បារាំងអនុញ្ញាតឲ្យមានការប្រមូលផ្តុំខាងសាសនាឡើងវិញ ប៉ុន្តែអ្នកគោរពត្រូវតែពាក់ម៉ាស់

ក្រសួងមហាផ្ទៃបារាំងបានប្រកាសថា ប្រទេសបារាំងនឹងអនុញ្ញាតឲ្យមានការបន្តការប្រមូលផ្ដុំខាងសាសនាឡើងវិញ បន្ទាប់ពីផ្អាករយៈពេល ២ ខែដែលបណ្តាលមកពីការផ្ទុះឡើងនៃជំងឺ COVID-19 ប៉ុន្តែអ្នកគោរពនឹងត្រូវពាក់ម៉ាស់ ។

ក្រសួងបាននិយាយកាលពីល្ងាចថ្ងៃសុក្រថា ខ្លួននឹងចេញក្រឹត្យមួយដែលបង្កើតច្បាប់ថ្មីសម្រាប់ការប្រមូលផ្ដុំខាងសាសនា ។

ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យោងតាមក្រឹត្យនេះការហាមប្រាមការប្រមូលផ្តុំនានាដែលបានកំណត់នៅក្នុងខែមីនាដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលនៃវីរុសកូរ៉ូណានឹងត្រូវលុបចោលវិញ ប៉ុន្តែការគោរពនឹងត្រូវគោរពតាមលក្ខខណ្ឌនានារួមមានការពាក់ម៉ាស់ គម្លាតគ្នាយ៉ាងហោចណាស់មួយម៉ែត្ររវាងអ្នកគោរពបូជា និងការលាងសម្អាតដៃ ។

រដ្ឋាភិបាលបារាំងបានបន្ធូរបន្ថយការរឹតបន្តឹងការបិទប្រទេសរបស់ខ្លួនកាលពីដើមខែនេះ ប៉ុន្តែមិនបានបន្ធូរបន្ថយការហាមឃាត់លើការគោរពបូជានោះទេ ខណៈដែលក្រុមអ្នកជំនឿបាននិយាយថា ពួកគេត្រូវបានគេធ្វើបាបដោយអយុត្តិធម៌ ។

សេចក្តីថ្លែងការណ៍របស់ក្រសួងបាននិយាយថា ខ្លួនរំពឹងថាការគោរពនឹងចាប់ផ្តើមឡើងវិញចាប់ពីដើមខែមិថុនា ប៉ុន្តែក្នុងករណីខ្លះក្រុមអ្នកជំនឿអាចគោរពបូជាជាមួយគ្នានៅពេលច្បាប់ថ្មីត្រូវបានផ្សព្វផ្សាយនៅក្នុងប៉ុន្មានម៉ោងខាងមុខនេះ ។

បើយោងតាមរបាយការណ៍ឆ្នាំ ២០១៧ របស់មជ្ឈមណ្ឌលស្រាវជ្រាវ Pew បានឲ្យដឹងថា ប្រជាជនមូស្លីមដែលមានចំនួនប្រហែល ៩ ភាគរយនៃចំនួនប្រជាជនបារាំងនៅចុងសប្តាហ៍នេះប្រារព្ធពិធីបុណ្យ Eid al-Fitr ដែលជាថ្ងៃបុណ្យនៃការបញ្ចប់ការតមអាហាររបស់មូស្លីម ៕ REUTERS

គម្លាតគ្នាយ៉ាងហោចណាស់មួយម៉ែត្រត្រូវតែរក្សារវាងអ្នកគោរពបូជា ។ (រូប AFP)

ប្រែសម្រួល៖ ជីវ័ន្ត