ភ្ញាក់ផ្អើល! ពលរដ្ឋ​ស្រុក​បន្ទាយ​អំពិល ភ្ជួរស្រែ ប្រទះឃើញ​គ្រាប់​សេសសល់​ពី​សម័យ​សង្គ្រាម​ជាច្រើន

ឧត្ដរមានជ័យ ​៖​ គ្រាប់​មីន ​និង​គ្រាប់​បេ ​ជា​ច្រើន​គ្រាប់ ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះឃើញ ​ខណៈ​កំពុង​ភ្ជួរ​ស្រែ​របស់​ខ្លួន ​ត្រង់​ចំណុច​ខាងត្បូង​ភូមិ​ពោធិ៍​ចាស់ ឃុំ​បេង ប្រហែល​២​គីឡូម៉ែត្រ ​នៅ​ថ្ងៃ​សៅរ៍ ​៩​រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព​.​ស​២៥៦៣ ត្រូវ​នឹង​ថ្ងៃ​ទី​១៨ ខែ​មករា ឆ្នាំ​២០២០ វេលា​ម៉ោង​០៩​និង​៣០​នាទី។

ក្រោយ​ពី​ប្រទះ​ឃើញ​ ​ប្រជាពលរដ្ឋ​​ ឈ្មោះ ទួ​ក វាំ ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ រស់នៅ​ភូមិ​បេង ឃុំ​បេង ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧ​ត្ត​រ​មានជ័យ​ ​ក៏​បាន​រាយការណ៍​ប្រាប់​នាយ​ប៉ុស្តិ៍​ ​ឲ្យ​ចុះ​មក​ពិនិត្យ។ ក្រោយពី​ទទួល​បាន​ព័ត៌មាន​នេះ​ លោក​អនុសេនីយ៍ឯក ឈឿង ឆប នាយ​ប៉ុស្តិ៍​បេង បាន​ចុះ​ទៅដល់​​ទីតាំង​កើតហេតុ​ ឃើញ​ថា ​​គ្រាប់​នេះ​ សរុប​មាន​​​ចំនួន​១៨​គ្រាប់ និង​សន្និដ្ឋាន​ថា ជា​គ្រាប់​សេស​សល់​ពី​សម័យ​សង្គ្រាម។

គ្រាប់​ទាំង​១៨​គ្រាប់​នោះ​រួម​មាន ​ទី​១.​ប្រភេទ​គ្រាប់ B៤០​ចំនួន​០២​គ្រាប់ ​២,​គ្រាប់មីន​ប្រភេទ​៧២A​ចំនួន​១៥​គ្រាប់ ៣,​គ្រាប់មីន​ខ្លឹម​ម៉​រ ចំនួន​០១​គ្រាប់។

បច្ចុប្បន្ន​ សមត្ថកិច្ច បាន​រាយការណ៍​ជូន​អង្គការ​ដោះមីន​កម្ពុជា យក​ទៅ​កម្ទេច​ចោល​នៅ​កន្លែង​ដែល មាន​សុវត្ថិភាព​រួចរាល់​ហើយ​៕


អត្ថបទ ៖​ ចាន់ ធី​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114