បារាំង​ ប្ដេជ្ញា​បន្ត​គាំទ្រ​ទាំង​បច្ចេកទេស និង​ថវិកា ដើម្បី​អភិវឌ្ឍ​វិស័យ​កសិកម្ម​ថ្មី ដែល​ផ្តោត​ទៅ​លើ​ដំណាំ​រំពឹង​ទឹកភ្លៀង​

ភ្នំពេញ​ ៖ លោកស្រី Ophelie BOURHIS នាយិកា​ថ្មី​ដែល​ទើបត្រូវ​បានតែងតាំង​ នៃ​ទីភ្នាក់ងា​រ បារាំង​សម្រាប់​ការអភិវឌ្ឍន (AFD) ថ្មី​ប្រចាំ​កម្ពុជា និង លោក Christain FUSILLIER ប្រតិភូ​ជាន់ខ្ពស់​អញ្ជើញ​មកពី​ទីស្នាក់ការ​ធំ​នៅ​ទីក្រុង​ប៉ា​សីស បាន​ថ្លែងថា បារាំង​ប្ដេជ្ញា​បន្ត​គាំទ្រ​ទាំង​បច្ចេកទេស និង​ថវិកា ក្នុងការ​រៀបចំ​គម្រោង​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​ថ្មី ដែល​ផ្តោតទៅលើ​ដំណាំ​រំពឹង​ទឹកភ្លៀង​។​

ការ​ថ្លែង​របស់​លោក​ស្រី ​បាន​ធ្វើឡើង​ក្នុងជំនួប​ពិភាក្សា​ការងារ​ជាមួយ លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ កាលពី​ថ្ងៃទី​១៣​កុម្ភៈ នៅ​ទីស្តីការ​ក្រសួង។​ នា​ជំនួប​នោះ លោកស្រី Ophelie BOURHIS បាន​បញ្ជាក់ថា អង្គការ AFD មាន​ឆន្ទៈ​យ៉ាង​មុតមាំ​ក្នុង​ការ​ឧបត្ថម្ភ​គាំទ្រ​ទាំង​បច្ចេកទេស និង​ថវិកា​ដើម្បី​អភិវឌ្ឍ ​វិស័យ​កសិកម្ម​កម្ពុជា ដោយ​សង្កត់ធ្ងន់​ទៅលើ​ការ​កសាង​ផែនការ និង​គោល​នយោបាយ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​ពាក់ព័ន្ធ​នឹង​ខ្សែ​ច្រវាក់​តម្លៃ​ផលិតកម្ម និង​តម្លៃបន្ថែម​លើ​ផលិតកម្ម​ស្រូវ បន្លែ ការកែប្រែ​គុណភាព​ដី និង​កៅស៊ូ​គ្រួសារ​។ មាន​យោបល់​ក្នុង​កិច្ចប្រជុំ​នេះ លោក Christain FUSILLIER ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​ឯកឧត្តម​រដ្ឋមន្ត្រី និង​មន្ត្រី​ជំនាញ ​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ដែល​តែងតែ​ផ្តល់​កិច្ចសហការ​យ៉ាង​ជិតស្និទ្ធ​ដល់​ក្រុមការងារ​របស់​អង្គការ AFD ដែល​កិច្ចសហការ​នេះហើយ​បានផ្តល់​ជា​ជំនឿ​ទុកចិត្ត​មក​អង្គការ AFD ដើម្បី​បន្ត​ការគាំទ្រ និង​រៀបចំ​គម្រោង​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​ថ្មី​ដែល​ផ្តោត​ទៅលើ​ដំណាំ​រំពឹង​ទឹក​ភ្លៀង​។​

​ជា​កិច្ច​ឆ្លើយតប រដ្ឋមន្ត្រី​ បាន​សម្ដែង​នូវ​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​រដ្ឋាភិបាល​បារាំង​តាមរយៈ​អង្គការ AFD ដែល​បាន​បន្ត​គិតគូរ​យកចិត្ត​ទុកដាក់ និង​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​នៅ​កម្ពុជា​ទទួលបាន​លទ្ធផល​ជា​ផ្លែផ្កា​ដូច​ពេល​បច្ចុប្បន្ននេះ​។ ក្នុង​បរិបទ​ នៃ​កំណើនសេដ្ឋកិច្ច បដិវត្តន៍​ឧស្សាហកម្ម​ទី​៤ ឌីជីថល​ភាវូបនីយកម្ម និង​បញ្ហា​កង្វះ​ពលកម្ម​ក្នុង​វិស័យ​កសិកម្ម ក្រសួង​កំពុង​អនុវត្ត​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យនេះ​ដោយ​ផ្តោត​ជាសំខាន់​ក្នុងការ​ជំរុញ​ទំនើបកម្ម​កសិកម្ម និង​យ​ន្តុ​ប​នី​កម្ម​កសិកម្ម តាមរយៈ​ការបំពេញ​ខ្សែ​ច្រវាក់​តម្លៃ​ផលិតកម្ម​ដោយ​ចាប់ផ្តើម​ពី A ដល់ Z ដើម្បី​បង្កើន​តម្លៃបន្ថែម​ដល់​ផលិតផល​កសិកម្ម ពង្រីក​និង​ពង្រឹង​វិស័យ​កែច្នៃ វេច​ខ្ចប់ ឃ្លាំង​ស្តុក ឃ្លាំង​ត្រជាក់ និង​ការដឹកជញ្ជូន​ប្រកបដោយ​ជំនាញ បច្ចេកទេស និង​ការធានា​គុណភាព សុវត្ថិភាព អនាម័យ និង​ភូតគាម​អនាម័យ ដើម្បី​កាត់បន្ថយ​ការនាំចេញ​វត្ថុធាតុដើម​ក្នុងនោះ​មាន​វត្ថុធាតុដើម​ដូចជា ដំឡូង​មី ស្រូវ ស្វាយ និង​ស្វាយចន្ទី​។​ល​។​

​ពាក់ព័ន្ធ​នឹង​គម្រោង​ដែល​បានលើកឡើង​ខាងលើ លោក​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់ថា វិស័យ​កសិកម្ម បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ធានា​សន្តិសុខ​ស្បៀង ជំរុញ​កំណើនសេដ្ឋកិច្ច​តាមរយៈ​ការ​នាំ​ចេញ លើកកម្ពស់​ផលិតកម្ម​ក្នុងស្រុក បង្កើត​ការងារ បង្កើន​ប្រាក់ចំណូល និង​កាត់បន្ថយ​ភាពក្រីក្រ​នៅ​ក្នុង​ប្រទេស​។

ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បន្តទៀតថា ដើម្បី​ដើរ​ឲ្យ​ទាន់​បរិបទ​ នៃ​កំណើនសេដ្ឋកិច្ច និង​ឈាន​ឆ្ពោះទៅ​សម្រេច​ចក្ខុវិស័យ​របស់​រាជរ​ដ្ឋា​ភិ​បាល​នា​ឆ្នាំ​២០៣០ ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ត្រូវ​ភ្ជង់​ផ្តោតទៅលើ​ការអភិវឌ្ឍ ​ប្រកបដោយ​ចីរភាព និង​និរន្តភាព និង​បរិ​យា​ប័ន្ន​តាមរយៈ​ការអនុវត្ត​បច្ចេកវិទ្យា​កសិកម្ម​ទំនើប​ទាន់សម័យ​សមស្រប អនុវត្ត​ និង​បំពេញ​ខ្សែ​ច្រវាក់​ផលិតកម្ម និង​តម្លៃបន្ថែម អនុវត្ត​ផែនការ​ផលិតកម្ម​ច្បាស់លាស់ និង​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា ធានា​និរន្តរភាព​ក្នុងការ​ផ្គត់ផ្គង់ គុណ​ភាព អនាម័យ ភូតគាម​អនាម័យ និង​ការប្រកួតប្រជែង​។ មិនតែប៉ុណ្ណោះ ដៃគូ​អភិវឌ្ឍន៍​នានា​ក៏ត្រូវ​គិតគូរ និង​ពិនិត្យឡើងវិញ​នូវ​រាល់​សកម្មភាព​គម្រោង​ដែល​បាន​អនុវត្ត​កន្លងមក ធ្វើយ៉ាងណា​តម្រង់​ទិស​ឲ្យ​ចំ​គោលដៅ​របស់​ក្រសួង ក៏ដូចជា​របស់​រាជរ​ដ្ឋាភិ​បាល​ គឺ កំណើន​សេដ្ឋកិច្ច​ជាតិ និង​សេដ្ឋកិច្ច​គ្រួសារ​។​ ជាមួយគ្នា​នោះ រដ្ឋមន្ត្រី​ក៏បាន​ណែនាំ​ដល់​អង្គការ AFD និង​ក្រុមការងារ​ពិនិត្យ​ពិចារណា​លទ្ធភាព​ជួយផ្តល់​ការគាំទ្រ​លើ​ការពិសោធន៍​និង​ផលិត​ពូជ បច្ចេកទេស​ដាំ​ដុះ និង​ប្រមូល​ផល ឃ្លាំង​ស្តុក​ឡ​ស​ម្ងួ​ត​លើ​ដំណាំ​មួយចំនួនទៀត ដូចជា​ដំណាំ​ពោត​ចំណី ដំឡូង​មី ស្វាយ និង​ស្វាយចន្ទី​ដែល​កំពុង​មាន​សក្ដានុពល​នៅលើ​ទីផ្សារ​ក្នុង ​និង​ក្រៅ​ស្រុក ហើយ​បាន​ផ្តល់​ចំណូល​យ៉ាង​ល្អ​ជូន​ប្រជា​កសិករ​។ ទន្ទឹមនឹងនេះ ជំរុញ​ការរៀបចំ​ចងក្រង​សហគមន៍​ផលិត ដើម្បី​អនុវត្ត​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា ប្រយោជន៍​ដល់​ធានា​ការ​ផ្គត់ផ្គង់​ទាំង​បរិមាណ គុណភាព និង​ស្ថិរភាព​តម្លៃ និង​ជាពិសេស​ផែនការមេ ​និង​ប្រព័ន្ធ​ធារាសាស្ត្រ​ស្រោចស្រព​ដែល​ផ្តោត​លើ​ដំណាំ​ទាំងនេះ​ជា​សំខាន់​៕


អត្ថបទ ៖ ​ឌួង​វិ​រះ​ជ័យ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114