ពលរដ្ឋ​ ដាំ​ដំណាំ ​ប្រទះឃើញ​គ្រាប់​មិនទាន់​ផ្ទុះ​នៅ​ក្នុង​ដី​ចម្ការ​របស់​ខ្លួន

ស្ទឹងត្រែង ​៖​ ប្រជាពលរដ្ឋ​ធ្វើ​ចម្ការ​កាប់​គាស់​ដី​ បាន​ប្រទះឃើញ​គ្រាប់​មិនទាន់​ផ្ទុះ​មួយ​គ្រាប់​យ៉ាង​ធំ ​​​ក្នុង​ចម្ការ​របស់​ខ្លួន ស្ថិត​ក្នុង​ភូមិ​រាជា​នុ​កូ​ល សង្កាត់​ស្ទឹងត្រែង​/ ក្រុង/​ខេត្ត​ស្ទឹងត្រែង​ កាលពីថ្ងៃទី២៦ ខែកុម្ភៈ​ ឆ្នាំ២០២០​ និង​បាន​រាយការណ៍​ដល់​អាជ្ញាធរ​មូលដ្ឋាន​ដើម្បី​យក​គ្រាប់​នោះ ​ចេញពី​ចម្ការ​​ចៀសវាង​មាន​គ្រោះថ្នាក់​កើត​ឡើង។

លោក​ ឡុង​ លី​ប៉ូ កសិករ​នៅ​ភូមិ​រា​ជានុ​កូ​ល​បាន​បញ្ជាក់​​ថា គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ នៅតែ​មាន​សេសសល់​កប់​ក្នុង​ដី​នៅឡើយ ​ព្រោះ​នៅ​ពេល​លោក​កាប់​គាស់​ដី​ដាំ​ដំណាំ​ក្នុង​ចម្ការ ​ក៏​ប្រទះ​ឃើញ​គ្រាប់​នេះ។

លោក​បន្ត​ថា កាកសំណល់​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ នៅតែ​មាន​សេសសល់​នៅ​តាម​ចម្ការ​ ប្រឈម នឹង​គ្រោះថ្នាក់​ដល់​ប្រជាកសិករ​ជា​អ្នកធ្វើ​ស្រែចម្ការ ធ្វើឲ្យ​មាន​ការភ័យខ្លាច​ ព្រោះតែ​គ្រាប់​នេះ​វា​នៅ​មិន​ទាន់​ផ្ទះ​នៅឡើយ​។

លោក​ ស្នើ​សុំឲ្យ​អាជ្ញាធរ​មូលដ្ឋាន​រាយការណ៍​ដល់​មន្ត្រី​ជំនាញ​ ឬ​ក្រុម​មជ្ឈមណ្ឌល​បោសសម្អាត​មីន (​ហៅថា​ស៊ីម៉ាក់​) មកជួយ​យក​គ្រាប់​នេះ​ទៅ​កម្ទេច​ចោល ​និង​ជួយ​ធ្វើ​សកម្មភាព​រាវរក​យក​គ្រាប់ ​និង​កាក​សំណល់​ចេញពី​ផ្ទៃដី​កសិករ​ដើម្បី​បង្ក​លទ្ធភាព​ឲ្យ​បងប្អូន​យើង​ធ្វើ​ការងារ​បង្កបង្កើនផល​មាន​សុវត្ថិភាព​។

លោក​ ឌី​ ដា​រ៉ា មន្ត្រី​មជ្ឈមណ្ឌល​បោសសម្អាត​មីន​កម្ពុជា​ប្រចាំ​នៅ​ខេត្ត​ស្ទឹងត្រែង​បាន​បញ្ជាក់ថា​លោក​បានទទួល​ដំណឹង​ពី​គ្រាប់​ដែល​ប្រជាពលរដ្ឋ​ប្រទះឃើញ​នេះហើយ​។ លោកថា​ ករណីនេះ លោក​បាន​ណែ​នាំ​ឲ្យ​ម្ចាស់​ចម្ការ​បោះ​បង្គោល​យក​ខ្សែ​ហ៊ុមព័ទ្ធ ចៀសវាង​មនុស្ស ឬ​សត្វ​ចូល​ជិត និង​ការពារ​កុំ​ឲ្យ​មាន​ភ្លើង​ផ្សែង​ឆាបឆេះ​អាច​បង្ក​គ្រោះថ្នាក់។

លោក​ថា ក្រុមការងារ​ចុះទៅ​យក​គ្រាប់​នេះ​ទៅ​កម្ទេច​ចោល​នៅ​សប្ដាហ៍​ទី​មួយ​ ខែ​មីនា ដើម្បី​កុំ​ឲ្យ​ប្រជាពលរដ្ឋ​យើង​មានការ​ភ័យខ្លាច ហើយ​ប្រសិនបើ​បងប្អូន​ បាន​ជួប​ប្រទះឃើញ​គ្រាប់​ផ្សេងៗ​ទៀត​ត្រូវ​ឆាប់​រាយការណ៍​ជូន​អាជ្ញាធរ​មូលដ្ឋាន ​ដែល​នៅ​ជិត​បំផុត​៕


អត្ថបទ ៖ ងិន លីម



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114