កម្ពុជា​កំពុង​ដំណើរ​ការ​ចរចា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ជាមួយ​សហភាព​សេដ្ឋកិច្ច​អឺរ៉ុប​-​អាស៊ី ដើម្បី​ពង្រីក​ទំហំ​ពាណិជ្ជកម្ម​របស់ខ្លួន

​ភ្នំពេញ ​៖ ការ​លើក​ឡើង​ពី​ដំណើរការ​ចរចា​របស់​ប្រទេស​កម្ពុជា ឆ្ពោះ​ទៅ​រក​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ជាមួយ​សហភាព​សេដ្ឋកិច្ច​អឺរ៉ុប​-​អាស៊ី​នេះ ត្រូវ​បាន​ធ្វើឡើង​នៅ​ក្នុង​ជំនួប​រវាង​ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា ជាមួយ​លោក Dmitry Tsvetkov ឯកអគ្គរដ្ឋទូត​សហព័ន្ធ​រុស្សី​ប្រចាំ​កម្ពុជា ដែល​បាន​ចប់​អាណត្តិ និង​ចូល​ជួប​ជម្រាបលា កាលពី​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​មីនា ឆ្នាំ​២០២០​។

​លោក កុយ គួ​ង អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា​បាន​ថ្លែង​ថា នៅ​ក្នុង​ជំនួប​នោះ ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​បេសកកម្ម​កា​ទូត​របស់​លោក​ឯកអគ្គ​រដ្ឋទូត​នៅ​កម្ពុជា ហើយ​ក្នុងអំឡុងពេល​បំពេញបេសកកម្ម​របស់​លោក Dmitry Tsvetkov នៅ​កម្ពុជា​នេះ មាន​កិច្ចព្រមព្រៀង​ប្រមាណ​ជាង​៥០​ត្រូវ​បាន​ចុះ​កិច្ចព្រមព្រៀង ទាក់ទង​ទៅ​និង​វិស័យ​ជាច្រើន ដែល​មាន​ដូចជា​សេដ្ឋកិច្ច ពាណិជ្ជ​កម្មន វប្បធម៌ អប់រំ ទេសចរណ៍ ការ​ពារជាតិ និង​សន្តិសុខ​ជាដើម​។ ជាមួយគ្នា​នោះ កម្ពុជា និង​រុស្ស៊ី ក៏​មាន​យន្តការ​មួយ​ហៅថា គណៈកម្មាធិការ​អន្តររដ្ឋាភិបាល​កម្ពុជា​-​រុស្ស៊ី ផង​ដែរ ដែល​ផ្ដោត​ទៅ​លើ​វិស័យ​បច្ចេកទេស វិទ្យាសាស្ត្រ សេដ្ឋកិច្ច និង​វិនិយោគ​។

​ជាមួយគ្នា​នោះ ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បាន​បញ្ជាក់​ដែរ​ថា រាជរដ្ឋាភិបាល​កម្ពុជា ក៏ដូចជា​ក្រសួងការបរទេស​បាន​ត្រៀមលក្ខណៈ​នៅ​ក្នុង​ការ​ស្វាគមន៍ និង​ធ្វើការ​ជាមួយ​ឯកអគ្គរដ្ឋទូត​ថ្មី​ដែល​មក​ជំនួស​នា​ពេល​ខាង​មុខ ហើយ​លោក​ឯកអគ្គរដ្ឋទូត​បា​ន​សំដែង​ការ​អរគុណ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ក៏ដូចជា​ក្រសួងការបរទេស​កម្ពុ​ជា ដែល​បាន​សហការ​ឲ្យ​ការងារ​បំពេញ​បេសកកម្ម​ការទូត​របស់​លោក​នៅ​កម្ពុជា​ទទួល​បាន​ជោគជ័យ​។

​បើ​តាម​លោក កុយ គួ​ង នៅ​ក្នុង​ជំនួប​នោះ​ភាគី​ទាំងពីរ ក៏បាន​ជំរុញ​ឲ្យ​កិច្ចព្រមព្រៀង ដែល​មាន​ប្រមាណ​៥០ ត្រូវ​បាន​អនុវត្ត និង​ដំណើរការ​ទៅមុខ​ឲ្យ​មាន​ប្រសិទ្ធភាព​។ ចំពោះ​បញ្ហា​ពាណិជ្ជកម្ម​លោក កុយ គួ​ង បាន​អះអាង​ថា ពាណិជ្ជកម្ម​រវាង​កម្ពុ​ជា និង​រុស្ស៊ី នៅ​មាន​តិចតួច​នៅឡើយ គឺ​ពាណិជ្ជកម្ម​ទ្វេភាគី​មាន​ប៉ុន្មាន​៦០​ទៅ​៨០​លាន​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយ​ឆ្នាំ ហើយ​ភាគី​ទាំងពីរ​បាន​ជំរុញ​ធ្វើ​យ៉ាង​ណា​ឲ្យ​វិស័យ​នេះ កាន់តែ​ធំធេង​ថែមទៀត​។

ដោយឡែក​វិស័យ​ទេសចរណ៍​រវាង​ប្រទេស​ទាំងពីរ ក៏​មិនទាន់​រីកចម្រើន​ដែរ បើ​ប្រៀបធៀប​ទៅ​នឹង​វិស័យ​ទេសចរណ៍​រវាង​កម្ពុជា និង​បណ្ដា​ប្រទេស​ផ្សេងៗ​ទៀត ដែល​ក្នុង​មួយ​ឆ្នាំ​អ្នកទេសចរ​រុស្ស៊ី មាន​ប្រមាណ​៦​ម៉ឺន​ទៅ​៧​ម៉ឺន​នាក់​ប៉ុណ្ណោះ​។ ដូច្នេះ​ភាគី​ទាំងពីរ បាន​ជំរុញ​ធ្វើ​យ៉ាង​ណា​ឲ្យ​វិស័យ​ទេសចរណ៍​រវាង​ប្រទេស​ទាំងពីរ​កាន់តែ​រីក​ធំធាត់​ជាង​មុន​។

​លោក កុយ គួ​ង បាន​បញ្ជាក់​ទៀត​ថា ក្រៅពី​ពិភាក្សា​អំពី​បញ្ហា​ពាណិជ្ជកម្ម​ទ្វេភាគី ភាគី​ទាំងពីរ​ក៏បាន​លើកឡើង​អំពី​ដំណើរការ​ចរចា​របស់​កម្ពុជា ដើម្បី​ឲ្យ​មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​សហភាព​សេដ្ឋកិច្ច​អឺរ៉ុប​-​អាស៊ី​ផង​ដែរ ដែល​សហភាព​សេដ្ឋកិច្ច​អឺរ៉ុប​-​អាស៊ី​បាន​បង្កើត​កាលពី​ឆ្នាំ​២០១៤ ចូល​ជា​ធរមាន​នៅ​ឆ្នាំ​២០១៥ ហើយ​ការ​បង្កើត​សហភាព​សេដ្ឋកិច្ច​អឺរ៉ុប​-​អាស៊ី​នេះ ដើម្បី​ជំរុញ​ឲ្យ​មានការ​ផ្លាស់ប្ដូរ​ទំនិញ​ទៅវិញទៅមក​។

ចំណែក​កម្ពុជា​ក៏​កំពុង​ស្វែងរក​ឲ្យ​មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ជាមួយ​សហភាព​សេដ្ឋកិច្ច​អឺរ៉ុប​-​អាស៊ី​ផង​ដែរ ដើម្បី​បាន​ពង្រីក​ទីផ្សារ​ទៅ​ទីនោះ​។ បើ​តាម​លោក កុយ គួ​ង កន្លងមក​សមាជិក​ស​ហ​ភាព​សេដ្ឋកិច្ច​អឺរ៉ុប​-​អាស៊ី បាន​គាំទ្រ​កម្ពុជា​រួចហើយ ដូច្នេះ​យើង​កំពុង​ចរចា​ឲ្យ​មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី រវាង​កម្ពុជា​ជាមួយ​សហភាព​សេដ្ឋកិច្ច​អឺរ៉ុប​-​អាស៊ី​នេះ ដែល​កន្លងមក​រុស្ស៊ី​បាន​ដើរ​ជួរមុខ​ក្នុង​ការ​ខិតខំ​ធ្វើ​យ៉ាងណា​ឲ្យ​កម្ពជា​មាន​កិច្ចព្រមព្រៀង​នេះ​។

​ក្រៅពី​កិច្ចការ​ខាង​លើ​នេះ ភាគី​ទាំងពីរ​ក៏បាន​ពិភាក្សា​អំពី​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ១៩​ផង​ដែរ ដោយ​អះអាង​ថា ជំងឺ​នេះ​កំពុង​គំរាមកំហែង​ជា​សាកល មិនមែន​សម្រាប់​តែ​ប្រទេស​ណាមួយ​នោះ​ទេ ដូច្នេះ​ត្រូវ​ធ្វើ​យ៉ាងណា ដើម្បី​រួបរួម​គ្នា​ប្រយុទ្ធ​ប្រឆាំង​ទៅ​នឹង​ការ​គំរាមកំហែង​នៃ​ជំងឺ​កូ​វីដ​១៩​នេះ​៕

 

អត្ថបទ៖ កោះ​កែវ​