បញ្ហាប្រព័ន្ធអនុគ្រោះពន្ធ EBA ដក ឬមិន​ដក​ នឹងត្រូវប្រកាសលទ្ធផល​​នៅ​ម៉ោង ៦ ឬ ៨ ល្ងាចនេះ

ការ​ប្រកាសលទ្ធផលពីការ​ដក ឬ​មិន​ដក​ប្រព័ន្ធអនុគ្រោះពន្ធ (EBA) នឹង​ត្រូ​វ​ប្រកាសនៅ​ល្ងាច​ថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ​២០២០ នេះ។ នេះបើតាម​​ទំព័រហ្វេសបុក​លោក កាំង ម៉ូនីកា​ ​អគ្គលេខាធិការ​រង​នៃ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​(GMAC) ។ លោក​បាន​សរសេរ​ថា “អ្វីដែលត្រូវកើត វានឹងកើត រក្សាភាពស្ងប់ស្ងាត់និងអារម្មណ៍នឹងនរ បន្តការចេះជួយគ្នា ហើយបន្តដំណើរទៅមុខទៀតជាមួយនិងគោលដៅដែលបានកំណត់ទុក។ គេរំពឹងថាយើងនឹងបាត់ទាំងស្រុង តែផ្ទុយទៅវិញ ៨០%នៃប្រយោជន៍រួមត្រូវបានការពារ នេះជាលទ្ធផលដែលយើងអាចរីករាយបាន។ ចន្លោះម៉ោង៦ ទៅម៉ោង៨ល្ងាច គឺជាម៉ោងល្អ”

យ៉ាង​ណា​មិញ​​យោងតាមទំព័រហ្វេសបុក​ផ្លូវការសមាគមរោងចក្រកាត់ដេរកម្ពុជាបាន​សរសេរថា “នឹងមិនមានសន្និសិទសារពត៌មានណាមួយដែលធ្វើឡើងដោយគណៈកម្មការអឺរ៉ុបនោះទេ ប៉ុន្តែនឹងមានការចេញផ្សាយជាសេចក្តីប្រកាសព័ត៌មានជំនួសវិញ។ ការចេញផ្សាយសេចក្តីប្រកាសព័ត៌មាននេះ នឹងត្រូវធ្វើឡើងនៅចន្លោះម៉ោង ៦ ល្ងាច ដល់ ៨ យប់ នៃម៉ោងនៅប្រទេសកម្ពុជា”។ 

ថ្លែង​នៅ​ក្នុង​ឱកាស​បើក​ការដ្ឋាន​​ផ្លូវជាតិលេខ២ នា​ព្រឹក​ថ្ងៃទី ១១ ខែ​មករា ឆ្នាំ ២០២០​ ​សម្តេច​តេជោ​ ហ៊ុន សែន​ មាន​ប្រសាសន៍ថា​ ​កម្ពុជា​​មិន​អាច​ដោះដូរ​អធិបតេយ្យ​​ភាព​ជាមួយ​នឹង​ EBA បាន​ទេ។​ ការ​បញ្ជាក់​បែប​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​មុន​មួយ​ថ្ងៃ​ប៉ុណ្ណោះ​​ ដែល​គណ:កម្មការ​ពាណិជ្ជកម្ម​សហគមន៍​អឺរ៉ុបនឹង​ធ្វើ​ការ​សម្រេច​ចិត្ត​នៅ​ថ្ងៃ​ទី​១២​​ កុម្ភៈ​ ​នេះ​ ថា​តើ​ត្រូវរក្សាទុក ឬក៏ដក ​គោល​នយោបាយ​អនុគ្រោះពន្ធ (អ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ-EBA) សម្រាប់​កម្ពុជា។​

សម្តេច​តេជោ​បាន​បន្ថែម​ថា​ ​កម្ពុជា​​ត្រូវ​ពឹង​លើ​ការ​ដក​ដង្ហើម​ដោយ​ខ្លួន​ឯង ហើយ​បើ​ករណី​រោងចក្រ​ណា​មួយ​​ត្រូវ​បិទ​ទ្វា​​ គឺ​មិន​បណ្តាល​​មក​ពី​ EBA ទេ​ ​​គឺ​ដោយសារ​វត្ថុ​ធាតុ​ដើម​នាំ​មក​ពី​ប្រទេស​ចិន​​​មិន​អាច​នាំ​មក​​ទាន់​ ដោយសារ​ជំងឺឆ្លង​កូរ៉ូណា​ ដែល​បាន​កើត​​ឡើង​នៅ​ប្រទេសចិន​​។ បើករណី​ EBA ត្រូវ​ផ្ដាច់​​​​មែន​​ ការ​​បញ្ជាទិញ​​នឹង​ត្រូវ​បន្ត​ជា​ធម្មតា​រយៈ​​​ពេល​៦ ខែ។

បន្ថែម​លើនេះអ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​មានប្រសាសន៍​បាន​អះអាង ថា ប្រសិនបើ​មាន​ករណី​បិទ ឬ​ព្យួរ ការងារ​កម្មករ និយោជិត នៅ​ខែមីនា ឬ​ខែមេសា ខាងមុខ មិនមែន​មកពី​ឥទ្ធិពល នៃ​ការផ្តាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ទេ គឺ​ដោយសារ​កង្វះ​វត្ថុធាតុដើម​ពី​ប្រទេស​ចិន ដោយសារ​តែ​មកដល់ពេលនេះ រោងចក្រ​នៅ​ប្រទេស​ចិន​មិនទាន់​ឆ្លើយតប​ការ​កម្មង់​ទិញ​វត្ថុធាតុដើម​នៅឡើយ​ទេ​។

ការលើកឡើង​របស់លោក ហេង សួរ បានធ្វើ​ឡើង​នៅ​កាលពី​ថ្ងៃទី​០៩ ខែកុម្ភៈ ឆ្នាំ​២០២០ និង​បន្ទាប់ពី​មានការ​បំផុស​ព័ត៌មាន​មួយចំនួន​ថា នឹងមាន​ការបិទ​រោងចក្រ​មួយចំនួន​នៅ​ខែ​ខាងមុខ ដោយសារតែ​ការផ្តាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA របស់​សហភាព​អឺរ៉ុប​។

តាម​លោក ហេង សួរ “​ការពិត​មិនមែន​ទេ ហើយ​ចំពោះមុខ​អ្វីដែល​ជាការ​ជាក់ស្ដែង​គឺ រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ក៏ដូចជា​រោងចក្រ​នៅ​ប្រទេស​ផ្សេងទៀត​ដែល​ពឹង​ទៅលើ​វត្ថុធាតុដើម​ពី​ប្រទេស​ចិន គឺ​ត្រូវ​ប្រើពេល​ប្រហែលជា​ខ្ទង់​៤០​ថ្ងៃ សម្រាប់​ការទទួលបាន​នូវ​វត្ថុធាតុដើម​ពី​ប្រទេស​ចិន ដើម្បី​មក​ធ្វើជា​ជីពចរ​សង្វាក់​ផលិតកម្ម​របស់ខ្លួន ហើយដោយ​ឡែក​សម្រាប់​រោ​ង​ចក្រ​កនៅ​កម្ពុជា​យើង រោងចក្រ​កាត់ដេរ​ភាគច្រើន គឺ​ក្រណាត់​យកមក​ពី​ចិន ហើយ​ដែល​ការដឹកជញ្ជូន​មកនេះ​គឺ​ខែ​១២ និង​ខែ​១​នេះ មានការ​ដឹកជញ្ជូន​មក​ច្រើន ពេល​ចូលឆ្នាំ​ចិន ដល់ពេល​ក្រោយ​ចូលឆ្នាំ​ចិន​រោងចក្រ​នៅ​ចិន​បាន​បិទ​ទាំងស្រុង ហើយ​បន្ទាប់ពី​មានការ​ផ្ទុះ​នៅ​វី​រ៉ុ​ស​កូ​រ៉ូ​ណា​នេះ គឺ​រោងចក្រ​នៅ​ចិន​គឺ​មិនទាន់​ដំណើរការ​នៅឡើយ​ទេ​”​។

លោក ហេង សួរ បញ្ជាក់ទៀតថា ផ្អែកទៅលើ​ស្ថានភាព​នេះ​ធ្វើ​ឲ្យ​រោងចក្រ​កាត់ដេរ និង​រោងចក្រ​យើង​មួយចំនួនទៀត​មានដូចជា​ស្បែកជើង​ក៏​អាចមាន​បញ្ហា ប៉ុន្តែ​ស្បែកជើង​ដូចជា​មិនទាន់មាន​សញ្ញាណ​ធ្ងន់ធ្ងរ​នៅឡើយ​ទេ តែ​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ត្រូវការ​វត្ថុធាតុដើម ដូចជា​ក្រណាត់ ឬ​ជា​អ្វី​ផ្សេងៗ​ពី​ប្រទេស​ចិន​នេះ ហើយ​ឥលូវ​នេះ ក្រណាត់​ដែល​បាន​ស្តុក​នោះ គឺអាច​ប្រើប្រាស់​ត្រឹម​ចុងខែ​២​ប៉ុណ្ណោះ​។ “​អញ្ចឹង ! ឥលូវ​នេះ​គាត់​បាន​ព្យាយាម​កុម្ម៉ង់​ក្រណាត់​បន្ថែម​ពី​ប្រទេស​ចិន ក៏ប៉ុន្តែ​រោងចក្រ​នៅ​ប្រទេស​ចិន​អត់​ទាន់​ហ៊ាន​ឆ្លើយ​ថា ​យ៉ាងម៉េច ដោយសារតែ​មិនទាន់​ដឹងថា តើ​ពេលណា​រោងចក្រ​របស់ខ្លួន​អាច​ដំណើរការ​បាន​។ អីចឹង​ហើយ ! បានជា​ក្នុង​ខែ​៣​ខាងមុខនេះ វា​អាច​មាន​រោងចក្រ​កាត់ដេរ​មួយ​ចំនួន​ស្នើ​សុំ​ព្យួរ​ការងារ​កម្មករ​យើង​មួយចំនួន នេះ​គឺជា​អង្គហេតុ​ពិត ហើយ​បើ​មាន​ករណី​បិទ ឬ​បើ​មានការ​ព្យួរ នៅក្នុង​ខែ​៣ ឬក៏​ខែ​៤​ខាងមុខនេះ​”​។

លោក ហេង សួរ អះអាងថា អ្វី​ដែលជា​ការបិទ ឬក៏​ព្យួរ​នេះ មិនមែន​មកពី​ឥទ្ធិពល EBA ឬ​ឥទ្ធិពល​អ្វី​នោះទេ គឺ​បណ្តាលមកពី​ឥទ្ធិពល​នៃ​កង្វះ​វត្ថុធាតុដើម​ពី​ប្រទេស​ចិន​៕