ក្រសួង​ការងារ​ផ្តល់​ឱកាស​ការងារ​ជិត​៤​ពាន់​កន្លែង ដល់​ប្រជាពលរដ្ឋ នៅ​ស្រុក​ព្រៃនប់​

ព្រះសីហនុ ៖ ឱកាសការងារចំនួន ៣ ៧៩៩ កន្លែង ក្នុង​មុខតំណែង​ជាច្រើន ពី​ក្រុមហ៊ុន ធំៗ ចំនួន ១០ នឹង​ត្រូវផ្ដល់ជូនដល់ប្រជាពលរដ្ឋដែលកំពុងស្វែងរកការងារធ្វើ ឬ ចង់ផ្លាស់ប្ដូរការងារនៅស្រុក ព្រៃនប់ ខេត្តព្រះសីហនុ​។​

​នេះ​បើតាម​ការផ្សព្វផ្សាយ​របស់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ តាមរយៈ​ផេ​ក​ផ្លូវការ​របស់​ខ្លួន​នៅ​ថ្ងៃទី​១១ ខែ​មីនា ឆ្នាំ​២០២០​នេះ​។

​ក្រសួង​ការងារ បាន​បញ្ជាក់ថា ការផ្ដល់ជូន​ឱកាស​ការងារ​នេះ ធ្វើឡើង​នាថ្ងៃសៅរ៍ ទី១៤ ខែមីនា សប្ដាហ៍នេះ នៅក្នុងកម្មវិធីវេទិកាការងារ ដែលរៀបចំឡើងដោយទីភ្នាក់ងារជាតិ មុខរបរ និង ការងារ (NEA) នៃ ក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ ដោយបានរួមសហការ​រៀបចំ​ជាមួយ​មន្ទីរ ការ​ងារ និង បណ្តុះបណ្តាល​វិជ្ជាជីវៈ ខេត្ត​ព្រះសីហនុ , សាលាស្រុកព្រៃនប់ និង សហភាព សហព័ន្ធ យុវជន កម្ពុជា ( សស យក ) ស្រុក​ព្រៃនប់។

ប្រភព​បន្តថា ក្រុមហ៊ុនទាំង១០ ដែលនឹងចូលរួម ក្នុងវេទិកាការងារ ដើម្បីជ្រើសរើសបុគ្គលិកនោះ រួម​មាន ៖ ក្រុមហ៊ុន តៃ គី ( ខេមបូឌា ) ខូ អិល ធី ឌី , រោងចក្រ ជាំង ស៊ី៣ អិល មេ ឌីខល ប្រដាក់ គ្រុប ( ខេម បូឌា ), ក្រុមហ៊ុន Crown Beverage Cans Sihanouk Ville Limited, វិទ្យាស្ថាន ពហុបច្ចេកទេស មិត្ត​ភាព កម្ពុជា – ចិន ខេត្ត​ព្រះសីហនុ , គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ AMK, ក្រុមហ៊ុនទូពូអឺតេ កាប៊ីនេ ត ខេមបូឌា ឯ.ក ,រោងចក្រ​ផលិត​ដំណាប់​ផ្លែឈើ ហ្វ័រ ដា ( ខេមបូឌា ), ក្រុមហ៊ុន Carlsberg Cambodia, ក្រុមហ៊ុន ញូ គ្ល រី ប៊ែក និង ឡាក់ ហ្គេ ដ្យ ( ខេមបូឌា ) និង ក្រុមហ៊ុន​អន្តរជាតិ​ផលិត​ពូក បេស មែត ទ្រីស អ៊ីនធើណេសិនណល។

ដូច្នេះ បងប្អូន ប្រជាពលរដ្ឋ ទាំងអស់ ដែលកំពុងស្វែងរកការងារ ធ្វើ ឬ ចង់ផ្លាស់ប្ដូរការងារ កុំភ្លេច ត្រៀម និង យកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យផ្ទាល់ និង សម្ភាសន៍ផ្ទាល់ ជាមួយ អ្នក​តំណាង​ក្រុមហ៊ុន ចាប់ពី ម៉ោង​០៨និង​០០​នាទី​ព្រឹក ដល់ ម៉ោង​១២និង​០០​នាទី​ថ្ងៃត្រង់ នៅ​បរិវេណ សាលា​ស្រុក​ព្រៃនប់​ឲ្យ​បាន​ច្រើន​កុះករ​។

ដើម្បី​ទទួល​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​លេខ​ទូរសព្ទ ០១៧ ២៥៥ ៩៦៧/០៨១ ៨៥ ៦៦ ៥៥ ឬ គេហទំព័រ www.nea.gov.kh និង ទំព័រ facebook neakhmer ( អិន អ៊ី អេ ខ្មែរ )៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114