

របាយការណ៍​បាន​បន្ត​ថា បន្ទាប់ពី​ប្រជាពលរដ្ឋ​បាន​កាយ​ដី​ជា​រណ្តៅ​ក៏បាន​ប្រទះឃើញ​គ្រាប់​ជាច្រើន ដែល​គ្រាប់​ទាំងនោះ​សុទ្ធ​តែមាន​ច្រក​ក្នុង​បំពង់​ការពារ​យ៉ាង​ត្រឹមត្រូវ ​ទើប​បង្ក​ការ​ភ្ញាក់ផ្អើល​តែម្ដង។ នៅ​ល្ងាច​ថ្ងៃ​នោះដែរ បន្ទាប់ពី​ប្រជាពលរដ្ឋ​បាន​លើកយក​គ្រាប់​ចេញពី​រណ្ដៅ​បាន​ចំនួន ១២ គ្រាប់ រួចមក កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​ក៏បាន​បញ្ជា​ឲ្យ​ផ្អាក​សិន​ ដោយ​បាន​រាយការណ៍​ទៅ​កម្លាំង​អង្គភាព​ស៊ីម៉ាក់​ប្រចាំ​តំបន់ ចុះមក​ត្រួតពិនិត្យ ព្រោះ​ខ្លាច​មាន​គ្រោះថ្នាក់។

នៅ​ព្រឹក​ថ្ងៃ​ទី​៨​នេះ​ មាន​លោក​អធិការ​ កោ ស៊ុន​កាំ​ង មាន​កម្លាំង​វរៈ​ការពារ​ព្រំដែន និង អង្គភាព​ស៊ីម៉ាក់​ បាន​ចុះទៅ​កាន់​ចំណុច​ខាងលើ​ ព្រមទាំង​បាន​បន្ត​កាយ​រក​គ្រាប់​ទាំងនោះ​ចេញពី​រណ្ដៅ ដែល​សរុប​មាន​ចំនួន​៣៤​គ្រាប់ រីឯ​គុណភាព​របស់​គ្រាប់ គឺ​នៅ​ល្អ​១០០% ដោយសារ​តែ​មាន​បំពង់​ការពារ​ នូវ​ការ​ជ្រាប​ទឹក​ និង​ការ​ប៉ះពាល់​ដី។

លោក ព្រីង បញ្ញា​ឫទ្ធិ ប្រធាន​អង្គភាព​កំចាត់មីន ស៊ីម៉ាក់ ប្រចាំ​ខេត្ត​បាត់ដំបង បាន​បញ្ជាក់​ថា គ្រាប់​ទាំងនេះ​ អាច​ជា​គ្រប់​ ដែល​កម្លាំង​ប្រដាប់​អាវុធ​ណាមួយ បាន​កប់​លាក់​ទុក​កាលពី​សម័យ​សង្គ្រាម ប៉ុន្តែ​ដោយសារ​តែ​មាន​បំពង់​ការពារ​ ទើប​ធ្វើ​ឲ្យ​គ្រាប់​ទាំងនេះ​នៅ​មាន​គុណភាព​ល្អ​ដដែល ​បច្ចុប្បន្ន​លោក​បាន​ចាត់​កម្លាំង​ចុះទៅ​ទទួល​យក​ទៅ​រក្សាទុក​នៅ​ក្នុង​អង្គភាព​ហើយ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114