លោក​ ស៊ី​ ជីនពីង​ សរសើរ​​​​អាជ្ញាធរ​កម្ពុជា ​ចំពោះ​ចំណាត់​ការ​ទប់​ស្កាត់​ល្បែង​អនឡាញ​នៅ​ខេត្ត​ព្រះសីហនុ

លោក ស៊ី ជីន​ពីង​ ប្រធានាធិបតី​ចិន​បាន​កោត​សរសើរ​ចំពោះ​អាជ្ញាធរ​កម្ពុជា​ ដែល​មាន​​ចំណាត់​ការ​ទប់​ស្កាត់​ល្បែង​​ហ្គេម​អន​​ឡាញ​​​នៅ​ខេត្ត​ព្រះសីហនុ​​កាល​ពី​ពេល​​កន្លង​មក​។ នេះ​បើ​តាម​ទំព័រហ្វេស​បុក​ផ្លូវ​ការ​សម្តេច​តេជោ ហ៊ុន សែន​ ក្នុង​ជំនួប​ជាមួយ​នឹង​ប្រធានាធិបតី​ចិន​កាល​​ពី​​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ ​​នេះ​នៅ​​ក្នុង​ទីក្រុង​ប៉េកាំង​ ប្រទេស​ចិន​​។

រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ចេញ​វិធាន​ការ​​​ មិន​អនុញ្ញាត​ឱ្យ​មាន​ល្បែង​អន​ឡា​ញនៅ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​ទេ​ ​​ពិសេស​ខេត្ត​ព្រះសីហនុ​ គិត​ត្រឹម​ម៉ោង០​ ថ្ងៃទី៣១​ ខែធ្នូ​ ឆ្នាំ២០១៩​ខាងមុខ​ ​កន្លង​​មក​។ ដូច្នេះ​គ្រប់​ភាគី​ពាក់ព័ន្ធ​ត្រូវ​ទាំង​អស់​ត្រូវ​​​ត្រួតពិនិត្យ​ តាមដាន​នូវ​រាល់​កាស៊ីណូ​ទាំងឡាយ​ណា​ ​ករណី​នៅតែ​បន្ត​បើក​ល្បែង​អន​ឡាញ​​​ ​​នឹង​ត្រូវ​ទទួលខុសត្រូវ​តាម​ផ្លូវ​ច្បាប់​ ។

លោក​ប្រធានាធិបតីចិន​ បង្ហាញ​ការ​សរសើរ​ដោយ​ស្មោះ​ចំពោះ​កម្ពុជា ក្នុង​ការចាត់វិធានការនេះ និង​បាន​អះអាងថា ចិននឹងផ្តល់ជំនួយសម្រាប់កម្ពុជា និងខេត្តព្រះសីហនុ ទៅតាមតម្រូវ​ការនៃ​ភាព​ចាំ​បាច់​​របស់​កម្ពុជា។ លោក​ប្រធានាធិបតី បានលើកឡើងថា រដ្ឋាភិបាលចិននឹង​លើកទឹកចិត្ត​ឱ្យ​អ្នក​វិនិយោគចិនមកបណ្តាក់ទុននៅកម្ពុជា និងនាំចូលផលិតផលពីកម្ពុជាចូលប្រទេសចិន។

លោកប្រធានាធិបតីស្នើកម្ពុជា ធ្វើឱ្យបរិយាកាសវិនិយោគនៅកម្ពុជា ឱ្យបានកាន់តែល្អប្រសើរ ដែល​គាំទ្រ​ដល់ការវិនិយោគ និងធ្វើធុរកិច្ច។ លោកប្រធានាធិបតី ស្នើឱ្យពិនិត្យមើលតើអ្នកវិនិយោគ​ចិនប្រឈមអ្វីខ្លះ ចំពោះការវិនិយោគនៅកម្ពុជា ដើម្បីរកវិធានការជួយដល់អ្នកវិនិយោគទាំងនោះ។

ក្នុងឱកាស​អញ្ជើញជាអធិបតីភាព ក្នុងពិធីបុណ្យ​សមុទ្រ​កាល​ពីចុង​ឆ្នាំ​មុន​នៅខេត្តកំពត​​ សម្តេចតេជោ ហ៊ុន សែន​ បាន​មានប្រសាសន៍ថា កម្ពុជា មិន​អនុញ្ញាត​ឱ្យមាន​ល្បែង​អន​ឡាញ​បែប​អនាធិបតេយ្យ​ឡើយ ខណៈ​សេដ្ឋកិច្ចកម្ពុជា ក៏​មិន​ពឹង​ផ្អែកលើ​វិស័យ​នេះដែរ​។ ការបើក​ឱ្យមាន​ល្បែង​អន​ឡាញ​នេះ នឹង​ធ្វើ​កម្ពុជា​ជួប​បញ្ហា​ប្រឈម​ពីរ គឺ បញ្ហា​លាងលុយកខ្វក់ និង​បញ្ហា​អសន្តិសុខ ដែល​បង្កឡើង ​ដោយ​ក្រុម​ម៉ាហ្វីយ៉ា (​ក្រុម​ជនពាល​)​ ខណៈ​បញ្ហា​នេះ ​នឹង​ធ្វើឱ្យប៉ះពាល់​ដល់​ការវិនិយោគ និង​សេដ្ឋកិច្ចកម្ពុជា ដូច្នេះ​មានតែ​ការលុបបំបាត់ចោល​ល្បែង​អន​ឡាញ​ទេ ទើប​កម្ពុជា​អាច​រក្សា​ស្ថិរភាព​សេដ្ឋកិច្ច​បាន​។

សម្តេចបានបន្ថែម​ថា សេដ្ឋកិច្ចកម្ពុជា មិនត្រូវ​ពឹងផ្អែក​លើ​វិស័យ​អន​ឡាញ​នេះ​ទេ ហើយ​កម្ពុជា​ត្រូវការ​តែ​អ្នកវិនិយោគ​សុច្ចរិត​ប៉ុណ្ណោះ​៕