អ្នកនាំពាក្យ​៖​ មាន​រោងចក្រ​ជិត​២៥០​បាន​ព្យួរ​ការងារ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កម្មករ​ជាង​១១​ម៉ឺន​នាក់

​ភ្នំពេញ ​៖​ លោក ហេង សួរ រដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ​បាន​មាន​ប្រសាសន៍​នាព្រឹក​ថ្ងៃ​ទី​២១ ​ខែ​ឧសភា ​ថា​គិត​ត្រឹម​ថ្ងៃ​ទី​២១​ ខែ​ឧសភា​នេះ​ មាន​រោងចក្រ​ចំនួន​២៣៧​រោងចក្រ​ បាន​ព្យួរ​ការងារ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កម្មករ​-កម្ម​ការិនី​ចំនួន​ជាង​១១​ម៉ឺន​នាក់​នៅ​ទូទាំង​ប្រទេស​។

​ជា​មួយ​គ្នា​នេះ​ដែរ​លោក បាន​បន្ត​ថា​មាន​ចក្រ​ដែល​បាន​បិទទ្វារ​តាម​នីតិវិធី​ត្រឹម​ ត្រូវ​មាន​ចំនួន​ជាង​២០​រោងចក្រ ខណៈ​ជាង​៣០​រោងចក្រ​ទៀត​បិទទ្វារ​មិន​តាម​នីតិវិធី​ត្រឹមត្រូវ​។ យ៉ាងណាក៏ដោយ​លោក បាន​បន្ថែម​ទៀត​ថា ​មាន​រោងចក្រ​ប្រមាណ​១០០​បាន​បើក​ដំណើរការ​សង្វាក់​ផលិតកម្ម​របស់​ខ្លួន​ឡើងវិញ​ផង​ដែរ​ បន្ទាប់ពី​បាន​ព្យួរ​ការងារ​មួយ​រយៈ​រួចមក​។

​លោក កាំ​ង ​ម៉ូ​នី​កា អគ្គលេខាធិការ​រង​នៃ​សមាគម​រោងចក្រ​កាត់ដេរ ​នៅ​កម្ពុជា​បាន​មានប្រសាសន៍ថា ​មូល​ហេតុ​ដែល​បណ្តាល​ឲ្យ​រោងចក្រ​បិទទ្វារ និង​ព្យួរ​ការងារ​ជា​បន្តបន្ទាប់​នេះ​ គឺ​ដោយសារតែ​ក្រុមហ៊ុន​បញ្ជា​ទិញ​ធំ​ៗ​ នៅ​អឺរ៉ុប​និង​នៅ​អាមេរិក​ បាន​ពន្យារ​ការ​ទូទាត់​សង​ប្រាក់​បញ្ជា​ទិញ​ទំនិញ និង មិន​ទាន់​បាន​បញ្ជា​ទិញ​ទំនិញ​ជាថ្មី​ពី​កម្ពុជា ព្រោះតែ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ ​ដែល​ធ្វើ​ឲ្យ​រោងចក្រ​កាត់ដេរ​មួយ​ចំនួន​បាន​ងាក​មក​ផលិត​ម៉ាស់​និង​សម្ភារៈ​ពេទ្យ​វិញ ដើម្បី​បម្រើ​តម្រូវការ​នៅ​ក្នុង​ស្រុក និង​នាំ​ចេញទៅ​ក្រៅ​ប្រទេស​។ លោក ហេង​សួរ បាន​បញ្ជាក់​ថា​ក្រសួង​ការងារ​សូម​ស្វាគមន៍ និង​ចាត់​ទុក​ការពង្រីក​ការផលិត​ម៉ាស​និង​សម្ភារៈ​ពេទ្យ​នេះ​ជា​រឿង​ល្អ​ព្រោះ​វា​អាច​នឹង​ជួយ​រក្សា​ការងារ​ដល់ក​ម្មករ កម្មការិនី​ខ្មែរ​បាន​ជិត​១០​ម៉ឺន​កន្លែង​។

​លោក កាំ​ង ម៉ូ​នី​កា បាន​បន្ត​ថា​ការ​គាំទ្រ​និង​លើកទឹកចិត្ត​ពី​សំណាក់​រាជរដ្ឋាភិបាល​នេះ​ គឺជា​ការ​គិតគូរ​ដ៏​ល្អ​មួយ ​ដែល​នឹង​អាច​ចូល​រួម​ចំណែក​ ក្នុង​ការ​រក្សា​ការងារ​ខ្លះៗ​សម្រាប់​បងប្អូន​កម្មករ​របស់​យើង​និង​ជួយ​លើក​កម្ពស់​ការនាំចេញ​របស់​យើង ខណៈ​ដែល​ការ​បញ្ជរ​ទិញ​សំលៀកបំពាក់​មានការ​ធ្លាក់​ចុះ​នា​ពេល​បច្ចុប្បន្ន​នេះ​។

​លោក ហេង​ សួរ​ បាន​ឲ្យ​ដឹង​ទៀត​ថា ​ចំពោះ​កម្មករ-កម្មការិនី​ ដែល​ត្រូវ​ព្យួរ​ការងារ គឺ​រដ្ឋាភិបាល​កម្ពុជា​ បា​នផ្តល់​ទឹកប្រាក់​ឧបត្ថម្ភ​ចំនួន​៤០​ដុល្លារ ខណៈ​ថៅកែ​រោងចក្រ​ផ្តល់​៣០​ដុល្លារ​ក្នុង​មួយខែៗ​។ លោក​ក៏​បាន​អះអាង​ទៀត​ថា មកដល់ពេលនេះ កម្មករ-កម្មការិនី​ប្រមាណ​៥​ម៉ឺន​៦​ពាន់​នាក់​ កំពុង​ស្ថិត​ក្នុង​បញ្ជី​ ដែល​ត្រូវ​ផ្តល់​ប្រាក់​ឧបត្ថម្ភ​របស់​រដ្ឋាភិបាល ​ដែល​នឹង​ផ្តល់​ដល់​ពួកគេ​នៅ​ក្នុង​សប្តាហ៍​នេះ​ តាមរយៈ​ធនាគារ​វីង​ ដែល​ធនាគារ​នឹង​ផ្តល់​លេខ​កូដ​បើកប្រាក់​ឧបត្ថម្ភ​ដល់​កម្មករ កម្មការិនី​តាមរយៈ​លេខ​ទូរស័ព្ទ​របស់​ពួកគេ​នីមួយៗ​៕
អត្ថបទ៖ ​សំអឿន
សូមចុចអាន៖ អាថ៌កំបាំង​ នៅ​ពីក្រោយ​បារី​អេ​ឡិច​ត្រូ​និ​ក​