មេដឹកនាំG20 អនុម័តកញ្ចប់ទឹកប្រាក់៥ទ្រីលានដុល្លារ បន្ធូរបន្ថយវិបត្តិសេដ្ឋកិច្ច

មុននេះប៉ុន្មាន​ម៉ោងប៉ុណ្ណោះ មេដឹកនាំក្រុមប្រទេស G20 បានរួមគ្នា ​សម្រេចបញ្ចេញទឹកប្រាក់ចំនួន ៥ទ្រីលានដុល្លារអាមេរិក ចូលទៅក្នុងមូលដ្ឋាន​ហិរញ្ញវត្ថុសាកល ក្នុងបុព្វហេតុប្រយុទ្ធប្រឆាំងនឹងការធ្លាក់ចុះនៃសេដ្ឋកិច្ចព្រោះតែជំងឺឆ្លង។
យោងតាម BBC មេដឹកនាំនៃក្រុមសេដ្ឋកិច្ចធំទាំង ២០ ដែលមានឈ្មោះថា G20 បានសន្យានឹងបញ្ចូលថវិកាដ៏ធំមិនធ្លាប់មាននេះ ទៅក្នុងថវិកាសារពើពន្ធសេដ្ឋកិច្ចពិភពលោកដើម្បីបន្ធូរបន្ថយផលប៉ះពាល់ពីCovid19។

នៅក្នុងសេចក្តីថ្លែងការណ៍រួម ក្រុមនេះបានសន្យាថា គេ​នឹងបន្តចាប់ដៃគ្នាធានាលំហូរនៃការផ្គត់ផ្គង់វេជ្ជសាស្រ្តសំខាន់ៗក៏​ដូចជា​ចរន្តទំនិញចាំបាច់ដទៃទៀតដែល​ឆ្លងកាត់ព្រំដែន ក៏ដូចដើម្បីដោះស្រាយការរំខានដល់ចង្វាក់ផ្គត់ផ្គង់ឱ្យខាងតែបាន។

នៅពេលដែលប្រទេសជាច្រើន បានបន្ត​អនុម័តការហាមឃាត់ រាល់ការ​នាំចេញផលិតផលវេជ្ជសាស្រ្ត(បារម្ភប្រទេសរៀងខ្លួន) មេដឹកនាំក្រុមប្រទេស G20 បាននិយាយថា ពួកគេនឹងសម្របសម្រួលឱ្យមានការឆ្លើយតបវិជ្ជមាន​ដើម្បីយកឈ្នះលើរោគរាតត្បាតនាគ្រានេះ​ ។
អ្នកនាំពាក្យ​G20 និយាយថា«មេដឹកនាំប្រទេស G20 កំពុងព្រួយបារម្ភផងដែរ អំពីហានិភ័យចំពោះបណ្តាប្រទេសដែលរងគ្រោះ ជាពិសេសនៅទ្វីបអាហ្វ្រិក និងប្រជាជនលំបាកស្រាប់ ដូចជាជនភៀសខ្លួន ដោយG20ទទួលស្គាល់ពីភាពចាំបាច់ក្នុងការពង្រឹងបណ្តាញសុវត្ថិភាពហិរញ្ញវត្ថុជាសកលនិងប្រព័ន្ធសុខាភិបាលអន្តរជាតិ»។

មេដឹកនាំប្រទេស G20 ដំបូងឡើយមានគម្រោង​ប្រជុំនៅក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌី ប៉ុន្តែវិបត្តិជំងឺបានបង្ខំឱ្យមេដឹកនាំពិភពលោកទំាងអស់ធ្វើកិច្ច​ប្រជុំកំពូល​តាមLine ក្រោមព្រះរាជដឹកនាំ​ពី​ព្រះអង្គ Salman Bin Abdulaziz al Saud ។

អធិការបតីអាឡឺម៉ង់ លោកស្រីអេនជេឡាមឺកែលក៏បានចូលរួមពីអាផាតមិនដែលជាកន្លែងកំពុងផ្តាច់ខ្លួន​ដោយរោគCovidដែរ។

ប្រទេស G20 បានដឹកនាំការឆ្លើយតបទៅនឹងវិបត្តិហិរញ្ញវត្ថុពិភពលោកកាលពីជាងមួយទសវត្សរ៍មុន ហើយសមាជិករបស់ខ្លួនបានសន្យាថា គេ​នឹងធ្វើការជាមួយគ្នាម្តងទៀតដើម្បីប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃវីរុសនេះ។

មូលនិធិរូបិយវត្ថុអន្ដរជាតិIMF បានស្នើសុំបន្ទាន់ឱ្យប្រទេស G20 បង្កើនចំនួនទឹកប្រាក់ដែលអាចប្រើប្រាស់បានសម្រាប់ជាមូលដ្ឋាន​ហិរញ្ញប្បទានបន្ទាន់។

អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres ដែលបានអំពាវនាវឱ្យមានបទឈប់បាញ់ជាសកល ក៏បាននិយាយដែរថា ការដាក់ទណ្ឌកម្មនានាគួរតែត្រូវបានលើកលែងក្នុងពេលនេះ។

លោកក៏បានស្នើសុំទទូចឱ្យមេដឹកនាំនៃ​ប្រទេស G20 ផ្តល់ថវិកាដល់កញ្ចប់ដើម្បីទ្រទ្រង់សេដ្ឋកិច្ចពិភពលោក។

ទឹកប្រាក់ចំនួន ៥ ទ្រីលាននេះ គឺ​នឹងប្រើដើម្បីរក្សាលំនឹង​សេដ្ឋកិច្ចភ្លាមៗដែលកំពុង​ប៉ះទង្គិច។
ប្រធានាធិបតីរុស្ស៊ី លោកវ្លាឌីមៀពូទីនបានអំពាវនាវ ឲ្យ ប្រទេសនានា ដកទណ្ឌកម្មនិងបញ្ឈប់សង្គ្រាមពាណិជ្ជកម្ម ដើម្បីធានាថា ការផ្គត់ផ្គង់ចាំបាច់អាចទៅដល់គ្រប់ទិសទីទាំងអស់ខណៈពេលដែលជំងឺរាតត្បាតគ្របដណ្តប់ពេញពិភពលោក ។

លោកពូទីនបានជំរុញឱ្យមេដឹកនាំពិភពលោក“ បង្កើតអ្វីដែលហៅថា“ បណ្តាញបៃតង” ដែលនឹងមិនមានសង្គ្រាមពាណិជ្ជកម្មឬការដាក់ទណ្ឌកម្មណាមួយសម្រាប់ការផ្គត់ផ្គង់គ្នាទៅវិញទៅមកនូវទំនិញចាំបាច់ៗ ដូចជាវេជ្ជសាស្រ្ត ស្បៀងអាហារ ឧបករណ៍បច្ចេកវិទ្យា។

ប្រធានអង្គការសុខភាពពិភពលោកលោក Tedros Adhanom Ghebreyesus បានឆ្លៀតពេលនេះ​ ជំរុញឱ្យប្រទេស G20 បង្កើនការផលិតឧបករណ៍ការពារសម្រាប់បុគ្គលិកសុខាភិបាលផងដែរ​។ លោកបានមានប្រសាសន៍ថា ប្រទេសទាំងអស់ដែលមាន​សមត្ថភាព គួរបង្កើនផលិតកម្ម ហើយ​ដកបម្រាមការ​នាំចេញ ព្រមទំាង​ធានានូវការចែកចាយដោយស្មើភាពគ្នា ។

សាយ ពេជ្រ​