BREAKING NEWS
Search

អគ្គលេខាធិការ​រង ​គណបក្ស​ហ្វ៊ិ​ន ស៊ិ​ន​ប៉ិច ​​ចង់​ឃើញ​អតីតមន្ត្រី​ជាន់ខ្ពស់​​ទាំង​​អស់​រួប​រួម​គ្នា​ឡើង​វិញ​​

លោក សំ វុ​ឌ្ឍី អគ្គលេខាធិការ​រង គណបក្ស​ហ្វ៊ិ​ន ស៊ិ​ន​ប៉ិច និង​ជា​អនុប្រធាន​ក្រុមការងារ​ខេត្ត​តាកែវ​​ ចង់​ឃើញ​​​អតីត​មន្ត្រី​ជាន់​ខ្ពស់​​គណបក្ស​ហ្វ៊ិ​ន ស៊ិ​ន​ប៉ិច​​​ទាំង​​អស់​រួប​រួម​គ្នា​ឡើង​វិញ​ ពិសេស​មន្ត្រី​ជាន់​ខ្ពស់​​​គណបក្ស​ ៥រូប​​​ ដែល​​ត្រូវ​បាន​​បណ្ដេញ​ចេញ​កាល​ពី​ពេល​​កន្លង​មក។ លោក​ថា​ ​ឥស្សរជន​ទាំង​៥​រូប​នោះ​លោក​ជា​មនុស្ស​ល្អ មាន​បទពិសោធន៍​ក្នុង​ការងារ​នយោបាយ មាន​កា​គាំទ្រ​ច្រើន​ពី​សំណាក់​សមាជិក សមាជិកា​គណបក្ស​នៅ​មូលដ្ឋាន ។ កាន់​តែ​​ពិស្ដារ​សូម​​តាម​ដាន​កិច្ច​សម្ភាស​លោក​ជាមួយ​នឹង​កម្ពុជា​ថ្មី​ដូច​ត​ទៅ​​៖

សំណួរ៖បច្ចុប្បន្ននេះមហាជនទូទៅបានសង្កេតឃើញថា គណបក្សហ៊្វុនស៊ិនប៉ិចពុំមានសកម្មភាពអ្វីគួរឲ្យកត់សម្គាល់ទាល់តែសោះ ចាប់តាំងពីក្រោយការបោះឆ្នោតសកលឆ្នាំ២០១៨មក តើមកពីមូលហេតុអ្វី?

លោក សំ វុ​ឌ្ឍី ៖ជាការពិតណាស់គណបក្សហ៊្វុនស៊ិនប៉ិច ជាគណបក្សធំទីពីរទទួលបានសម្លេងគាំទ្រពីប្រជារាស្រ្តមានចំនួនច្រើនបន្ទាប់ពី គណបក្សប្រជាជនកម្ពុជា នៅក្នុងការបោះឆ្នោតសកលឆ្នាំ២០១៨។ ក៏ប៉ុន្តែសួរថាហេតុអ្វីក្រោយពីការបោះឆ្នោតឆ្នាំ២០១៨មក គណបក្សពុំមានសកម្មភាពអ្វីគួរឲ្យកត់សម្គាល់ទាល់តែសោះនោះ ខ្ញុំសូមជម្រាបថា ដោយសារតែគណបក្សមានការបែកបាក់ផ្ទៃក្នុង ដូចជាការដកតួនាទី និង បណ្តេញចេញពីសមាជិកគណបក្សនូវឥស្សរជនជាន់ខ្ពស់សំខាន់ៗចំនួន៤រូប ដោយការមួលបង្កាច់បង្ខូចពីសំណាក់មន្រ្តីខិលខូចទុច្ចរិតមួយចំនួនតូចនៅក្នុងគណបក្ស។

 

សំណួរ៖ឥឡូវនេះពេលវេលា នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២២ខិតជិតមកដល់ហើយ តើគណបក្សហ៊្វុនស៊ិនប៉ិចមានត្រៀមរៀបចំគម្រោងផែនការសកម្មភាពយ៉ាងណាដែរ ដើម្បីឲ្យទទួលបាននូវការគាំទ្រពីប្រជារាស្រ្ត?

លោក សំ វុ​ឌ្ឍី ៖ខ្ញុំយល់ឃើញថាក្នុងស្ថានភាពបច្ចុប្បន្ននេះ គណបក្សមិនអាចរៀបចំផែនការសកម្មភាពអ្វីឲ្យបានស៊ីជម្រៅច្បាស់លាស់នោះឡើយ បើធ្វើគ្រាន់តែបង្រ្គប់កិច្ចឲ្យល្អមើលចេះតែបានហើយ តែអ្វីដែលសំខាន់ និងចាំបាច់បំផុតគឺបញ្ហាស្លាប់រស់របស់បក្ស នោះគឺការសម្របសម្រួលដោះស្រាយបញ្ហាផ្ទៃក្នុងរបស់បក្ស ជាមុនសិន មុននឹងឈានទៅធ្វើកិច្ចការផ្សេងៗទៀត។ ដូចនេះយើងខ្ញុំ សូមជម្រុញឲ្យមានការសម្របសម្រួលដោះស្រាយបញ្ហាផ្ទៃក្នុងនេះឲ្យបានឆាប់ ដើម្បីឈានទៅដល់ការរួបរួមគ្នារៀបចំនូវផែនការយុទ្ធសាស្រ្ត និងផែនការសកម្មភាពរបស់បក្ស សម្រាប់ត្រៀមចូលរួមក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២២ខាងមុខនេះ។

សំណួរ៖តើបច្ចុប្បន្ននេះ គណបក្សហ៊្វុនស៊ិនប៉ិច មានការគិតគូរអំពីការសម្របសម្រួលដោះស្រាយបញ្ហាផ្ទៃក្នុងបក្សឬទេ ?

លោក សំ វុ​ឌ្ឍី ៖បើតាមខ្ញុំដឹង មានជំនួបសម្រួបសម្រួលដោះស្រាយបញ្ហាផ្ទៃក្នុងបក្សនេះក្រោមព្រះវត្តមាន ព្រះអង្គម្ចាស់ក្សត្រី នរោត្តម ម៉ារី ចំនួន៤លើករួចមកហើយ ក៏ប៉ុន្តែពុំទាន់ទទួលបានលទ្ធផលនៅឡើយទេ។ ក្នុងការងារសម្របសម្រួលដោះស្រាយនេះ ខ្ញុំយល់ឃើញថាដូចជាគ្មានឧបសគ្គអ្វីដែលត្រូវរាំងស្ទះនោះឡើយ បើសិនពិតជាមានសុច្ឆន្ទៈចង់ឲ្យមានការរួបរួមគ្នាវិញដើម្បីផលប្រយោជន៏គណបក្ស ពីព្រោះឥស្សរជនទាំង៤-៥នាក់នោះ លោកជាមនុស្សល្អ មានបទពិសោធន៏ក្នុងការងារនយោបាយ មានការគាំទ្រច្រើនពីសំណាក់សមាជិក សមាជិកាគណបក្សនៅមូលដ្ឋាន មានគុណបំណាច់ចំពោះគណបក្ស និងបានចូលរួមចំណែកយ៉ាងច្រើនក្នុងការអភិវឌ្ឍន៏ជាតិ ជួយដល់ប្រជារាស្រ្ត ជាពិសេសទៅទៀតនោះលោកមានស្វាមីភ័ក្តីចំពោះសម្តេចក្រុមព្រះ ព្រះប្រធាន និងព្រះរាជវង្សានុវង្ស។ លោកទទួលរងនូវការចោទប្រកាន់ មួលបង្កាច់ពីមន្រ្តីខិលខូចទុច្ចរិតមួយចំនួនតូច ហើយឥឡូវនេះមន្រ្តីខិលខូចទាំងនោះបានចាកចេញពីគណបក្សផងដែរ។

ដូចនេះ យើងខ្ញុំសូមជម្រុញឲ្យការសម្របសម្រួលដោះស្រាយបញ្ហាផ្ទៃនេះ ត្រូវធ្វើឲ្យបានឆាប់បំផុត ដើម្បីឧត្តមប្រយោជន៏បក្ស ដោយពុំចាំបាច់រង់ចាំការយាងត្រលប់មកវិញរបស់សម្តេចព្រះប្រធានឡើយ ពីព្រោះថាដោយសារព្រះអង្គ ស្ថិតក្នុងស្ថានភាពកំពុងព្យាបាលព្រះសុខភាព ហើយពិភពលោកក៏កំពុងប្រឈមនឹងជំងឺកូវីដ-១៩ទៀត ៕

អត្ថបទ៖ជលសា