ស្ត្រី​​ម្នាក់​ ​​ត្រូវ​អតីត​ប្ដី​ចាក់​សាំង​ដុត​ទាំង​រស់​

ភ្នំពេញ ​៖ ស្ត្រី​ជា​កម្មការិនី​រោងចក្រ ម្នាក់​ត្រូវ​បាន​ប្តី​កំណាច ចាក់​សាំង​ស្រោច​ដុត​ទាំង​រស់ បណ្ដាល​ឲ្យ​ឆេះ​រលាក​រលួយ​ស្ទើរ​ពេញ​ខ្លួន​​ កាលពី​វេលា​ម៉ោង​១​រសៀល​ថ្ងៃ​ទី​១៩ ខែ​មករា ឆ្នាំ​២០២០ នៅផ្ទះ​ជួល ភូមិ​ព្រៃ​ព្រីង​ជើង សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ។

ប្រភព​ព័ត៌មាន ​បាន​ឲ្យ​ដឹង​ថា ​ស្ត្រី​រងគ្រោះ​ឈ្មោះ បូ ស្រី​ណែ​ត អាយុ​២៩​ឆ្នាំ មុខរបរ​កម្ម​ការិនី​រោងចក្រ ស្នាក់នៅ ភូមិ​សង្កាត់​កើតហេតុ មាន​ស្រុកកំណើត ភូមិ​បឹង​ង៉ោង ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ។

ចំណែក​ប្តី​កំណាច​មានឈ្មោះ វង់ ចាន់​សុភាព អាយុ​៣០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​កន្លែង​កើតហេតុ ​មាន​ស្រុកកំណើត​ឃុំ​ក្រ​ញ៉ូ​ង ស្រុក​ស្វាយទាប ខេត្ត​ស្វាយរៀង។ គ្រួសារ​ខាងលើ មាន​កូន​ស្រី​២​នាក់។ បុរស​រូប​នេះ​ធ្លាប់​ញៀន​ថ្នាំ​និង​ប្រើប្រាស់​អំពើ​ហិង្សា​លើ​ប្រពន្ធ​ញឹកញាប់​ ទើប​ឈាន​ដល់​ការ​បែកបាក់​គ្នា។

តាម​ក្រុម​គ្រួសារ បាន​ឲ្យ​ដឹង​ថា ប្តី​ប្រពន្ធ​ខាងលើ រៀបការ​នឹង​គ្នា​អស់​រយៈពេល​ជាង​៧​ឆ្នាំ​មក​ហើយ មាន​កូន​ស្រី​២​នាក់​ជា​ចំណង​អាពាហ៍ពិពាហ៍ ក្នុង​របរ​ធ្វើការ​រោងចក្រ​ផង លក់​បាយ ម្ហូប​នៅមុខ​រោងចក្រ ក្នុង​ភូមិ​កើតហេតុ ។

​ប្រភព​ព័ត៌មាន​បាន​បន្ត​ទៀត​ថា ដោយសារ​ការរស់នៅ​មិន​ចុះសម្រុង​គ្នា ប្តី​ប្រពន្ធ​ខាងលើ ស្ម័គ្រចិត្ត​រៀងៗ​ខ្លួន​សុំ​លែងលះ​គ្នា​ដោយ​សន្តិវិធី ដោយ​មាន​ការ​ឯកភាព យក​កូន​ម្នាក់​មួយ តែ​សម្រួល​ដឹងឮ​ត្រឹម​ឃុំ​ប៉ុណ្ណោះ។ ​កូនច្បង​រស់នៅ​ជាមួយ​ប្តី​ឯ កូន​ប្អូន រស់នៅ​ជាមួយ​ម្ដាយ ចែក​ផ្លូវ​គ្នា​ដើរ​រៀងខ្លួន អស់​រយៈពេល​ជិត​២​ខែ​មក​ហើយ ដោយ​អតីត​ប្រពន្ធ​ទៅ​រស់នៅ​ជាមួយ​ឪពុកម្ដាយ​នៅ ឯ​ស្រុកកំណើត​វិញ។ លុះ​មកដល់​រសៀល​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០២០​នេះ ភាគី​ខាង​អតីត​ប្រពន្ធ ឌុប​កូនស្រី និង​ប្អូនស្រី​តូច​ម្នាក់ទៀត ទៅផ្ទះ​ជួល​ដែល​ប្តី​ស្នាក់នៅ ក្នុង​បំណង​ទៅ​ប្រមូល​ខោអាវ ផ្ទាល់ខ្លួន​ដែល​នៅ​សេសសល់ គ្មាន​បំណង​អ្វី​ផ្សេង​ឡើយ ​​ ស្រាប់តែ​ខាង​ប្តី​ខឹង ស្ទុះ​វឹង​ទាញ​បាន​ដប​សាំង ដាក់​ស្រោច​លើ​ខ្លួន ហើយ​ចាប់​ដុត​អតីត​ប្រពន្ធ​ទាំង​រស់​តែ​ម្តង បណ្ដាល​ឲ្យ​ឆេះ​រលាក​រលួយ​ពេញ​ខ្លួនប្រាណ​។ ចំណែក​កូនស្រី​និង​ប្អូនស្រី​រត់គេច​ចេញពី​ការ​ដុត​នោះ​ទាន់​ពេល ពេលនោះ​ដែរ​បុរស​អតីត​ប្ដី​បាន​យក​លុយ យក​ទូរសព្ទ​របស់​អតីត​ប្រពន្ធ រត់គេច​ខ្លួន​បាត់​ទៀត​ផង។

​ក្រោយ​កើតហេតុ ស្ត្រី​រងគ្រោះ​នៅ​មាន​ស្មារតី​នៅឡើយ ជិះ​ម៉ូតូ​ទៅ​ឲ្យ​ពេទ្យ​ដោយ​ខ្លួនឯង​។​ចំណែក​ប្អូនស្រី​ជិះ​ម៉ូតូឌុប ទៅតាម​ឪពុក ក្រុម​គ្រួសារ​នៅ​ឯ​ស្រុក​ឲ្យ​មក​ជួយ រហូតដល់​ល្ងាច​ថ្ងៃ​ដដែល ក្រុម​គ្រួសារ​ដឹក​តាម​ម៉ូតូ​កង់​បី មក​ប្តឹង​នគរបាល​ប៉ុស្តិ៍​ចោមចៅ​៣ ឲ្យ​ជួយ​ស្វែងរក​ចាប់ខ្លួន​ជន​ដៃដល់​អតីត​ប្ដី​របស់​នាង​មក​ផ្ដន្ទាទោស​តាមច្បាប់។ ជាមួយគ្នា​នោះ​ដោយ​សា​តែ​ស្ថានភាព​របួស​ធ្ងន់ធ្ងរ ក្តៅ​រោលរាល​ពេញ​ខ្លួន​ពេក នៅ​វេលា​ម៉ោង​៥​និង​២០​នាទី​ល្ងាច​ថ្ងៃ​ដដែល ទើប​ក្រុម​គ្រួសារ ទទូច​ស្នើសុំ អន្តរាគមន៍ ពី​រថយន្ត​សង្គ្រោះ​របស់​អង្គភាព​៧១១ ដឹក​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ​បន្ដ​ទៀត​ដើម្បី​ជួយសង្គ្រោះ ។

ករណី​ខាងលើ​នេះ​ត្រូវ​បាន​សមត្ថកិច្ច​អន្តរាគមន៍​ភ្លាមៗ សំខាន់​បញ្ជូន​ជនរងគ្រោះ​ទៅ​សង្គ្រោះ​អាយុជីវិត​សិន ហើយ​កម្លាំង​សមត្ថកិច្ច​ចុះទៅ​សាកសួរ ដល់​ទី​តាំង​កើតហេតុ ត្រូវ​បាន​ម្តាយ​របស់​ជនល្មើស​ឆ្លើយ​ថា​មិន​ដឹង​អី​ទេ​រឿង​តូចតាច​ទេ មិនតែប៉ុណ្ណោះ​ថែមទាំង​ចោទប្រកាន់ តិះដៀល​លើ​ស្ត្រី​រងគ្រោះ​អតីត​កូន​ប្រសា ថា​មាន​សហាយ​ចុះ​ចោល​ប្ដី​និង​កូន​ទៅ​រស់នៅ​ជាមួយ​ប្រុស​ថ្មី​ទៅវិញ ។ តែ​នាងរង​គ្រោះ​ថា​ក្នុងនាម​ជា​ស្ដ្រី​មាន​ប្ដី​មាន​កូន​គាត់​មិនបាន​ចុះ​ចោល​ប្ដី​និង​កូន​ទៅ​រស់នៅ​ជាមួយ​ប្រុស​សហាយ​ដូច​ការចោទប្រកាន់​នោះ​ទេ ការ​ចុះ​ចេញ​នោះ​បន្ទាប់ពី​លែងលះ​គ្នា​នៅ​ឃុំ​រួចហើយ ម្យ៉ាងទៀត​នាង​ទៅ​រស់​នៅ​ឯ​ស្រុកកំណើត​ជាមួយ​ឪពុកម្ដាយ​ដើម្បី​គិត​ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន​ប៉ុណ្ណោះ។

តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ខាងលើ​ធ្លាប់​ជាប់ពន្ធនាគារ ម្តង​ហើយ រឿង​ហិង្សា​ក្នុង​គ្រួសារ ដោយ​វាយ​ប្រពន្ធ​ឲ្យ​មាន​របួសស្នាម​និង​ប្រើប្រាស់​គ្រឿងញៀន លុះ​ចេញ​មកវិញ មិន​រាងចាល ឡើយ​នៅតែ​ប៉ុនប៉ង​មនុស្សឃាត លើ​អតីត​ប្រពន្ធ​ជា​ដដែល៕

អត្ថបទ៖ វិទូ​