​អាជ្ញាធរ​ខណ្ឌ​ដង្កោ​ចុះ​ប្រតិបត្តិ​ការ​រំដោះ​ចិញ្ចើម​ផ្លូវ​សាធារណៈ​

ភ្នំពេញ ​៖ ​អាជ្ញាធរ​ខណ្ឌ​ដង្កោ ​បាន​ចេញ​ប្រតិបត្តិ​ការ​រំដោះ​ចិញ្ចើមផ្លូវ​សាធារណៈ​ ​បន្ទាប់ពី​ចេញ​សេចក្តី​ជូនដំណឹង​ឲ្យ​រុះរើ​ ​ចំនួន​ ៥​លើក ​រហូតដល់​ធ្វើការ​វាស់វែង​កំណត់​ទីតាំង​ឲ្យ​លក់ដូ​រ ចៀសវាង​ការ​រំលោភ​បំពាន​ចំណី​ផ្លូវ​សាធារណៈ។ ប៉ុន្តែ​ផ្ទុយទៅវិញ​ប្រជាពលរដ្ឋ​មួយចំនួន​មិន​ព្រម​ចូលរួម​អនុវត្ត​តាម​ការ​ណែ​​នាំ​របស់​អាជ្ញាធរ​ឡើយ។

​មន្ត្រី​សាលាសង្កាត់​ដង្កោ បាន​ប្រាប់​ឲ្យ​ដឹងថា​ នា​ព្រឹក​ថ្ងៃទី​១៨ ​ខែកុម្ភៈ​ ឆ្នាំ​២០២០​ ​អាជ្ញាធរ​ខណ្ឌ​ដង្កោ សហការ​ជាមួយ​មន្ត្រី​សាលា​សង្កាត់​ដង្កោ​ ​កម្លាំង​សណ្ដាប់​ធ្នាប់​សាលា​ ​បានចេញ​ប្រតិបត្តិ​ការចុះ​ធ្វើ​ការ​រុះរើ ​កាត់​ផ្ទាំង​ផ្សព្វផ្សាយ​​ពាណិជ្ជកម្ម​ ​ស្លាក​យីហោ​ ​សំ​យាប​ និង​សម្ភារៈ​ដាក់​តាំង​អនាធិបតេយ្យ​ និង​រំលោភ​ចំណី​ផ្លូវ​សាធារណៈ​ ​តាម​បណ្ដោយ​ផ្លូវ​ចូល​ទៅ​វិទ្យាស្ថាន​ភូមិន្ទ​កសិកម្ម​ចំការ​ដូង សង្កាត់​ដង្កោ​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​។​

​ការធ្វើ​បែបនេះ​ ​គឺដោយសារ​តែ​អាជ្ញាធរ​សង្កា​ត់​ដង្កោ​ ​បានចេញ​សេចក្តី​ជូនដំណឹង​ឲ្យ​រុះរើ​ ចំនួន ៥​លើក​ និង​ធ្វើ​ការណែនាំ​ផ្ទាល់​មាត់​ទៀត​ ​រហូតដល់​ធ្វើការ​វាស់វែង​កំណត់​ទីតាំង​ឲ្យ​លក់ដូ​រ ចៀស​វាង​ការ​រំលោភ​បំពាន​ចំណី​ផ្លូវ​សាធារណៈ​ ​ប៉ុន្តែ​បងប្អូន​ប្រជាពលរដ្ឋ​មួយ​ចំនួន​មិន​ព្រម ​អនុវត្ត​តាម​ការ​ណែនាំ​របស់​អាជ្ញាធរ​ ​ទើប​រដ្ឋបាល​ខណ្ឌ​ដង្កោ​ចាត់វិធានការ​រដ្ឋបាល​បែបនេះ​។ ​ចំពោះ​សម្ភារៈ​ទាំង​អស់​នេះ​ ​ដែល​បាន​ដកហូត​ ​ត្រូវបាន​ដឹកជញ្ជូន​យក​ទៅ​រក្សាទុក​នៅ​សាលា​ខណ្ឌ​ដង្កោ​ ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​។​

​ជុំវិញ​ការ​រុះរើ​នេះ​ផងដែរ​ ​ប្រជាពលរដ្ឋ​មួយ​ចំនួន​ក៏បាន​ចូលរួម​ជាមួយ​អាជ្ញាធរ​ ​ដោយ​ពួកគាត់​បាន​លើក​ឡើង​ថា​ ​ការធ្វើ​បែបនេះ​ ​គឺ​ពួកគាត់​ចូលរួម​ពេញទំហឹង​ ​ពីព្រោះ​ថា​ ​ចំណីផ្លូវ​សាធារណៈ​ ​គឺ​ទុក​សម្រាប់​​ប្រជាពលរដ្ឋ​ទូទៅ​ធ្វើដំណើរ​ ​ដូច្នេះ​គួរ​រក្សា​ចិញ្ចើម​ផ្លូវ​សាធារណៈ​នេះ​ឲ្យ​បានល្អ​ប្រសើរ​៕


​អត្ថបទ​៖ ​រ៉ា​វុ​ទ្ធ​